អឺរ៉ុប​និយាយ​សម្រាលចំពោះ​អវត្តមាន​របស់​ក្រុម​អ្នក​សង្កេតការ​​ពី​តំបន់​​​អសន្តិសុខ​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ប៉ាគីស្ថាន

សហភាព​អឺរ៉ុប​កំពុង​ដាក់ពង្រាយ​ក្រុម​ អ្នក​សង្កេត​ការដើម្បី​សង្កេត​មើល​ ដំណើរការ​បោះឆ្នោតនៅ​ក្នុង​ប្រទេស ប៉ាគីស្ថាន សម្រាប់​ការ​បោះឆ្នោត​ នា​ខែ​ឧសភា​របស់​ប្រទេស​នេះ។​ ប៉ុន្តែ មិនមាន​អ្នក​សង្កេតការ​ណាម្នាក់​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដែល​មានគ្រោះថ្នាក់​ខ្ពស់​របស់​ប្រទេ​សនេះ​ ទេ។ ស៊ែរ៉ន់ បិន (Sharon Behn) រាយការណ៍​មក​ពីទីក្រុង​អ៊ីស្លាមាបាដ (Islamabad) ស្តីពី​ផល ប៉ះពាល់ ដែល​ភាព​អវត្តមាន​របស់​សភាព​អឺរ៉ុបនៅ​ក្នុង​តំបន់​ទាំង​នោះ នឹងមាន​ទៅ​លើការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ស៊ីវិល​ទៅ​រដ្ឋាភិបាល​ស៊ីវិល​មួយ​ ទៀត​ ដំបូងបង្អស់​របស់​ប្រទេស ប៉ាគីស្ថាន តាម​រយៈ​ហិប​ឆ្នោត។
ប្រធានបេសកកម្មសង្កេតមើលការ ​បោះឆ្នោតរបស់​សហភាព​អឺរ៉ុបទៅ​កាន់​ប្រទេស ប៉ាគី ស្ថាន បាន​សារភាព​ថា គ្មាន​អ្នក​សង្កេតការណាម្នាក់​ក្នុង​ចំណោម​អ្នកសង្កេតការ​១១០​នាក់ ដែល​ត្រូវ​ទៅ​ធ្វើការនៅ​ប្រទេស ប៉ាគីស្ថាន ក្នុង​អំឡុងពេល​នៃ​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​១១​ ខែ​ឧសភា នឹង​មាន​វត្តមាន​នៅ​តាម​តំបន់​ដែល​មាន​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​ឡើយ។ ​
ប៉ុន្តែ ​លោកប្រធាន​បេសកកម្ម ម៉ៃឃើល ហ្គាលឺ (Michael Gahler) បាននិយាយ​សម្រាលអំពី​ផលប៉ះពាល់​ចំពោះ​ភាព​អវត្តមាន​របស់​សហភាព​អឺរ៉ុប​ នៅក្នុង​តំបន់​ទាំង​នោះ ដែលអាច​មាន​នៅ​ក្នុង​ការ​វាយ​តម្លៃទៅ​លើ​ដំណើរការ​បោះឆ្នោត​របស់​ប្រទេសនេះ ដោយ​ថ្លែង​ថា ក្រុម​អ្នក​សង្កេតការមូលដ្ឋាននឹង​មាន​វត្តមាន​នៅទីនោះ។​
«ខ្ញុំ ​គិត​ថា ការ​ពិត​ដែល​ថា ក្រុម​អ្នក​សង្កេតការ​មូលដ្ឋាន​ជាច្រើន​ក៏​នឹង​ស្ថិត​នៅ​នឹង​កន្លែងនោះ ផ្តល់​នូវ​ការ​ជឿ​ជាក់​សម្រាប់​ក្រុម​អ្នក​បោះឆ្នោតនៅ​តាម​តំបន់​ទាំង​នេះ ដែល​ថាពួកគេ​អាច​បោះ ឆ្នោត​ដោយ​សេរី។ នោះ​គឺ​ជា​ការ​ជឿជាក់​របស់​ខ្ញុំ»។​
សកម្ម ​ជន​សិទ្ធិ​មនុស្ស​ តាហ៊ីរ៉ា អាប់ឌុលឡោះ (Tahira Abdullah) ថ្លែង​ថា គណៈកម្មាធិការ​សិទ្ធិមនុស្សរបស់​ប៉ាគីស្ថាន (Human Rights Commission of Pakistan) និង​ក្រុម​អ្នក​សង្កេត​ការជាតិ​ឯករាជ្យ​ដទៃ​ទៀត ដូចជា​បណ្តាញ​បោះឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌ (Free and Fair Election Network) នឹង​មាន​វត្តមាន​នៅ​ក្នុង​តំបន់​ដែល​មាន​គ្រោះ​ថ្នាក់​ខ្ពស់។
ប៉ុន្តែ​លោកស្រី និយាយ​ថា ​អវត្តមាន​របស់​បេសកកម្មសង្កេត​ការ​របស់​សហភាព​អឺរ៉ុប​នៅ​តាម​តំបន់​ទាំង​នោះ នឹងមាន​ផលប៉ះពាល់​យ៉ាងខ្លាំង។
