រុស្ស៊ី​និង​ហូឡង់​គ្រោង​បន្លាយ​បំពង់​ឧស្ម័ន​ចេញពី​អាល្លឺម៉ង់​ លុះ​ទៅ​ដល់​អង់គ្លេស​

គម្រោងនេះ ​​មានចែង​ក្នុង​កិច្ចព្រមព្រៀង​ ទើបចុះ​ រវាង​ក្រុមហ៊ុន​យក្ស​រុស្ស៊ី​ខាង​ឧស្ម័ន Gazprom និង​ដៃគូ​ហូឡង់​ខាង​សាងសង់​បំពង់​ឧស្ម័ន Gasunie ដើម្បី​ធ្វើការ​សិក្សា​រួមគ្នា​ឆ្ពោះទៅ​បន្លាយ​ខ្សែ​បំពង់​បង្ហូរ​ឧស្ម័ន​ រុស្ស៊ី​ឈ្មោះ Nord Stream ចេញពី​ឆ្នេរ​ប្រទេស​អាល្លឺម៉ង់ លុះទៅដល់​ប្រទេស​អង់គ្លេស​តែម្តង។

ជា​ការ​រំលឹក ខ្សែបំពង់​បង្ហូរ​ឧស្ម័ន​រុស្ស៊ី​ឈ្មោះ Nord Stream មាន​ប្រវែង​១.២២០គ.ម. ត្រូវបាន​សង់​ឡើង​ចេញពី​ប៉ែក​ឧត្តរ​ប្រទេស​រុស្ស៊ី ហើយ​លូន​តាម​បាត​សមុទ្រ​បាល់ទិក ទៅដល់​ឆ្នេរ​ប្រទេស​អាល្លឺម៉ង់ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១១។ វាមាន​សមត្ថភាព​បង្ហូរ​ឧស្ម័ន​បរិមាណ​បាន ២៧.៥០០​លានមក្នុង​១​ឆ្នាំ។ លុះ​នៅ​ខែ​តុលា​ ឆ្នាំ​២០១២ មាន​សង់បាន​ខ្សែទី២​នៃ​បំ ពង់​នេះ ដែល​មាន​ប្រវែង​ដូចគ្នា​ និង​សមត្ថភាព​បង្ហូរ​ប៉ុណ្ណឹង​ដែរ ទាល់តែ​បង្កើន​ទ្វេដង​បរិមាណ​ឧស្ម័ន​រុស្ស៊ី​ដែល​បង្ហូរ​ទៅ រហូត​ដល់​៥៥.០០០​លាន មក្នុង​១​ឆ្នាំ។

ជា​ការ​កត់សម្គាល់ បច្ចុប្បន្ន​រុស្ស៊ី​ផ្គត់ផ្គង់​បាន​ដល់​ទៅ​៤០%​នៃ​តម្រូវការ​ប្រទេស​ អាល្លឺម៉ង់ ខាង​ឧស្ម័ន- តួលេខ​នេះ​ត្រូវបាន​លើកឡើង​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ដែល​ម្សិលមិញ​បាន​បញ្ចប់​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​អាល្លឺម៉ង់។

មូលហេតុ​ដែល​បាន​ញ៉ាំង​រុស្ស៊ី​ឲ្យ​សង់​ជា​ខ្សែ​បំពង់ Nord Stream លូន​តាម​បាត សមុទ្រ​បាល់ទិក នោះ​គឺ​ដើម្បី​បញ្ចៀស​ឲ្យផុត​ពី​ភាព​រអាក់រអួល​ដែលឧស្សាហ៏ ​កើតមាន​ឡើង មកពី​ឧស្ម័ន​រុស្ស៊ី ​ក្នុង​បរិមាណ​ដល់ទៅ​៨០%​ឯណោះ​ដែល​រុស្ស៊ី​លក់​ទៅឲ្យ​បណ្តា​ប្រទេស​សហភាព​ អឺរ៉ុប គឺ​ត្រូវ​បង្ហូរកាត់​តាមដែនដី​អ៊ុយក្រែន។ ២០%​ទៀត គឺ​កាត់តាម​ដែនដី​បេឡារុស​ជា​សម្ព័ន្ធមិត្ត​ទេ​តើ។

តាមដែល​ប្រធាន​នៃ​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​យក្ស​រុស្ស៊ី Gazprom លោក Alexei Miller ថ្លែង បន្ទាប់ពី​ពិធី​ចុះ​ហត្ថលេខា​នោះ ៖ ខ្សែបំពង់ Nord Stream ដែល​នឹង​បន្លាយ​ចេញពី​ឆ្នេរ​អាល្លឺម៉ង់​ទៅកាន់​ប្រទេស​អង់គ្លេស ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ហូឡង់ Gasunie គឺ​មានន័យ​ថា ឧស្ម័ន​រុស្ស៊ី​នឹង​ទទួល​លទ្ធភាព​លុកចូល​ទៅ​ក្នុង​ទីផ្សារ​ថ្មីៗ រួចជា​បឋម​គឺ​ទីផ្សារ​អង់គ្លេស។

ទន្ទឹម​និង​ខ្សែ​បំពង់ Nord Stream លូន​ចេញពី​ទឹកដី​ខាងជើង​របស់​ខ្លួន រុស្ស៊ី​កាល​ពី​៤ខែ​មុន បាន​ចាប់ផ្តើម​សង់​ខ្សែបំពង់​បង្ហូរ​ឧស្ម័ន​ដែល​លូន​ចេញពី​ប៉ែក​ខាងត្បូង គឺ​លូន​តាម​បាត​សមុទ្រ​ខ្មៅ​ទៅ​កាន់​បណ្តា​ប្រទេស​នៃ​អឺរ៉ុប​ខាងត្បូង ដោយមុន​ដំបូង​ទៅដល់ Bulgarie បន្ទាប់មក មួយ​ខ្សែ​បែក​ទៅលើ ទៅកាន់ Serbie Hongrie Slovenie Autriche ហើយ​មួយខ្សែ​ទៀត បែក​ទៅ​ក្រោម ទៅកាន់​ប្រទេស​ក្រិក​និង​អ៊ីតាលី។ វា​នឹង​សង់រួច​ក្នុង​ឆ្នាំ​២០១៥ ប្រកបដោយ​សមត្ថភាព​បង្ហូរ​ឧស្ម័ន គឺ​រហូត​ដល់ ៦៣.០០០​លាន មក្នុង​១​ឆ្នាំ។

រុស្ស៊ី​លក់​ឧស្ម័ន​ធម្មជាតិ ក្នុង​១​ឆ្នាំៗ ទៅ​កាន់​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប គឺ​ប្រមាណ១៥០.០០០​លានមក្នុង​តម្លៃ​មធ្យម គឺ​៣៨០​ដុល្លារ​ស.រ.អា.ក្នុង​១០០០ ម៕ដោយ កែវ ឆាយា​(RFI)

Related Articles

Back to top button
Close
Close