កូរ៉េខាងជើងត្រៀមសាកល្បងមីស៊ីលនិងនុយក្លេអ៊ែរលើកទី៤
ទីក្រុងសេអ៊ូល បានជូនដំណឹងនៅថ្ងៃចន្ទ៨មេសានេះ ថា “កូរ៉េខាងជើងទំនងជាត្រៀមសាកល្បងមីស្ស៊ីលអន្តរទ្វីបនិង នុយក្លេអ៊ែរលើកទី៤ទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ”។
រដ្ឋមន្ត្រីកូរ៉េខាងត្បូងទទួលបន្ទុកខាងបង្រួបបង្រួមកូរ៉េទាំងពីរ លោក Ryoo Kihl-Jae បានជូនដំណឹងថា “មានសកម្មភាពមិនធម្មតា នៅជុំវិញទីកន្លែង សាកល្បងនុយក្លេអ៊ែរដ៏ចំបងមួយរបស់កូរ៉េខាងជើងដោយបដិសេធមិននិយាយ បញ្ជាក់អ្វីទៀតឡើយ។ សហគមន៍អន្តរជាតិ ធ្លាប់បានដាក់ទណ្ឌកម្មថ្មីៗមួយចំនួនទៀតប្រឆាំងកូរ៉េខាងជើង ២ខែបន្ទាប់ពី ទីក្រុងព្យុងយ៉ាង បានសាកល្បងនុយក្លេអ៊ែរលើកទី៣របស់ខ្លួនប្រកបដោយជោគជ័យ។
យោង តាមទិន្នានុប្បវត្តិ៍ កូរ៉េខាងត្បូង Joong Ang Ilbo «សកម្មភាព មិនប្រក្រតីទាំងអស់នៅលើទីកន្លែងសាកល្បងនុយក្លេអ៊ែរនៅ Punggye-ri នេះ មានលក្ខណៈដូចគ្នាខ្លាំងពេកទៅនឹងសកម្មភាពនានាដែល កូរ៉េខាងត្បូង ធ្លាប់បានតាមសង្កេតឃើញ នៅមុនពេលដែលកូរ៉េខាងជើង បានសាកល្បងនុយក្លេអ៊ែរលើកទី៣កាលពីថ្ងៃទី១២កុម្ភៈ »។ ការសាកល្បងនុយក្លេអ៊ែរលើកទី៣របស់ទីក្រុងព្យុងយ៉ាងនេះ ត្រូវបានក្រុមប្រឹក្សាសន្តិសុខនៃអសប អនុម័តដាក់ទណ្ឌកម្មនានាមួយចំនួននិងក៏ជាប្រភពនៃភាពតានតឹង ខ្លាំងនៅក្នុងឧបទ្វីបកូរ៉េ។
« កូរ៉េខាងត្បូង ប៉ុនប៉ងធ្វើការកំណត់ឲ្យបានច្បាស់លាស់ ដើម្បីបញ្ជាក់ថា តើសកម្ម ភាពរបស់កូរ៉េខាងជើងនៅពេលនេះ ពិតជាការត្រៀមលក្ខណៈ ដើម្បីធ្វើការសាក ល្បងនុយក្លេអ៊ែរ ឬ មួយក៏គ្រាន់តែជាយុទ្ធសាស្រ្ត របស់ទីក្រុងព្យុងយ៉ាង ដើម្បីដាក់សម្ពាធទៅលើកូរ៉េខាងត្បូងនិង សហរដ្ឋអាមេរិកតែ ប៉ុណ្ណោះ -នេះបើតាមការគូសបញ្ជាក់របស់សារព័ត៌មានកូរ៉េ ខាងត្បូង Joong Ang Ilbo ដែលដកស្រង់ពីប្រភពផ្លូវការកូរ៉េខាងត្បូង។
ចាប់តាំងពី អសបបាន អនុម័តដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងមក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុងព្យុងយ៉ាង បានបង្កើនសេចក្តីថ្លែង ការណ៍របៀបជាការបង្កសង្រ្គាមជាមួយលោក ខាងលិច។
ទីក្រុងវ៉ាស៊ីនតោន ដោយចង់ទម្លាក់ទោសលើព្យុងយ៉ាងតែម្នាក់គត់ក្នុងការ ទទួលខុសត្រូវនៅលើស្ថានភាពតានតឹងនៅឧទ្វីបកូរ៉េ បានជូនដំណឹងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ថាអាមេរិក លើកពេលការបាញ់សាកល្បងមីស៊ីលអន្តរ ទ្វីបMinuteman 3 ទៅពេលក្រោយវិញ។ មីស៊ីលអន្តរទ្វីប Minuteman 3នេះ តាមការគ្រោងទុក នឹងត្រូវសាកល្បងនៅសប្តាហ៍នេះ ពីមូលដ្ឋានVandenbergនៃ រដ្ឋCalifornie ។
នៅក្នុងកាលៈទេសៈដ៏តានតឹងនេះ លោកប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃអាទិត្យម្សិលមិញដោយមិននិយាយចំឈ្មោះកូរ៉េខាងជើងឬ ក៏សហរដ្ឋអាមេរិកនោះ បានថ្លែងព្រមានថា« គ្រប់ៗគ្នា ពុំមាននណាមួយ មានសិទ្ធក្នុងការរុញច្រានទម្លាក់តំបន់អាស៊ីមួយទៅក្នុងរណ្តៅ ជ្រោះមហន្តរាយ ដោយសារតែគំនិតអាត្មានិយមរបស់ខ្លួននោះឡើយ »។
ការព្រមានរបស់ប្រធានាធិបតីចិននេះ នៅខណៈដែលព្យុងយ៉ាង បានដឹកមីស្ស៊ីល Musudan ពីរដើមតាមរថភ្លើងនឹងដំឡើងដាក់លើយាន្តយន្តត្រៀមសំរាប់បាញ់កាលពី ថ្ងៃអាទិត្យម្សិលមិញ-នេះបើយោងតាមសេអ៊ូល។ មីស៊ីល Musudan ដែលកូរ៉េខាងជើង បានបង្ហាញជាលើកទីមួយយ៉ាងសំញែងជាសាធារណៈដែរនៅឧកាសនៃក្បួន ព្យុះហយាត្រាយោធាមួយកាលពីខែតុលា២០១០។ តាមទ្រឹះ ស្តី មីស៊ីល Musudan អាចបាញ់បានរយៈចម្ងាយរហូតដល់៣០០០គម គឺ អាចបាញ់ទៅដល់កូរ៉េខាងត្បូងនិងជប៉ុន។
លោក Kim Jang-Soo ទីប្រឹក្សាសម្រាប់សន្តិសុខជាតិកូរ៉េខាងត្បូងរបស់ លោក ស្រី ប្រធានាធិបតី Park Geun-hye បានថ្លែងថា”ព្យុងយ៉ាង អាចធ្វើការសាកល្បងមីស៊ីលនេះ នៅរវាងថ្ងៃទី១០មេសាខាងមុខ កាលបរិច្ឆេតដែលរបបកុម្មុយនិស្តកូរ៉េខាងជើង បានព្រមានប្រាប់ជាមុនថា ព្យុងយ៉ាង ពុំអាចធានាសុវត្តិភាពទៀតឡើយក្រោយថ្ងៃ១០មេសាខាងមុខនេះ ចំពោះបណ្តាអ្នកការទូតលោកខាងលិចដែលកំពុងមានបេសសកម្មនៅកូរ៉េ ខាងជើង ៕ ដោយ នុយ ប៊ែរណាដែត (RFI)