ភាពគាំងដំណើរផ្នែកសន្តិសុខរបស់អេហ្សីប នាំឱ្យមានយុត្តិធម៌បែបហ្វូងមនុស្សឥតសណ្តាប់ធ្នាប់ និងការដើរល្បាតរបស់ប្រជាពលរដ្ឋ
ខណៈពេលដែលស្ថានភាពសន្តិសុខនៅក្នុង ប្រទេសអេហ្សីប បន្តធ្លាក់ចុះ ដុនដាប់ខ្លាំងឡើងៗ ប្រជាពលរដ្ឋកាន់តែកើនឡើង បានប្រព្រឹត្តអំពើហិង្សាដោយខុសច្បាប់។
នៅក្នុងសង្កាត់មួយចំនួននៅទូទាំងទីក្រុងគៀរនិងនៅទូទាំងប្រទេសប្រជាពល រដ្ឋបានជំនួសឲ្យការខ្វះខាតការការពារពីសំណាក់ក្រុមប៉ូលីស ដោយបានបង្កើតទៅជាក្រុមឃ្លាំមើលជាច្រើន។ នៅក្នុងសង្កាត់ផ្សេងៗទៀត ក្រុមមេដឹកនាំអ៊ីស្លាមនិយម បានចាប់ផ្តើមមានឥទ្ធិពល ដោយបានអំពាវនាវឱ្យមានកងជីវពល ក្រៅផ្លូវការ ដើម្បីផ្តល់សន្តិសុខនៅពេលចាំបាច់។
លោក តារីក បឺឌីរ៍ (Tarek Bedir) នៃអង្គការអភិរក្សនិយម ហ្គាម៉ាអា អ៊ីស្លាមី យ៉ា (Gama’a Islamiya) បានដាក់បញ្ចូលគ្នានូវកងជីវពលក្រៅផ្លូវការមួយ នៅក្នុងកំឡុងពេលវាយប្រហាររបស់ក្រុមប៉ូលីស នាពេលថ្មីៗនេះ។
លោក បឺឌីរ៍ (Bedir) ពន្យល់ថា ក្រុមរបស់លោកនឹងចូលអន្តរាគមន៍ដើម្បីការពារជីវិតមនុស្ស និងទ្រព្យសម្បត្តិទាំងរបស់ប្រជាពលរដ្ឋ និងរបស់រដ្ឋ ប្រសិនបើក្រុមប៉ូលីសមិនត្រឡប់មកវិញ ហើយធ្វើកិច្ចការរបស់ពួកគេទេនោះ។ ក្រុមរបស់លោក ដែលឥឡូវនេះគឺជាផ្នែកមួយនៃរចនាសម្ព័ន្ធនយោបាយរបស់ប្រទេសអេហ្សីប ក្រោយបដិវត្តន៍ ត្រូវបាន សហរដ្ឋអាមេរិកចាត់ទុកថាជាក្រុមភេរវករមួយ។
ការដើរយាម ល្បាតការពារសន្តិសុខក្រៅផ្លូវការរបៀបនេះ គឺជាជម្រើសចំពោះ កម្លាំងប៉ូលីសរបស់ប្រទេសអេហ្សីប ដែលទទួលរងការស្តីបន្ទោសជាយូរមក ហើយ។ កម្លាំងនេះបានបាត់រូបរាងភាគច្រើន បន្ទាប់ពីបដិវត្តន៍ឆ្នាំ២០១១។ ប៉ូលីសជាច្រើនដែលនៅទីបំផុតបានវិលត្រឡប់មកវិញ ត្អូញត្អែរថា ពួកគេជួបប្រទះនូវការ ប្រព្រឹត្តមកលើមិនល្អ ទទួលបានប្រាក់ខែមិនសមរម្យ មិនមានអាវុធគ្រប់គ្រាន់ និងត្រូវបានដាក់ឱ្យប្រឈមមុខយ៉ាងធ្ងន់ធ្ងរ ទៅនឹងភាពចលាចលនយោបាយរបស់ប្រទេសនេះ។ ជាថ្មីម្តងទៀត ប៉ូលីសជាច្រើនបានដើរចេញពីការងាររបស់ខ្លួន។ នៅក្នុងសប្តាហ៍នេះ រដ្ឋអាជ្ញារជាន់ខ្ពស់របស់អេហ្សីប លោក តាឡាត អាប់ឌុលឡោះ (Talat Abdullah) បានជំរុញឱ្យប្រជាពលរដ្ឋអេហ្សីបសាមញ្ញ ចូលធ្វើអន្តរាគមន៍ដើម្បីបំពេញចន្លោះប្រហោងនេះ។
