អាមេរិកលើកពេលបាញ់សាកល្បងមីស៊ីល ដោយហេតុវិបត្តិកូរ៉េខាងជើង
ប៉េកាំងព្រមាន អង្គការសហប្រជាជាតិរក្សាវត្តមានក្នុងទឹកដីកូរ៉េខាងជើង ឯសហរដ្ឋអាមេរិកវិញ ជ្រើសរើសល្បែងបន្ធូរបន្ថយបរិយាកាសនៅថ្ងៃនេះ បន្ទាប់ពីរបបក្រុងព្យុងយ៉ាងគំរាមវាយប្រហារនុយក្លេអ៊ែរ ឥតឈប់ឈរ និងបានដំឡើងមីស៊ីលរយៈមធ្យមនៅឆ្នេរខាងកើត។ អាមេរិកទើបនឹងប្រកាស លើកពេលការបាញ់សាកល្បងមីស៊ីល អន្តរទ្វីប Minuteman 3 ទៅពេលក្រោយវិញ ដើម្បីកុំឱ្យភាពតានតឹងនៅកូរ៉េខាងជើងឡើងបន្ថែមទៀត។
សហរដ្ឋអាមេរិក មានគម្រោងធ្វើការបាញ់សាកល្បងមីស៊ីល នៅថ្ងៃទី ៩ មេសា ២០១៣ ចេញពី មូលដ្ឋានVandenberg នៃរដ្ឋ Californie តាំងពីយូរមកហើយ ប៉ុន្តែដោយហេតុតែមានភាពតានតឹងខ្លាំងជាមួយនឹងកូរ៉េខាងជើង ទើបអាមេរិកសម្រេចលើកពេលបាញ់សាកល្បងនេះ ទៅពេលក្រោយវិញ ព្រោះអាមេរិកមិនចង់ឱ្យព្យុង យ៉ាងយល់ច្រឡំ និងបកស្រាយខុស បែរជាច្រឡោតកាន់តែខ្លាំង ឬយកលេសអ្វីបានពីការបាញ់សាកល្បងនេះ។
ម្យ៉ាងទៀត វ៉ាស៊ីនតោន និងសេអ៊ូល ក៏បានលុបចោលតែម្តង ជំនួបប្រជុំយោធាទ្វេភាគីដ៏សំខាន់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦មេសា នៅសហរដ្ឋអាមេរិក។ បើតាមភ្នាក់ងារសារព័ត៌មានយ៉ុងហាប់ កូរ៉េខាងត្បូងសុខចិត្តលុបជំនួបនេះ ក៏ព្រោះខ្លាចកូរ៉េខាងជើងបង្កហេតុថ្មីបន្ថែមទៀត ពេលអគ្គ មេបញ្ជាការយោធាអវត្តមានពីស្រុក។
ព្យុងយ៉ាងដែលបានដំឡើងមីស៊ីលរយៈចម្ងាយមធ្យមចំនួន ២ដើម នៅឆ្នេរសមុទ្រប៉ែកខាងកើត និងដែលបានអញ្ជើញឱ្យបរទេសគិតគូរជម្លៀសបុគ្គលិកចេញពីកូរ៉េខាង ជើង បានប្រកាសធានាសុវត្ថិភាពឱ្យត្រឹម ថ្ងៃ ទី ១០ មេសាប៉ុណ្ណោះ។ ប៉ុន្តែអង្គការសហប្រជាជាតិ បានសម្រេចបន្តបេសកកម្មមនុស្សធម៌ទៀត ឯសហភាពអឺរ៉ុបដែលនឹងត្រូវជួបប្រជុំគ្នានៅថ្ងៃស្អែក ក៏គ្មានគម្រោងធ្វើតាមសេចក្តីព្រមានខាងលើដែរ។ ចំណែក ប៉េកាំងដែលជាសម្ព័ន្ធមិត្តតែមួយគត់វិញ បានទាមទារបញ្ច្រាសវិញ ឱ្យព្យុងយ៉ាងធ្វើគ្រប់យ៉ាងរក្សាសុវត្ថិភាពដល់បណ្តាជនចិន។ លើសពីនេះទៅទៀត នៅចំពោះមុខប្រមុខដឹកនាំរដ្ឋ និងរដ្ឋាភិបាលជាច្រើន នាឱកាសវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំ នៅទីក្រុង Boao លោក ស៊ីជីនពីង បានថ្លែងព្រមានថា “គ្មាននរណាម្នាក់ ដែលមានសិទ្ធិរុញច្រានតំបន់អាស៊ីឱ្យធ្លាក់ក្នុងភាពវឹកវរ សង្គ្រាមឡើយ” ប៉ុន្តែលោកមិនបាននិយាយចំៗ ឈ្មោះកូរ៉េខាងជើង ឬអាមេរិកទេ។
ថ្វីដ្បិតតែពីដំបូងឡើយ ក្រុងវ៉ាស៊ីនតោនបានប្រើយុទ្ធសាស្ត្រដំឡើងសាច់ដុំដាក់កូរ៉េខាងជើង ថាមានមធ្យោបាយ គ្រប់គ្រាន់ និងសម្បូរបែប ដូចជា យន្តហោះទម្លាក់គ្រាប់បែកបរមាណូ នាវាពិឃាត … សម្រាប់ជួយការពារកូរ៉េខាងត្បូង និងជប៉ុន ក៏ដោយ ក៏នៅពេលនេះ រដ្ឋាបាលអាមេរិកប្រាថ្នាភាពស្ងប់ស្ងាត់ និងបើកផ្លូវឱ្យប្រមុខដឹកនាំដ៏ក្មេងខ្ចី គីមជុងអ៊ុន ជ្រើសរើសប្រកបដោយកិត្តយស។
សហរដ្ឋអាមេរិក មិនដែលចាត់ការគំរាមកំហែងរបស់កូរ៉េខាងជើងកន្លងមក ជាពាក្យកំឡាលេងៗទេ ព្រោះវ៉ាស៊ីនតោនជឿជាក់ថា អគ្គមគ្គុទេសក៏វ័យក្មេងកូរ៉េខាងជើង ត្រូវការបង្ហាញអំណាចទៅលើក្រុមយោធាផង និងទៅលើប្រជាជនផង ក្នុងខណៈដែលអាមេរិកនិងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធរួមគ្នា។ ដូច្នេះហើយបានជា អាមេរិកសង្ឃឹមថា ក្រោយពេលបញ្ចប់សមយុទ្ធចុងខែមេសា ស្ថានភាពក្នុងឧបទ្វីបកូរ៉េនឹងបានធូរស្រាលមកវិញ។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry ដែលនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅតំបន់អាស៊ី ពីរបីថ្ងៃទៀតខាងមុខ នឹងជួបពិភាក្សាជាមួយប៉េកាំង សេអ៊ូល និងតូក្យូ ដើម្បីរកវិធីដោះស្រាយវិបត្តិ និងនាំកូរ៉េខាងជើងឱ្យដើរលើផ្លូវការទូត និងសេដ្ឋកិច្ច ហើយបោះបង់ចោលគំនិតហិង្សាចង់តែបង្កសង្គ្រាម៕ ដោយ អៀង សុខម៉ិញ (RFI)