នារី ដែលលេបថ្នាំសម្លាប់ខ្លួន ព្រោះឱពុកចុងរំលោភពេលនេះស្លាប់ហើយ
Cambodia News
ភ្នំពេញ៖ ក្មេងស្រីឈ្មោះ សុខ ស្រីពេជ្រ អាយុ១៧ឆ្នាំ មានផ្ទៃពោះជាង២ខែ បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ បន្ទាប់ពីក្មេងស្រីរូបនេះបានលេបថ្នាំសម្លាប់ខ្លួនកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣ នៅក្នុងភូមិជន្លាត់ដៃ ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ព្រោះតូចចិត្តនិងឪពុកចុងចាប់រំលោភរហូតមានផ្ទៃពោះ ហើយគូរដណ្តឹងសុំនាងផ្តាច់ពាក្យ។
ម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា សាកសពក្មេងស្រីត្រូវបានដឹកយកទៅធ្វើបុណ្យនៅក្នុងវត្តសន្សំកុសល ដោយសាររូបគាត់គ្មានលទ្ធិភាពជួលរថយន្តដឹកយកទៅធ្វើបុណ្យនៅ ស្រុកកំណើត។ ទាក់ទិននឹងការស្លាប់របស់ក្មេងស្រីមានផ្ទៃពោះ២ខែខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ចំពោះការតាមចាប់ខ្លួនឈ្មោះ រិន ត្រូវជាឪពុកចុងតិរិច្ឆាន រំលោភក្មេងស្រីអាយុ១៧ឆ្នាំ រហូតមានផ្ទៃពោះ។
ពេលនេះឪពុកចុងតិរិច្ឆាននោះកំពុងរត់គេចខ្លួនពីសមត្ថកិច្ច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមសាច់ញាតិក្មេងស្រីបានទទូច សុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនមនុស្សថោកទាប ដែលប្រព្រឹត្តិអំពើឥតកេរ្តិ៍ខ្មាស់ មកលើកូនស្រីខ្លួនឯង៕ ហេង នាង