នៅក្នុងឆ្នាំ ២០១៣ករណីជួញដូរមនុស្សមានការកើនឡើង
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ អង្គការ ADHOC បានធ្វើសន្និសីទព័ត៌មាន ដោយចេញរបាយការណ៍មួយស្ដីពីបញ្ហាចំណាកស្រុក ក្នុងរយៈពេលបីខែដំបូងក្នុងឆ្នាំ២០១៣នេះដែលមាន៥៥ករណីបានដាក់ ពាក្យប្ដឹងពីបទជួញដូរពលករឲ្យទៅការនៅបរទេស។
អង្គការសិទ្ធិមនុស្ស ADHOC បានសម្ដែងពីបញ្ហាចំណាកស្រុករបស់ប្រជាពលរដ្ឋកម្ពុជា ខណៈចំនួននេះនៅតែមានការកើនឡើងនៅឡើយពាក់ព័ន្ធនឹងការជួញដូរ មនុស្សរយៈពេលបីខែនៃឆ្នាំ២០១៣ ។
យោងតាមរបាយការណ៍អង្គការ ADHOC ឲ្យដឹងថា មានការជួញដូរពលករទៅធ្វើការនៅបរទេសចំនួន ៥៥ ករណីដែលប៉ះពាល់ដល់ជនរងគ្រោះ១២១នាក់ដែលក្នុងនោះមានស្រ្តី៥៨ នាក់ និងក្មេង៥នាក់ផងដែរ។ ករណីនេះបានកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានករណីជួញដូរមនុស្ស តែចំនួន១៦ករណីប៉ុណ្ណោះ។
ប្រធានអង្គការ ADHOC លោក ធន សារាយ បានថ្លែងថា រដ្ឋាភិបាលបានប្រកាសថា មានការខ្វះខាតកម្លាំងពលកម្មនៅក្នុងស្រុក តែនៅតែមានកម្មករចំណាកស្រុកជាច្រើនធ្វើដំណើរទៅធ្វើការនៅបរ ទេសដដែល ព្រោះលក្ខខណ្ឌការងារនៅកម្ពុជាខុសប្លែកពីបរទេស។
លោក ធន សារាយ បានបន្ថែមថា អង្គការ ADHOC សូមអំពាវនាវឲ្យតាមចាប់ខ្លួនមេខ្យល់ដែលតែងតែបោកប្រាស់និង បញ្ចុះបញ្ចូលពលករឲ្យទៅធ្វើការនៅក្រៅប្រទេស និងកាត់យកតម្លៃលិខិតឆ្លងដែនដើម្បីចៀសវាងការឆ្លងដែនខុសច្បាប់ របស់ពលករចំណាកស្រុក។
ជាមួយគ្នានោះអនុប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ លោក ជីវ ផល្លី បានមានប្រសាសន៍ថា នគរបាលតែងតែសួរនាំពួកគេដើម្បីតាមរកចាប់មេខ្យល់ដើម្បីជួយពល ករទាំងនោះ។ នគរបាលនៅតែបន្តធ្វើការស៊ើបអង្កេត។
យោងតាមរបាយការណ៍នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា មានមេខ្យល់ចំនួន២០នាក់ត្រូវបានគេស្គាល់ពីអត្តសញ្ញាណកាល ពីឆ្នាំ២០១២ដែល៨នាក់ក្នុងចំណោមពួកគេត្រូវបានបញ្ជូនទៅតុលាការ ហើយ១២នាក់កំពុងរៀបចំឯកសារបញ្ជូនទៅតុលាការ៕