ពួកឧទ្ទាមនៅភ្នំកូកាសរុស្ស៊ីថ្លែងថាគេឥតពាក់ព័ន្ធនឹងភេរវកម្មនៅអាមេរិកឡើយ
ការបដិសេធនេះ គឺដើម្បីរំសាយក្តីសង្ស័យរបស់អាជ្ញាធរអាមេរិក ដែលថា បងប្អូនប្រុសពីរនាក់ មានដើមកំណើតជាជាតិឆេឆេនីនៃតំបន់ភ្នំកូកាសរុស្ស៊ី ដែលជាប់ចោទក្នុងការបំផ្ទុះគ្រាប់បែកនៅក្រុងអាមេរិក Boston កាលពីមួយសប្តាហ៏មុន បណ្តាលឲ្យស្លាប់ អស់មនុស្ស ៣នាក់និងរបួស ១៨០នាក់ គឺប្រហែលមានចំណងជាប់ជាយថាហេតុទៅនឹងមេភេរវករឈ្មោះ Dokou Oumarov នៃខេត្តរុស្ស៊ីនោះ។
ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយលើវេបសៃត៍ Kavkazcenter របស់ចលនាបះបោរនៅតំបន់ភ្នំកូកាសខាងជើងដើម្បីឯករាជ្យពីរុស្ស៊ី ទីបញ្ជាការរបស់ពួកឧទ្ទាមនៅ Daguestan ជាខេត្តនៅជាប់នឹង Tchetchenie សុទ្ធតែចំណុះសហព័ន្ធរុស្ស៊ីត្រង់តំបន់ភ្នំនោះ ប្រកាសថា ៖
ទី១-ពួកគេឥតជាប់ឈ្មោះប្រឡាក់សោះឡើយនឹងអំពើភេរវកម្មបំផ្ទុះ គ្រាប់បែកនៅត្រង់ទីផ្តាច់ព្រ័ត្រនៃការរត់ប្រណាំងម៉ារ៉ាតុងនៅ ក្រុងអាមេរិក Boston ។
ទី២-ពួកឧទ្ទាមនៅតំបន់ភ្នំកូកាស មិនធ្វើប្រតិបត្តិការយោធាប្រឆាំង ស.រ.អា. ឡើយ។
ទី៣- ពួកគេ តស៊ូប្រឆាំងតែនឹងរុស្ស៊ីប៉ុណ្ណោះ ដ្បិតរុស្ស៊ីជាប់ពិរុទ្ធមិនគ្រាន់តែចំពោះការកាន់កាប់ទឹកដីតំបន់ ភ្នំកូកាស ប៉ុណ្ណោះទេ តែ ក៏ចំពោះឧក្រិដ្ឋកម្មសែនរន្ធត់ទល់នឹងបណ្តាជនកាន់សាសនាអ៊ីស្លាមតែ ម្តង។
ម៉្លោះហើយ បានជាចលនាតស៊ូដើម្បីឯករាជ្យពីរុស្ស៊ីនៅតំបន់ភ្នំកូកាស អំពាវនាវឲ្យអាមេរិក ខ័ណ្ឌបញ្ចប់ទៅការបកស្រាយខុសអំពីចលនានេះ និងកុំធ្លាក់ខ្លួនទៅជួយឃោសនាឲ្យរុស្ស៊ីអី។ ចលនានេះ ថែមទាំងទូន្មានអាជ្ញាធរអាមេរិកាំង ឲ្យភ្ជង់ស្មារតីទៅលើរឿងដែលថា គឺចារកិច្ចរុស្ស៊ី ទេតើ ដែលអាច ជាប់ឈ្មោះប្រឡាក់នឹងភេរវកម្មនៅក្រុងBoston ប្រសិនបើ ក្រុងវ៉ាស៊ីនតោនចង់វែកមុខរកឲ្យឃើញពួកដែលចាត់ចែងមែនពិតការ បំផ្ទុះគ្រាប់បែកនៅក្រុងអាមេរិកនោះ។
តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ប៉ុន្មានថ្ងៃនេះ ប៉ូលីសអង្កេតអាមេរិក FBI ខំជីករក តើមានឬទេ
ចំណងរវាងបងប្អូនប្រុសពីរនាក់ដែលមានដើមកំណើតជាជាតិឆេឆេនី ត្រកូល Tsarnaev ដែលបានបំផ្ទុះគ្រាប់បែកនៅក្រុងអាមេរិក Boston និងចលនាពួកឧទ្ទាមអ៊ីស្លាមនិយមនៅតំបន់ភ្នំកូកាសដែលដឹកនាំដោយមេ ភេរវករជាតិឆេឆិន ឈ្មោះ Dokou Oumarov។
រីឯអាជ្ញាធររុស្ស៊ី ក្រោយពីធ្វើអង្កេតតើធ្លាប់មានឬទេចំណងរវាងបងប្អូនប្រុស Tsarnaev និងចលនាពួកឧទ្ទាមដែលចង់បង្កើតឡើង ជា ក្ស័ត្រប្រទេសអ៊ីស្លាម”ប្រចាំនៅតំបន់ភ្នំកូកាសរបស់រុស្ស៊ី សន្និដ្ឋានថា ចំណងនេះមិនធ្លាប់មានទេ។ ដំណឹងដែលមានផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax យោងទៅលើប្រភពក្នុងក្រសួងកម្លាំងខាងរក្សាសណ្តាប់ធ្នាប់នៅ រុស្ស៊ី។
បានប្រកាសខ្លួនឯងកាលក្នុងឆ្នាំ២០០៧ ជាប្រមុខនៃ “ក្ស័ត្រប្រទេសអ៊ីស្លាម”នោះគឺ ឈ្មោះ Dokou Oumarov ជាសត្រូវទី១ របស់រុស្ស៊ីដែលថែមទាំង ហ៊ានចេញមុខទទួលខុសត្រូវចំពោះអំពើភេរកម្មក្នុងមេត្រូក្រុងម៉ូស្គូ ថ្ងៃ២៩មីនាឆ្នាំ ២០១០ បណ្តាលឲ្យស្លាប់អស់ ៤០នាក់និងចំពោះការបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋាន Domodedovo រដ្ឋធានីរុស្ស៊ីថ្ងៃ២៤មករាឆ្នាំ ២០១១ ដែលបានផ្តាច់ជីវិតមនុស្សអស់ ៣៧នាក់ទៀត៕ដោយ កែវ ឆាយា(RFI)