បួងសួងសុំសេចក្តីសុខដល់ព្រឹត្តិការណ៍ ‘អង្គរសង្រ្កាន្ត’
សំ ច័ន្ទម៉ាលីនី និង អាន ដាញ់ស៊ីប៉ូ
សៀមរាប៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំពិធីបួងសួងសុំសេចក្តីសុខ និងជ័យជំនះដល់ព្រឹត្តិការណ៍ ‘អង្គរសង្រ្កាន្ត’ ឆ្នាំ ២០១៣ ដែលបានប្រារព្ធឡើងនៅក្នុងបរិវេណប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី១៣ មេសា នេះ។
ពិធីនេះបានធ្វើឡើងតាមបែបសាសនា និងទំនៀមទម្លាប់របស់ខ្មែរ មុននឹងប្រារព្ធព្រឹត្តិការណ៍ ‘អង្គរសង្រ្កាន្ត’ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងចូលរួមលើកស្ទួយវប្បធម៌ជាតិឲ្យកាន់តែខ្ពស់ត្រដែត ក្នុងចំណោមប្រជាជនកម្ពុជា ក៏ដូចជាលើពិភពលោក។
លោក សំហេង បុរស អ្នកសម្របសម្រួលព្រឹត្តិការណ៍ ‘អង្គរសង្រ្កាន្ត’ បានរៀបរាប់ថា “តាមទំនៀមទំលាប់ប្រពៃណីសាសនារបស់យើង [ខ្មែរ] គឺរាល់ការរៀបចំព្រឹតិ្តការណ៍អ្វី និងពិធីអ្វីក៏ដោយ ឬក៏សាងសង់អ្វីមួយ គឺយើងតែងតែរៀបចំពិធីបួងសួងតាមបែបសាសនាដើម្បីសុំសេចក្តីសុខសប្បាយ”។
‘អង្គរសង្រ្កាន្ត’ ជាព្រឹត្តិការណ៍បែបប្រពៃណីវប្បធម៌ដ៏ធំមួយ មិនធ្លាប់មានពីមុនមក ដែលត្រូវបានរៀបចំឡើងដោយ ស.ស.យ.ក សហការជាមួយក្រសួងស្ថាប័នក្រុមហ៊ុននិងដៃគូជាច្រើន និង ប្រព្រឹត្តទៅនៅតំបន់ឧទ្យានអង្គរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ។ បើតាមការឲ្យដឹងពីអ្នករៀបចំកម្មវិធីបានឲ្យដឹងថា ទីតាំងសំខាន់ៗមួយចំនួនត្រូវបានជ្រើសរើសជាកន្លែងដ៏សំខាន់សម្រាប់ពិធី ដូចជា ប្រាសាទអង្គរវត្ត និងទីលានខាងមុខប្រាសាទ រួមទាំងតំបន់ត្រពាំងសេស, ប្រាសាទបាយ័ន, និងទីលានជល់ដំរី ។
លោក សំហេង បុរស បានបញ្ជាក់ថា ការសម្រេចចិត្តជ្រើសយកប្រាសាទអង្គរវត្តជាទីតាំងសម្រាប់ពិធីបួងសួងនេះ ព្រោះ ស.ស.យ.ក ចង់បង្ហាញប្រាសាទអង្គរវត្តដែលជាបេតិកភ័ណ្ឌពិភពលោកដល់ភ្ញៀវជាតិនិងអន្តរជាតិ។
គួរបញ្ជាក់ដែរថា ពិធីបួងសួងនេះក៏ត្រួវបានចូលរួមយ៉ាងអធិកអធមពីសំណាក់លោក ស៊ូ ភីរិន្ទ អភិបាលខេត្តសៀមរាប លោកប្រធានក្រុមប្រឹក្សាខេត្ត លោក សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំ អ្នកមុខអ្នកការជាច្រើនរួប អញ្ជើញមកពីគណៈកម្មាធិការកណ្តាល និងមន្ត្រីនៃ ស.ស.យ.ក មន្ទីរនិងអង្គភាពផ្សេងៗទៀតនៅក្នុងខេត្តសៀមរាប ព្រមទាំងសិល្បករ សិល្បការនី ជានាដកា រាំច្រៀងបួងសួង និងយុវជនស្ម័គ្រចិត្តជាក្រុមការងារជាច្រើនរយនាក់៕