លុយយេនជប៉ុន​ធ្លាក់ថ្លៃ​ក្រោយពី​ធនាគារ​កណ្តាល​ជប៉ុន​ប្រកាស​បោះពុម្ព​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់

នៅថ្ងៃព្រហស្បតិ៍​នេះ  ធនាគារ​កណ្តាល​ជប៉ុន​បាន​ប្រកាស​បោះពុម្ពលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ បន្ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​អត្រា​អតិផរណា​កើនឡើង ក្នុងគោលដៅ​រំដោះ​សេដ្ឋកិច្ច​ជប៉ុន​ឲ្យ​ចេញ​ពី​វិបត្តិ​បរិត្តផរណា ដែល​បាន​អូសបន្លាយ​ពេល​ជិត​ពីរ​ទសវត្សរ៍​មក​ហើយ។ ការ​ប្រកាស​របស់​ធនាគារ​កណ្តាល​ជប៉ុន​នេះ​បាន​ធ្វើ​ឲ្យ​លុយ​យេន​ធ្លាក់ថ្លៃ​ យ៉ាងខ្លាំង ធៀប​នឹង​លុយដុល្លារ និង​អឺរ៉ូ។

នៅ ​ក្នុង​សេចក្តីប្រកាស នៅថ្ងៃ​ព្រហស្បតិ៍​នេះ ធនាគារ​កណ្តាល​ជប៉ុន​បាន​ឲ្យដឹង​ថា សមាជិក​ក្រុមប្រឹក្សា​ភិបាល​​ធនាគារ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ បញ្ចេញ​លុយ​​ប្រមាណ​ពី៦៤៥ពាន់លានទៅ ៧៥៥ពាន់លាន​ដុល្លារ ឲ្យ​ធ្វើ​ចរាចរណ៍​នៅលើ​ទីផ្សារ តាមរយៈ​ការ​ប្រមូលទិញ​មូលបត្រ​របស់​រដ្ឋ និង​ឯកជន។

ធនាគារ​កណ្តាល​ជប៉ុន​បានបញ្ជាក់ថា នៅ​ក្នុង​វិធានការ​ថ្មី​នេះ ខ្លួន​នឹង​​ដាក់​កម្មវិធី​ទិញ​មូលបត្រ​បំណុល​រយៈពេល​វែង​​របស់​រដ្ឋាភិបាល​ជប៉ុន ប្រមាណ​ជា៧៥ ពាន់​ លាន​ដុល្លារ ក្នុង​មួយខែៗ។

សេចក្តីសម្រេច​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ ពី​ចំណុច​ចាប់ផ្តើម​ នៃ​នយោបាយ​ថ្មី​របស់​ធនាគារ​កណ្តាល​ជប៉ុន ក្រោម​ការដឹកនាំ​របស់​អគ្គទេសាភិបាល​ថ្មី គឺ​លោក ហារូហ៊ីកូ គូរ៉ូដា (Haruhiko Kuroda) ដែល​គេ​ស្គាល់​ជាទូទៅ​ថា ជា​អ្នក​ដែល​​ប្រកាន់​យក​នូវ​នយោបាយ​មួយ គឺ​ចង់​ឲ្យ​ធនាគារ​កណ្តាល​បោះពុម្ពលុយ​ដោយ​គ្មាន​កម្រិត​ដែន​កំណត់ ដើម្បី​ធ្វើ​យ៉ាងណា ជំរុញឲ្យ​អត្រា​អតិផរណា​ប្រចាំឆ្នាំ ​នៅ​ជប៉ុន កើនឡើង​ដល់ ២% ទៅតាម​គោលដៅ​ ដែល​បាន​កំណត់។ អត្រា​អតិផរណា​ទាប គ្មាន​អតិផរណា​សោះ ឬ​ក៏​អត្រា​អតិផរណា​អវិជ្ជមាន គឺ​ជា​ឧបសគ្គ​ដ៏​ចម្បងបំផុត ដែល​រារាំង​មិន​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន​មាន​កំណើន។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​ពី​ការប្រកាស​របស់​ធនាគារ​កណ្តាល​ជប៉ុន គេ​សង្កេតឃើញ​ថា លុយយេន​របស់​ជប៉ុន​បាន​ធ្លាក់​ថ្លៃ​យ៉ាងខ្លាំង បើ​ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក និង​លុយ​អឺរ៉ូ​របស់​អឺរ៉ុប។ តម្លៃ​មូលបត្រ​បំណុល​របស់​រដ្ឋា ភិបាល​ជប៉ុន​ក៏​បាន​ធ្លាក់​ចុះ​ខ្លាំង​ដែរ គឺ​ធ្លាក់​ចុះ​ដល់​កម្រិត​ទាបបំផុត​មិន​ធ្លាប់​ឃើញ​មាន​ចាប់តាំង​ពី​ឆ្នាំ​ ២០០៣​មក។

នយោបាយ​បោះពុម្ពលុយ ដើម្បី​បង្កើន​អត្រាអតិផរណា និង​ជំរុញ​កំណើន​សេដ្ឋ កិច្ច ដែល​ជប៉ុន​កំពុង​តែ​ដាក់ចេញ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​បណ្តា​ប្រទេស​ជាដៃគូ ជាពិសេស បណ្តា​ប្រទេស​ក្នុង​ក្រុម G20។ មាន​អ្នក​ខ្លះ​យល់ថា តាមរយៈ​ការ​ដាក់ចេញ​នូវ​នយោបាយ​​បែបនេះ រដ្ឋាភិបាល និង​ធនាគារ​កណ្តាល​ជប៉ុន ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​ទៅលើ​ទីផ្សារ​ប្តូរប្រាក់ ដើម្បី​បញ្ចុះ​​តម្លៃ​លុយ​ជាតិ​របស់​ខ្លួន ក្នុងគោលដៅ​ បង្កើន​ការ​ប្រកួតប្រជែង ក្នុងការ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដែលនេះ​​អាច​នឹង​បង្ក​ឲ្យ​មាន “សង្រ្គាម​រូបិយវត្ថុ”។

លើសពីនេះ​ទៅទៀត មាន​អ្នកវិភាគខ្លះ​យល់ថា ការបោះពុម្ពលុយ​​ក៏​មិនប្រាកដ​ថា​ជា​ដំណោះស្រាយ​ល្អ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ជប៉ុន​នោះដែរ៕ ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close