កម្ពុជារៀបចំសន្និសីទសង្គមស៊ីវិលអាស៊ាន និងវេទិកាប្រជាជនអាស៊ាន
នៅថ្ងៃពុធ ទី២៨ មីនា ២០១២ នេះ ក្រុមមន្រ្តី និងបណ្តាអ្នកការទូតទាំងឡាយ បានចូលរួមអបអរសាទរសន្និសីទសង្គមស៊ីវិល និងវេទិកាប្រជាជនអាស៊ាន ក្រោមប្រធានបទ យើងជាប្រជាជនអាស៊ានរួមដៃគ្នាសម្រាប់សហគមន៍អាស៊ាន។
លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងទៅកាន់អ្នកចូលរួមឱ្យដឹងថា ការរៀបចំនេះដើម្បីធ្វើជាវេទិកាមួយសម្រាប់ប្រាស្រ័យទៅវិញទៅមករវាងប្រជាជន និងថ្នាក់ដឹកនាំរដ្ឋាភិបាលរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា អាស៊ានត្រូវកែលំអ និងថែរក្សាវប្បធម៌នៃភាពជាដៃគូ និងទំនាក់ទំនងរវាងអង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងយុវជន ខណៈពេលដែលយើងធ្វើដំណើរឆ្ពោះទៅកាន់អាស៊ានមួយដែលមានប្រជាជនជាស្នូលយ៉ាងពិតប្រាកដ និងរួបរួមគ្នាកសាងសហគមន៍អាស៊ានប្រកបដោយជោគជ័យ។
ប្រទេសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន ចាប់ពីថ្ងៃទី៣០ មីនា ដល់ថ្ងៃទី៤ មេសា២០១២ ៕