នៅរុស្ស៊ី មានប្រកាសស្តារឡើងវិញឋានៈជា “វីរជនពលកម្ម”
ឋានៈនេះធ្លាប់មានអត្ថិភាពនៅ សហភាពសូវៀត អស់ជាង៦ទសវត្សរ៍ ត្រូវបានលុបឈប់អនុវត្ត បន្ទាប់ពីការរលំរលាយទៅនៃសហភាពនេះ កាលក្នុងឆ្នាំ១៩៩១។ ក្នុងប្រទេសរុស្ស៊ីសម័យថ្មី ដោយឆ្លើយតបនឹងសំណូមពរច្រើនឥតគណនាពីសំណាក់ប្រជាពលករ និងដោយយោងតាមលទ្ធផលនៃការស្ទង់មតិ លោកប្រធានាធិបតីពូទីនទើបចេញក្រិត្យចាត់តាំងឋានៈនេះឡើងវិញ។
សេចក្តីនៃក្រិត្យប្រធានាធិបតីចែងថា៖ក្នុងគោលដៅលើកដំកើងអត្ថន័យ និងកិត្យានុភាពនៃពលកម្មលះបង់ផ្ទាល់របស់ប្រជាពលរដ្ឋនៅពីមុខសង្គម រដ្ឋចាត់តាំងឡើងជាឋានៈ“វីរជនពលកម្មសហព័ន្ធរុស្ស៊ី”។ ឋានៈនេះបំពាក់ជូនពលរដ្ឋណាដែលមានឧបការគុណពិសេសនៅពីមុខរដ្ឋ និងប្រជាជនចំពោះស្នាដៃដ៏វិសេសវិសាលរបស់គេ ក្នុងសកម្មភាពផ្នែកសង្គម-សេដ្ឋកិច្ច ជាប្រយោជន៍ដល់រដ្ឋដែលតម្រង់ទៅធានានូវសុខុមាលភាព និងការរីកចម្រើនរបស់ប្រទេសជាតិរុស្ស៊ី។
ឋានៈនេះសម្គាល់ទៅដោយ “ផ្កាយមាស” ជាវីរជនពលកម្ម បំពាក់ជូនអ្នកដែលមានគុណូបការ ទទួលដោយខ្ទាស់ផ្កាយមាសនោះនៅលើទ្រូងខាងឆ្វេងរបស់សាមីជន ហើយខ្ទាស់នេះគឺដោយតម្រូវឲ្យវាស្ថិតនៅពីលើគ្រឿងឥស្សរិយ យសឯទៀត របស់រដ្ឋ ទាំងរបស់សហព័ន្ធរុស្ស៊ីផ្ទាល់ ទាំងរបស់អតីតសហភាពសូវៀត។
ក្នុងករណីបើបុគ្គលតែម្នាក់ចេះទទួលបានឋានៈនេះដល់ទៅពីរលើកនោះ នៅឯស្រុកកំណើតរបស់គេ នឹងមានសាងសង់ឡើងជារូបចម្លាក់ ឬស្មិតនៃមួយកំណាត់ ខ្លួនខាងលើរបស់គេ។
ជាការរំលឹកឋានៈជា”វីរជនពលកម្ម” ត្រូវបានចាប់ផ្តើមអនុវត្តនៅសហភាពសូវៀត ក្នុងឆ្នាំ ១៩២៨។ សម័យនោះ វាប្រគល់ជូនអ្នកណាដែលមានឧបការ គុណពិសេសក្នុងផលិតកម្ម ក្នុងសកម្មភាពវិទ្យាសាស្ត្រ ក្នុងការបម្រើផល ប្រយោជន៍រដ្ឋ និងផលប្រយោជន៍សង្គម ដោយបានធ្វើការជាកម្មករ ឬនិយោ ជិតរដ្ឋមិនតិចជាង ៣៥ឆ្នាំឡើយ។ លុះក្នុងឆ្នាំ១៩៣៨ វាបានប្រែឈ្មោះទៅជា “វីរជនពលកម្មសង្គមនិយម” ហើយបានមានអត្ថិភាពរហូតដល់ឆ្នាំ ១៩៩១ ឆ្នាំដែលសហភាពសូវៀតរលំរលាយទៅ។
គិតជាសរុប ឋានៈជាវីរជនពលកម្ម និងពលកម្មសង្គមនិយម មានប្រគល់ជូនពលរដ្ឋចំនួន ២០.៦០៥នាក់ ដែលពីក្នុងនោះមាន២០៥នាក់ ចេះទទួលបានឋានៈនេះដល់ទៅពីរលើក។
ការស្ទង់មតិធ្វើកាលពីខែកញ្ញាឆ្នាំ២០១២ គឺពេលដែលមានលេចចេញមកជាសំណើច្រើន ឥតគណនាពីខាងប្រជាពលករ សុំឲ្យអនុវត្តឡើងវិញ ឋានៈជាវីរជនពលកម្ម បង្ហាញឲ្យឃើញថា ៖ មានប្រជាពលរដ្ឋរុស្ស៊ីដល់ទៅ៦៧% គាំទ្រដល់ការស្តារឡើងវិញឋានៈនេះ។ រួចពីក្នុងនោះ មាន៦៤% យល់ថា គ្រឿងឥស្សរិយយសបែបនេះ ជួយលើកកិត្យានុភាពរបស់សាមីបុគ្គលដែលចេះទទួលបានឋានៈនេះ នៅពីមុខសង្គមតែម្តង៕ដោយ កែវ ឆាយា (RFI)