អង្គការសង្គមស៊ីវិលនៅកម្ពុជាចង់លើកបញ្ហាកុមារសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន
នៅថ្ងៃទី ២៦ មីនា ២០១២នេះ ក្រុមមន្រ្តីអង្គការសង្គមស៊ីវិលបានជួបប្រជុំគ្នាដើម្បីលើកនូវក្តីកង្វល់ និងបញ្ហាប្រឈមរបស់កុមារកម្ពុជាសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដើម្បីទាញការចាប់អារម្មណ៍មកលើបញ្ហាកុមារ។
អគ្គលេខាធិការសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ (NGOCRC) លោក មាស សំណាង បាននិយាយឲ្យដឹងថា កិច្ចប្រជុំដែលមានតំណាងប្រទេសអាស៊ានទាំង៩ផ្សេងទៀតចូលរួមគឺរៀបចំឡើងដើម្បីផ្តល់ឱកាសដល់កុមារ និងសង្គមស៊ីវិលអាស៊ានបានចូលរូមចែករំលែកបទ ពិសោធន៍ ក៏ដូចជាកង្វល់ និងអនុសាសន៍លើវិស័យកុមារ។
លោកបានបន្តទៀតថា មិនតែប៉ុណ្ណោះក្រុមការងារក៏នឹងធ្វើការរូមគ្នា ដើម្បីត្រៀមរៀបចំសិក្ខាសាលាស្តីពីសិទ្ធិកុមារ ក្នុងវេទិកាប្រជាពលរដ្ឋអាស៊ានដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ដល់ ថ្ងៃទី៣១ មីនា ២០១២ ខាងមុខនេះ។
តាមកម្មវិធីគ្រោងទុក ប្រទេសកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅដំណាច់ខែមីនានេះ ជាមួយនឹងការចូលរូមពីប្រមុខរដ្ឋនៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូរួមមានទាំងប្រធានាធិបតីចិនលោក ហ៊ូ ជិនតាវ ផងដែរ៕