ជីជី និងរឿងរ៉ាវទាក់ទិននឹងអ្នកឲ្យលុយពីក្រោយ
Cambodia News
ភ្នំពេញ៖ ជីជី បានចេញមុខអះអាងថា នាងមិនបានទទួលការឧបត្ថម្ភជ្រោមជ្រែងពីនរណាម្នាក់ដូចអ្វីដែល ព័ត៌មានបានចុះផ្សាយនាពេលកន្លងមកនោះទេ។ ដូច្នេះហើយ នាងស្នើសុំឲ្យបញ្ចប់រឿងនេះត្រឹមប៉ុណ្ណឹង។
នាង ពេជ្រ សូលីដា ហៅ ជីជី ថ្លែងបញ្ជាក់ដូច្នេះ ខណៈមុននេះបន្តិច មានការចុះផ្សាយមួយប្រាវថា ពិធីការិនីប្រចាំកម្មវិធីរាត្រីកម្សាន្តនៃស្ថានីយទូរទស្សន៍CTN រូបនេះ មានអ្នកមានស្ដុកស្ដម្ភម្នាក់កំពុងតាមស្រលាញ់ និងជួយជ្រោមជ្រែងសព្វបែបយ៉ាងពីក្រោយ។ នៅក្នុងព័ត៌មានដដែលនោះ ក៏បានបញ្ជាក់ថា បុរសដែលជា អ្នកឧបត្ថម្ភពីក្រោយនាង ជីជី នោះមានវ័យចាស់ជាងនាងច្រើនឆ្នាំថែមទៀតផង។
ទោះ ជាយ៉ាងនេះក្តី ជីជី បានថ្លែងបដិសេធទាំងស្រុងចំពោះរឿងរ៉ាវដែលបានចុះផ្សាយនាពេលកន្លងមក ។ នាងបានបញ្ជាក់ថា ការចុះផ្សាយនោះ ជាព័ត៌មានមិនពិតនោះឡើយ ហើយនាងក៏ធ្លាប់បានបដិសេធម្ដងជាពីរដងហើយដែរ។
នាពេលកន្លងមក អាជីពជាពិធីការិនីរបស់ ជីជី ធ្លាប់ជួបបញ្ហាពាក់ព័ន្ធទៅនឹងការបញ្ចេញសំឡេង ហើយមានពាក្យពេចន៍មួយចំនួនពិបាកស្ដាប់យ៉ាងខ្លាំង។ តាមរយៈបទពិសោធន៍ការងារមួយរយៈកន្លងមកនេះ គេសង្កេតឃើញថា នាងហាក់មានការរីកចម្រើនគួរកត់សម្គាល់ដោយទស្សនិកជនពោលសរសើរថា ជីជី និយាយបានច្បាស់ជាងមុន។
ទោះបីជាយ៉ាងណា ក៏មានរឿងរ៉ាវមួយចំនួនគួរកត់សម្គាល់ គឺជីវិតរបស់ស្រីតូចច្រឡឹងរូបនេះ ហាក់ដូចជាត្រូវបោកបក់ទៅដោយព័ត៌មានមិនល្អទាក់ទងទៅនឹងរឿងរ៉ាវ ស្នេហាជាបន្តបន្ទាប់ មិនចាញ់បងស្រីរបស់នាង ពេជ្រ សូលីដា ឡើយ។ ប៉ុន្តែ រឿងរ៉ាវមួយចំនួនក៏បានសាបរលាបទៅវិញហើយដែរ ក្រោយពេលដែលស្រីស្អាតរូបនេះមានភាពក្លាហានចេញមុខបកស្រាយជា សាធារណៈ និងចំពោះមុខអ្នកកាសែត៕ ស.រ