នៅថ្ងៃទី៥ ដល់ទី៧ នឹងមានភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោកខ្លាំង
Cambodia News
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៣ ក្រសួងធនធានទឹកនិងឧតុនិយម បានសេចក្ដីជូនដំណឹងបន្ទាប់ពីសង្កេតតាមដានលើស្ថានភាព អាកាសធាតុរួចមកឃើញថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០១៣ នេះ សម្ពាធបរិយាកាសដែលបាននិង កំពុងគ្របដណ្ដប់មកលើកម្ពុជា(ចាប់ពីផ្ទៃដីរហូតដល់កម្ពស់ ១.៥០០ម៉ែត្រ) បានធ្លាក់ចុះទាបគួរឱ្យ កត់សម្គាល់ ។
ដែលនឹងបង្កឱ្យកើតមាន នូវបាតុភូតធម្មជាតិ ដូចជាភ្លៀង ផ្គរ រន្ទះ លាយឡំជាមួយនឹងខ្យល់កន្ដ្រាក់កួចបក់ បោកខ្លាំងចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមេសា ឆ្នាំ២០១៣ ជាពិសេសនៅតាមបណ្ដាខេត្ដ មួយចំនួន ដូចជា ៖ ខេត្ដឧត្ដរមានជ័យ, ព្រះវិហារ, សៀមរាប, កំពង់ធំ, បន្ទាយ មានជ័យ, បាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់ កំំពង់ឆ្នាំង, កណ្ដាល និងខេត្ដតាកែវ ។
ក្រសួងធនធានទឹកនិងឧតុនិយមសូមអំពាវ នាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាខេត្ដដូចបញ្ជាក់ ខាងលើ សូមបង្កើនការយកចិត្ដទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះ ថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