កូរ៉េខាងជើង៖ ជនបរទេសត្រូវតែចាកចេញពីកូរ៉េខាងត្បូងមុនសង្រ្គាមនុយក្លេអ៊ែរ
តើ កូរ៉េខាងជើងពិតជាត្រៀមខ្លួន ដើម្បីបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េមែន ឬយ៉ាងណា ?។ នេះជាសំណួរមួយដែលនៅមិនទាន់មានចម្លើយជាក់ច្បាស់ទេ។ អ្វីដែលគេដឹង ពីមួយថ្ងៃ ទៅមួយថ្ងៃ របបក្រុងព្យុងយ៉ាងកំពុងបន្តយកសង្រ្គាមនុយក្លេអ៊ែរមកកំញើញសហគមន៍ អន្តរជាតិ។
ជាថ្មីម្តងទៀតនៅថ្ងៃអង្គារ ទី៩ មេសានេះ កូរ៉េខាងជើងបានអំពាវនាវឲ្យជនបរទេសទំាងអស់ផ្តើមវិចបង្វេចចាកចេញពី ទឹកដីកូរ៉េខាងត្បូង មុននឹងខ្លួនចាប់ផ្តើមធ្វើសង្រ្គាមនុយក្លេអ៊ែរ។ ទន្ទឹមគ្នានេះ របបក្រុងព្យុងយ៉ាងក៏បានគំរាមជម្លៀសបុគ្គលិក កម្មកររបស់ខ្លួនទំាងអស់ចេញពីតំបន់ឧស្សាហកម្ម Kaesng ដែរ។
« ឧបទ្វីប កូរ៉េកំពុងធ្វើដំណើរឆ្ពោះទៅកាន់សង្រ្គាមនុយក្លេអ៊ែរ » នេះជាការបញ្ជាក់របស់គណៈកម្មាធិការកូរ៉េខាងជើងដើម្បីសន្តិភាពតំបន់ អាស៊ីប៉ាស៊ីហ្វិកនៅក្នុងសេចក្តីជូនដំណឹងមួយផ្សព្វផ្សាយដោយ ទីភ្នាក់ងារផ្លូវការរបស់ទីក្រុងព្យុងយ៉ាង។ សេចក្តីជូនដំណឹងដដែលបានបន្ថែមថា នៅក្នុងករណីដែលមានសង្រ្គាមផ្ទុះឡើង កូរ៉េខាងជើងមិនចង់ឃើញជនបរទេសដែលរស់នៅក្នុងទឹកដីកូរ៉េខាងត្បូង ក្លាយជាផ្ទំាងស៊ីបនោះទេ។ គួរជម្រាបជូនថា ការអំពាវនាវស្រដៀងគ្នានេះធ្លាប់បានធ្វើម្តងហើយកាលពីថ្ងៃសុក្រ សប្តាហ៍កន្លងទៅ ដោយរបបកុម្មុយនិស្តក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនមិនអាចធានាសន្តិសុខចំពោះបេសកកម្មការទូតបរទេសនៅក្នុងទីក្រុង ព្យុងយាងបានឡើយចាប់ពីថ្ងៃទី ១០ មេសា។ ចាប់ពីថ្ងៃទី១០ មេសាដែលកូរ៉េខាងជើងអាចនឹងធ្វើការសាក ល្បងនុយក្លេអ៊ែរ ឬមួយក៏បាញ់សាកល្បងគ្រាប់មីស៊ីលជាថ្មី។
តែយ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់ឃើញមានប្រទេសណាមួយដែលមានបេសកកម្មការទូតនៅ កូរ៉េខាងជើងចាប់ផ្តើមវិចបង្វេចចាកចេញពីទីក្រុងព្យុងយ៉ាងនៅឡើយទេ។ មូលហេតុ មកពីពួកគេមិនជឿ និងបានចាត់ទុកការគំរាមកំហែងរបស់កូរ៉េខាងជើងថា មានតែទ្រឹស្តីហូរដូចទឹក គ្មានការពិតនៅត្រង់កន្លែងណាមួយទេ។ ពិតណាស់ថា ភាពតានតឹងហាក់ដូចជាបានឡើងដល់កំពូលនៅឧបទ្វីបកូរ៉េ តំាងពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់រ៉ូកែតក្នុងខែធ្នូ ឆ្នំា ២០១២កន្លងទៅ និងការសាកល្បងនុយក្លេអ៊ែរលើកទី៣ប្រកបដោយជោគ ជ័យកាលពីខែកុម្ភៈ ពិសេសក្នុងពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើសមយុទ្ធរួមគ្នានៅពេលនេះ។ សមយុទ្ធដែលគ្រោងនឹងបិទបញ្ចប់នៅដំណាច់ខែមេសានេះ។
តើកូរ៉េខាងជើងពិតជាត្រៀមខ្លួនដើម្បីបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរនៅ ឧបទ្វីបកូរ៉េមែន ឬយ៉ាងណា ?។ នេះជាសំណួរមួយដែលនៅមិនទាន់មានចម្លើយជាក់ច្បាស់ទេ។ អ្វីដែលច្បាស់ ទំាងអាមេរិក និងជប៉ុនហាក់ដូចជាមិនបានមើលស្រាលចំពោះការគំរាមកំហែងរបស់ កូរ៉េខាងជើងទេ។ នៅថ្ងៃនេះ និងដើម្បីប្រឆំាងទប់នឹងគ្រាប់មីស៊ីលកូរ៉េខាងជើងជាយថាហេតុ ជប៉ុនបានដាក់ពង្រាយគ្រាប់មីស៊ីល Patriot នៅប៉ែកកណ្តាលទីក្រុងតូក្យូ និងគ្រោងដំឡើងប្រព័ន្ធខែលមីស៊ីលប្រឆំាងមីស៊ីលនៅកោះអូគីណាវ៉ាស្ថិត ប៉ែកខាងត្បូងប្រទេស។
ទាក់ទងនឹងការបិទច្រកចេញ ចូលជាបណ្តោះអាសន្នតំបន់ឧស្សាហកម្ម Kaesong និងការគំរាមជម្លៀសបុគ្គលិក កម្មករកូរ៉េខាងជើងចេញពីតំបន់នោះពីសំណាក់ក្រុងព្យុងយ៉ាង ត្រូវបានលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-Hye ថ្លែងបញ្ជាក់នៅថ្ងៃនេះថា លោកស្រីមានការសោកស្តាយយ៉ាងខ្លំាង។ ចំណែកលោករដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េវិញបានអះអាងថា រដ្ឋាភិបាលក្រុងសេអ៊ូលនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងទំាងអស់ដើម្បី ធានាសុវត្ថិ ភាព និងសន្តិសុខប្រជាពលរដ្ឋកូរ៉េខាងត្បូងដែលកំពុងធ្វើការនៅក្នុងតំបន់ ឧស្សាហកម្ម Kaesong នោះ ព្រមទំាងក្រុមហ៊ុន រោងចក្រសហគ្រាសដែលជាកម្មសិទ្ធិរបស់ពលរដ្ឋកូរ៉េខាងត្បូងផងដែរ៕ដោយ គួច គន្ធារ៉ា (RFI)