សវនាការ​កាត់ទោស​អ្នក​ចិញ្ចឹមត្រី​ដ៏​ល្បីឈ្មោះ​ម្នាក់​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ដីធ្លី​

នៅ​ថ្ងៃ​អង្គារ​នេះ តុលាការ​វៀតណាមបាន​​​បើក​​សវនាការ​កាត់​ទោស​អ្នកចិញ្ចឹម ត្រី​​ដ៏​ល្បី​​​ ម្នាក់ ឈ្មោះ Doan Van Vuon ដែល​ត្រូវ​​បាន​កងកម្លាំង​វៀតណាម​បណ្តេញ​ចេញ​ពី​ដី​ធ្លី កាល​ពី​​ខែ​មករា​ ឆ្នាំ​ ២០១២។ ​ លោក Vuon ជាប់​ចោទ​ពី​បទ​​​ប៉ុនប៉ង​​​ធ្វើ​ឃាត ​ ដោយ​សារ​លោក​បាន​ប្រើ​​​គ្រឿង​ផ្ទុះ​​​​​តបតទៅ​នឹង​កងកម្លាំង​​​​ដែល​​​ចុះ​ មក​​បណ្តេញរូបលោក​អោយចាក​​ចេញ​ពី​ដីធ្លី​​​របស់​លោក។ នៅ​​ខាង​ក្រៅ​​​តុលាការ គេឃើញ​​​សកម្ម​ជន​​គាំទ្រ​លោក Vuon ជាង​១០​នាក់ ធ្វើការ​បង្ក​ហេតុ​ជាមួយ​​​ប៉ូលិស​​​​​​ដែល​យាម​កាម​នៅ​ទីនោះ។

នៅ​ថ្ងៃ​អង្គារ​នេះ ជា​ថ្ងៃ​កាត់​ទោស​​​​រូប​លោក Doan Van Vuon ​​ជា​​អ្នកចិញ្ចឹមត្រី​​ដ៏​ល្បី​ឈ្មោះ​ម្នាក់​​ដែល​ត្រូវ​បានគេ​បណ្តេញចេញ​ ពី​ដីធ្លី​​។ លោក Vuon ជាប់​ចោទ​ពី​បទ​​ប៉ុនប៉ង​​​ធ្វើ​ឃាត​ ព្រោះ​លោក​​បាន​ប្រើ​​​គ្រឿង​ផ្ទុះ​​​​​តបតទៅ​នឹង​កងកម្លាំង​​​​ដែល​​​ចុះ​ មក​​បណ្តេញរូបលោក​អោយចាក​​ចេញ​ពី​ដី ធ្លី។ បុរស​បីរូប​ទៀត​​ ក៏​បាន​ជាប់​ទោស​ពី​បទ​ប៉ុនប៉ង​ធ្វើឃាត​ដូច​រូបលោក​ដែរ។  រីឯប្រពន្ធរបស់លោក បានជាប់ទោសពីបទតបតទៅនឹ​ង​កង​កម្លាំងវិញ។

​អ្វី​ដែល​គួរ​អោយ​កត់​សម្គាល់​គឺ​ថា វត្តមាន​​ដ៏​​​លើសលប់​​របស់​ប៉ូលិសដែល​ដាក់​ការពារ​​ នៅ​ថ្ងៃ​កាត់​ក្តីនេះ។ ប៉ូលិស​​រាប់​រយ​នាក់​​បាន​បិទផ្លូវ​​នានា ដែល​អាច​អោយ​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​តុលាការ Haïphong ស្ថិតនៅ​​ភាគ​ឥសាន ដើម្បី​​ហាមឃាត់​​មិន​អោយ​​​​អ្នក​​គាំទ្រ​​​លោក Vuon​ ទៅ​កាន់​តុលាការ​បាន។ អ្នក​គាំទ្រ​​នានា បាន​ជាប់​ស្ទះ​នៅ​​បរិវេណ​ក្រៅក្រុង។

