ស្ត្រីម្នាក់ត្រូវរថយន្តកុងតឺន័រកិនធ្លាយពោះវៀនស្លាប់
Cambodia News
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១៧និង០០នាទីល្ងាច ថ្ងៃទី០៤ ខែមេសា ស្ត្រីម្នាក់ ខណៈពេលកំពុងបើកបរម៉ូតូ ក៏ត្រូវរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន ផែស្ងួត តេង ឡាយ បើកបុក ហើយកិនធ្លាយពោះវៀនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅតាមបណ្ដោយផ្លូវលេខ ៣៧១ ផ្លូវ ចូលវត្ដពោធិញាន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ស្ដ្រីរងគ្រោះមានឈ្មោះ ឯម ស្រីនាថ អាយុ ៣០ឆ្នាំ ជាកម្មកររោងកាត់ដេរ ស្នាក់នៅ ភូមិព្រែកពង្រាច ឃុំព្រៃវែង ស្រុកល្វាឯម ខេត្ដកណ្ដាល ។ ចំណែក អ្នកឌុបឈ្មោះ ឆេង ស៊ីណាន ភេទប្រុស អាយុ ២២ឆ្នាំ។
មុនពេលកើតហេតុគេសង្កេតឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1I-0912 ជិះតាមបណ្តោយផ្លូវលេខ៣៧១ ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តកុងតឺន័រ ផែស្ងួត តេងឡាយ បុកបណ្តាលឲ្យដួលខ្ទាតចូលក្រោមរថយន្ត ហើយត្រូវរថយន្តកិនធ្លាយពោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សាកសពត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះ សេង លក្ខិណា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅ ភូមិស្ទឹង ឃុំត្រញំងកង ស្រុកសំរោង ខេត្ដ កំពង់ស្ពឺ បានព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចដេញចាប់បាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលចរាចររាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕ ហេង នាង