អង់គ្លេសមិនមើលឃើញថាព្យុងយ៉ាងនឹងបើកការវាយប្រហារឆាប់ៗដូចការគំរាមនោះទេ
រដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស លោក William Hague និយាយថា នៅពេលបច្ចុប្បន្ននេះ មិនមានសញ្ញាណាដែលថាប្រទេសកូរ៉េខាងជើងកំពុងតែត្រៀមខ្លួនបើក ការវាយប្រហារក្នុងពេលដ៏ឆាប់នេះឡើយ ថ្វីដ្បិតតែមានការគំរាមពីមេដឹកនាំរបស់កូរ៉េខាងជើងក៏ដោយ។
លោក William Hague ថ្លែងថា នៅមានគ្រោះថ្នាក់អំពីអ្វីដែលលោកហៅថាជាការប្រមាណខុសរបស់ កូរ៉េខាងជើង ក៏ប៉ុន្តែលោកថា ក្នុងពេលនេះ គ្មានសញ្ញាអំពីការចល័តទ័ពក្នុងទ្រង់ទ្រាយធំដែលបង្ហាញថានឹង មានសកម្ម ភាពផ្ទុះឡើងឆាប់ៗនោះទេ។
លោកបន្តថា ការគំរាមកំហែងរបស់ក្រុងព្យុងយ៉ាង គឺជាឥរិយាបថជាទូទៅរបស់ប្រទេសមួយដែលត្រៀមកម្លាំងយោធាយ៉ាង ស្វិតស្វាញដើម្បីតទល់នឹងអ្វីដែលខ្លួនមើលឃើញថាជាការគំរាម កំហែងពីខាងក្រៅ។
រដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស លោក William Hague ថ្លែងទៀតថា សហគមន៍អន្តរជាតិមិនត្រូវផុងខ្លួនចូលក្នុងល្បិចវោហារសាស្រ្តឡើយ ប៉ុន្តែត្រូវរក្សាភាពរឹងមាំនិងសាមគ្គីភាព។
លោកថា ចក្រភពអង់គ្លេសបានពិនិត្យឡើងវិញផងដែរអំពីការសម្រេចមិនដក បុគ្គលិកស្ថានទូតរបស់ខ្លួនចេញពីប្រទេសកូរ៉េខាងជើង ប៉ុន្តែមិនមើលឃើញថានឹងត្រូវអនុវត្តវិធានការក្បន្ទាន់នោះទេ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានព្រមានថាមិនអាចរក្សាសុវត្ថិភាពដល់បុគ្គលិកការ ទូត បរទេសបានទេនៅក្រោយថ្ងៃ១០ខែមេសា ដោយគំរាមថានឹងបើកការបាញ់ផ្លោងនៅថ្ងៃពុធខានស្អែកនេះ។
ស្របពេល គ្នានេះដែរ ប្រទេសកូរ៉េខាងត្បូងនិយាយថា មានសញ្ញាដែលបង្ហាញថា ក្រុងព្យុងយ៉ាងទំនងជានឹងធ្វើតេស្តបរមាណូជាលើកទី៤របស់ខ្លួន ឆាប់ៗនេះ៕ (Radio Australia)