ការបណ្តេញ​លោក​ Vuon ចេញ​ពី​ដីធ្លី​របស់​លោក រួម​នឹង​ទង្វើ​ហ៊ាន​តបតទៅ​នឹង​កងកម្លាំង​​របស់​លោក Vuon បាន​ធ្វើ​អោយ​អ្នក​ចិញ្ចឹម​ត្រី​រូបនេះ​​​​ក្លាយជា​វីរបុរស​​ដ៏​មាន​ ប្រជាប្រិយភាព​នៅ​វៀតណាម។ ​ការ​តបត​ទៅ​នឹង​ការ​បណ្តេញ​ចេញ​ពី​ដីធ្លី​បែប​យ៉ា​ង​​ដូច​លោក គឺ​ជា​ករណី​ដ៏​កំរ​មាន​ណាស់ នៅ​ក្នុង​ប្រទេស កុំម្មុយនិស្ត​ដូច​ជា​វៀតណាមនេះ។ អាស្រ័យហេតុនេះ​ រឿង​ក្តី​នេះ​បាន​បង្ក​អោយ​មាន​ការ​ឃោសនា​​​គាំទ្រ​រូបលោក​និង​ជន​ជាប់​ចោទ​ ​ឯទៀត នៅ​ទូទាំង​ប្រទេស។

គេ​សង្កេត​ឃើញ​ថា សូម្បី​តែ​នាយករដ្ឋមន្ត្រី​វៀតណាម លោក​ Nguyen Tan Dung ក៏​បាន​​វាយតំលៃដែរ​​ថា ការ​បណ្តេញ​លោក​ Vuon អោយ​ចេញ​ពី​ដី​ធ្លី​​ គឺ​ធ្វើ​ផ្ទុយ​ទៅ​នឹង​ច្បាប់។ នាយករដ្ឋមន្ត្រីវៀតណាម​បាន​សន្យា​​​​ដាក់ទោស​​អ្នក​ទទួល​​ខុសត្រូវ​​​​នានា​ ដែល​ជាប់​ក្នុង​បទ​ពុករលួយ​ក្នុង​រឿង​​​​បណ្តេញ​មនុស្ស​អោយ​ចេញ​ពី​ដីធ្លី​ នេះ។

នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ អ្នក​ទទួល​ខុសត្រូវ​៥រូប នឹង​ត្រូវ​តុលាការ​កាត់ ទោស ​ពីបទ​បំផ្លាញ​ផ្ទះសម្បែង​របស់​លោក Vuon។

លោក Pham Hong Son ដែល​ជា​សកម្មជន​​​ម្នាក់​​​ធ្លាប់​ជាប់​ពន្ធនាគារ​​រាប់​ឆ្នាំ​ ពី​​បទ​បាន​ធ្វើ​សកម្មភាពគាំទ្រ​ប្រជាធិបតេយ្យ​​​ បាន​សំដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​លោក Vuon ទទួល​ទោស​ធ្ងន់ធ្ងរ​​​ ព្រោះ​ថា​ប្រសិន​បើ​​តុលាការ​ដាក់ទោស​ស្រាលពេក​ នឹង​អាច​ធ្វើ​អោយ​​អ្នក​ដែល​ត្រូវ​គេ​បណ្តេញចេញ​ពីដី​ធ្លី​ផ្សេងៗ​ទៀត បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ជាង​នេះ។

គួរ​រំលឹក​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយ​នេះរឿង​ជម្លោះ​ដីធ្លី​នៅ​វៀតណាម​ មាន​ការ​កើនឡើងទ្វេដង​ ហើយ​ជម្លោះ​៧០​ភាគរយ​​​បាន​ប្រែ​ក្លាយ​អោយ​​មាន​ជា​​​ពាក្យបណ្តឹង​ដាក់​ទៅ​ អាជ្ញាធរ​អោយ​ដោះស្រាយ។

យោងតាម​រដ្ឋាភិបាល​វៀតណាម​​​ ប្រជាជន​ដែលត្រូវ​​គេ​អោយចាក​​​ចេញ​ពី​ទី លំនៅ​ដីធ្លី​របស់​ខ្លួន​ បាន​ទទួល​នូវ​សំណង​ពី​រដ្ឋាភិបាល។ ប៉ុន្តែ​​ជាញឹកញាប់ ពួកគេ​ពុំ​​បាន​ទទួល​ប្រាក់​សំណង​ទាំង​នោះ​​ឡើយ​ ដោយសារ​តែ​មាន​​បញ្ហា​​ពុករលួយ​​ក្នុង​​ផ្នែករដ្ឋបាល​​​​គ្រប់គ្រង​​ប្រាក់​ សំណង​នោះ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close