មន្រ្តីប៉ូលីសមួយរូបគឺ លោក អ៊ីស្លាម ម៉ាប្រូក (Islam Mabrouk) គិតថា នេះជាគំនិតដ៏អាក្រក់មួយ។
លោក និយាយថា លោកអគ្គរដ្ឋអាជ្ញាធ្វើមិនត្រឹមត្រូវទេ នៅពេលដែលលោកអនុញ្ញាតិឱ្យប្រជាពលរដ្ឋ នូវសិទ្ធិក្នុងការចាប់ខ្លួនគ្នាទៅវិញទៅ មក ពីព្រោះវាបានប្រែក្លាយមនុស្សគ្រប់រូបទៅជាប៉ូលីស។ លោក ម៉ាប្រូក និយាយថា ឥឡូវនេះ មនុស្សគ្រប់រូបអាចចាប់ខ្លួនមនុស្សនៅតាមផ្លូវបាន។ បើពុំដូច្នោះទេ កាន់តែអាក្រក់ជាងនេះទៅទៀត គឺថា ការដាក់ទណ្ឌកម្មដោយហ្វូងមនុស្សទៅលើជនសង្ស័យពីរនាក់ នៅក្នុងទីក្រុង នីលឌែលតា (Nile Delta) បានជំរុញឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក អាមេដ មីកគី (Ahmed Mekki) និយាយថា វាគឺជាសញ្ញាមួយនៃការស្លាប់របស់រដ្ឋ។
លោក ហេបា ម៉ូរ៉ាយ៉េហ្វ (Heba Morayef) នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងទីក្រុង ឃារ៉ូ ក៏មានការព្រួយបារម្ភផងដែរ អំពីនិន្នាការដែលជនស៊ីវិលដឹក នាំក្នុងបញ្ហាសន្តិសុខបែបនេះ។
«អាជ្ញាប័ណ្ណ ថ្មីនេះ ដែលត្រូវបានផ្តល់ឱ្យប្រជាពលរដ្ឋឯកជន ដើម្បីចូល រួមក្នុងអំពើហិង្សា គឺកាន់តែមានសភាពគ្រោះថ្នាក់ថែមទៀត។ ពីព្រោះអ្នកឃើញទេអំពីភាពខ្សោយនៃតួនាទីរបស់រដ្ឋ ហើយនិយាយដោយស្មោះត្រង់ទៅ ប្រការនេះបើកឱកាសសម្រាប់ក្រុមហ្វូងឥតច្បាប់ទម្លាប់ ដែលកំពុងតែកើនឡើង ហើយនេះមិនមែនជាបរិស្ថានប្រកបដោយផាសុកមួយនោះទេ នៅក្នុងការការពារសិទ្ធិនៅទីបញ្ចប់នោះ។»
ខណៈពេល ដែលប្រជាពលរដ្ឋអេហ្សីបមួយចំនួន បានអំពាវនាវឱ្យមានអន្តរាគមន៍យោធា លោក ម៉ូរ៉ាយេហ្វ និយាយថា វាមានភាពប្រសើរជាង ក្នុងការផ្តោតការយកចិត្តទុកដាក់ ទៅលើការធ្វើកំណែទម្រង់ប៉ូលីស ឱ្យទៅជាកងកម្លាំងប្រកបដោយការទទួលខុសត្រូវ។
«មិនមាន អ្វីមួយបានកើតឡើងនៅឡើយទេ ប៉ុន្តែ យ៉ាងហោចណាស់ អ្នកកំពុងដោះស្រាយជាមួយនឹងបញ្ហាកម្លាំងប៉ូលីស ហើយវាអាចជាការសម្រេចចិត្តពីលើទៅក្រោម ដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ប៉ូលីស នៅក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់មកទៀត នៅទីបញ្ចប់។»
ប៉ុន្តែ ដោយមានទិដ្ឋភាពនយោបាយរបស់អេហ្សីបនៅក្នុងសភាពជាប់គាំង សេចក្តីសម្រេចចិត្តដើម្បីចាប់ផ្តើមដំណើរការនេះ ហាក់ដូចជានៅឆ្ងាយណាស់៕
ប្រែសម្រួលដោយ ឌី ខាំបូលី (VOA)