«សហភាព ​អឺរ៉ុប​នឹងមានចន្លោះ​ប្រហោង​យ៉ាង​ធំធេងមួយ​នៅ​ក្នុង​របាយការណ៍​របស់​ ខ្លួន​។ ខ្ញុំ​សូម​គូស​បញ្ជាក់នៅ​ត្រង់​នេះ​ថា បណ្តាតំបន់​ ដែល​ពួកគេ​នឹង​មិន​ធ្វើ​ដំណើរ​ទៅនោះ គឺជា​តំបន់​តែមួយ​ដូចគ្នា ដែល​ស្ត្រី​កំពុង​ត្រូវបាន​រារាំងមិនឲ្យ​បោះឆ្នោត»។
បើយោងតាម ​គណៈកម្មការរៀបចំ​ការបោះឆ្នោត​របស់​ប៉ាគីស្ថាន ​ក្រុម​អ្នក​បោះឆ្នោត ចន្លោះ​ពី​១០ទៅ​១៥​លាននាក់ក្នុង​ចំណោម​ក្រុម​អ្នក​ បោះឆ្នោត​ចំនួន​៨៥​លាននាក់ រស់នៅ​ក្នុង​តំបន់​ដែល​ត្រូវ​បាន​ហៅ​ថាមានភាព​ងាយ​ទទួលរងគ្រោះ​របស់​ ប៉ាគីស្ថាន។​តំបន់​ទាំងនោះ​រួមមាន តំបន់​កុលសម្ព័ន្ធដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​សហព័ន្ធ នៅ​តាម​ព្រំដែន​ភាគ​ពាយព្យ​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន (Afghanistan) ​ខេត្ត​ភាគខាងត្បូង បាលុសជីស្ថាន (Baluchistan) ដែល​ប្រកប​ដោយ​ភាព​ចលាចល និង​តំបន់​មួយ​ចំនួន​ទៀត​នៃ​ទីក្រុង ការ៉ាជី​ (Karachi) ដែលប្រកបដោយ​ភាព​ហិង្សា។​
លោក ​ស្រី លីណា លីនប៊ើក (Lena Lindberg) នាយិកា​ប្រចាំ​ប្រទេស​សម្រាប់​ស្ត្រី​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ ប្រទេស​ប៉ាគីស្ថាន បាន​ប្រាប់​វីអូអេថា ​នៅ​តាម​តំបន់​មួយចំនួន​ដែល​មានគ្រោះថ្នាក់​ខ្ពស់​ ពួក​ជ្រុល​និយមបាន​គំរាមកំហែង​ស្ត្រី​ទាំងឡាយ​ណា ដែល​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត។​ ប៉ុន្តែ​ លោកស្ត្រីនិយាយថា នេះ​ជាលើក​ទី​មួយ​ហើយ ដែល​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត នឹងបំបែកសន្លឹក​ឆ្នោត​ទៅ​តាម​ភេទ។​
« ​អាស្រ័យ​ហេតុ​នេះ​ហើយ ឥឡូវនេះ​យើង​នឹង​មាន​លទ្ធភាព​ដឹងច្បាស់ថាតើ​មាន​ស្ត្រី​ចំនួន​ប៉ុន្មាន​នាក់ ​បានទៅបោះឆ្នោត ​ដែល​មិន​គ្រាន់​តែ​សម្រាប់​ប្រទេស​ទាំងមូល និង​សម្រាប់​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោតជារួម​ប៉ុណ្ណោះទេ ប៉ុន្តែ​សម្រាប់​គ្រប់​ស្ថានីយ​បោះឆ្នោត​ទាំង​អស់។ ដូច្នេះ​ ចាប់​ពី​ឥឡូវនេះ​ទៅ​ វា​នឹង​អាច​មានលទ្ធភាពដឹងច្បាស់​ថាតើ​មានស្ថានីយ​បោះឆ្នោត​ប៉ុន្មាន​ដែល​ ស្ទើរ​តែ​គ្មាន​ស្ត្រី​ទៅ​បោះឆ្នោត ឬ​ដែល​ប្រហែល​ជា​គ្មាន​ស្ត្រី​សោះតែម្តង។ »
លទ្ធភាព​នោះ​នឹង​អនុញ្ញាត​ឲ្យ​ប៉ាគីស្ថាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់ទៅលើ​តំបន់​ទាំង​នោះ​ នៅ​ក្នុង​ការ​បោះឆ្នោត​នាពេល​អនាគត។​
បើយោងតាមក្រសួង ​ការ​បរទេស​របស់​ប៉ាគីស្ថាន ក្រៅ​ពីសហភាព​អឺរ៉ុប វិទ្យាស្ថានដើម្បី​លទ្ធិ ប្រជាធិបតេយ្យ​ជាតិ​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក កំពុង​រៀបចំ​ក្រុមអ្នក​សង្កេតការ​អន្តរជាតិ​ចំនួន​៥៧​នាក់​សម្រាប់រយៈពេល​ ខ្លី​និង​វែង។ រដ្ឋាភិបាល​មួយ​ចំនួន ដោយ​រាប់​បញ្ចូល​ទាំង​សហរដ្ឋ​អាមេរិក ជប៉ុន និង​ទួរគីផង​ ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ជូន​អ្នក​សង្កេតការ​របស់​ខ្លួន​ទៅទី​នោះ​ ដែរ៕ ប្រែសម្រួល​ដោយ លី សុខ​ឃាង (VOA)

Related Articles

Back to top button
Close
Close