ពន្លឺភ្លើងនៅតំបន់ប្រាសាទអង្គរនាពេលរាត្រី
ហង្ស សុខារ៉ូ និង រុំ មូលីកា
សៀមរាប៖ បន្ទាប់ពីព្រះសុរិយាអស្តង្គត នៅតាមសងខាងផ្លូវសំខាន់ៗក្នុងតំបន់ប្រាសាទអង្គរតូច និងអង្គរធំ ពន្លឺពណ៌មាសបានបំភ្លឺជំនួសវិញ។ ពន្លឺនេះ ជាពន្លឺភ្លើងអគ្គិសនី ដែលត្រូវបានដាក់តុបតែងបំភ្លឺពេលរាត្រី សម្រាប់កម្មវិធីអង្គរសង្រ្កាន្ត ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
នៅតាមដងវិថីចាប់ពីប្រាសាទអង្គរវត្តរហូតដល់ទីតាំងប្រាសាទបាយ័ន ឆ្ពោះទៅទីលានជល់ដំរី អំពូលភ្លើងរាប់ពាន់គ្រាប់ត្រូវបានបំពាក់ និងមានរចនាតាមបែបបុរាណ ដើម្បីដាក់បំភ្លឺផង និងបង្កើតសម្រស់នៅក្នុងក្រុងអង្គរនាពេលរាត្រីឲ្យកាន់តែមានភាពអស្ចារ្យ និងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ ‘អង្គរសង្រ្កាន្ត’ ផង។
លោក ឆាន់ សុភាព អ្នកសម្របសម្រួលព្រឹត្តិការណ៍ បានឲ្យដឹងថា ការតុបតែងភ្លើងនៅតំបន់អង្គរនៅពេលនេះត្រូវបានបែងចែកជាពីរប្រភេទ គឺពន្លឺលម្អទីតាំងរួម និងពន្លឺលម្អប្រាសាទ ដែលមានប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។
លោកបានបញ្ជាក់ថា “ភ្លើង ដែលយើងប្រើមានលក្ខណៈអភិរក្សបន្តិច គឺមានន័យថា យើងអត់លេងពណ៌ទេ ដោយយើងប្រើតែពណ៌មាស និងពណ៌ស ហើយពន្លិចជាស្រមោលឲ្យស្រទន់ស្របតាមបរិយាកាសនៃបុណ្យសាសនា”។
លោកបានបន្តថា ការបញ្ចាំងភ្លើងបំភ្លឺតំបន់អង្គរ ធ្លាប់បានធ្វើរួចមកហើយកាលពីពេលកន្លងទៅ ប៉ុន្តែអ្វីដែលធ្វើឲ្យមានការប្លែក និងគួរឲ្យទាក់ទាញនៅក្នុងព្រឹត្តិការណ៍នេះគឺពណ៌ភ្លើងមានលក្ខណៈអភិរក្សនិយម។
គួរបញ្ជាក់ដែរថា ការបំភ្លឺភ្លើងនៅតំបន់អង្គរនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ដើម្បីអបអសាទរទេវតាឆ្នាំថ្មី និងដើម្បីជួយធ្វើឲ្យកម្មវិធី ‘អង្គរសង្រ្កាន្ត’ ប្រព្រឹត្តិទៅដោយជោគជ័យ។ ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ដ៏ធំលើកដំបូងសម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មី ដែលសហភាពសហព័ន្ធយុវជនកម្ពុជារៀបចំឡើង ក្រោមកិច្ចសហការពីក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ ក្រសួងទេសចរណ៍ ក្រសួងអប់រំយុវជន និងកីឡា អាជ្ញាធរអប្សរា អាជ្ញាធរខេត្តសៀមរាប និងវិស័យឯកជននានា៕