ទិន្នានុប្បវត្តន៍ឯកជន៤ចាប់ផ្តើមចេញផ្សាយជាលើកដំបូងនៅថ្ងៃ១មេសា២០១៣
នៅប្រទេសភូមា កាសែតឯកជនចំនួន៤ បានចាប់ផ្តើមបោះពុម្ភផ្សាយប្រចាំថ្ងៃជាលើកដំបូងបង្អស់តាំងពី កន្លះសតវត្សរ៍មកហើយ ក្រោយពីរដ្ឋាភិបាលថ្មីភូមា បានខិតខំបង្កើនការធ្វើកំណែទម្រង់តាំងពី២ឆ្នាំកន្លងមកហើយ។ ឥឡូវរដ្ឋាភិបាល ថ្មីភូមា បានចូលដល់កំណែទម្រង់សារព័តមាន-ដោយបានផ្តល់អាជ្ញាបណ្ណ ដល់ សារព័ត៌មានឯកជនចាប់ពីថ្ងៃទីមួយមេសាដើម្បីចេញផ្សាយប្រចាំថ្ងៃ ដោយលុបចោលដែរការចាប់ពិរុទ្ធលើសារព័តមាន ក៏ព្រមទាំងបានដោះលែងអ្នកកាសែតដែលជាប់ឃុំឃាំងទៀតផង។
កាសែតឯកជនចំនួន១៦ ទើបបានទទួលការអនុញ្ញាតពីអាជ្ញាធរភូមាឲ្យបោះពុម្ភផ្សាយជារៀង រាល់ថ្ងៃចាប់ពីថ្ងៃទី១មេសានេះតទៅ។
ប៉ុន្តែ មានកាសែតតែ៤ប៉ុណ្ណោះ ដែលបានសម្រេចចេញផ្សាយទាន់ពេលវេលានៅថ្ងៃនេះ ។ កាសែតទាំង៤នោះ មាន The Voice Daily ដែលពីមុន ជាទស្សនាវដ្តីដ៏ល្បីល្បាញមួយរបស់ភូមា កាសែត The Golden Fresh Land Daily, កាសែតThe Union Daily ដែលមាននិន្នាការលំអៀងខាងរដ្ឋាភិបាល និងកាសែត The Sandard Time Daily។
លោក Aung Soe, អ្នកទទួលខុសត្រូវម្នាក់នៃកាសែត The Voice Daily បានគូសបញ្ជាក់ថា ពួកគេបានរៀបចំដំណើរការចេញផ្សាយជាប្រចាំថ្ងៃនេះតាំងពី៦ខែ មកហើយ ដើម្បីអាចចេញលក់បានក្នុងដំណាក់កាលជាប្រវត្តិសាស្រ្តនេះ។
អ្នកលក់កាសែតម្នាក់នៅទីក្រុងរ៉ង់ហ្គូន បាននិយាយដោយក្តីរំភើបថា “ថ្ងៃទី១មេសានេះ គឺជាថ្ងៃដែលប្រជាជនភូមាទូទៅ ទន្ទឹងរង់ចាំខ្លាំងណាស់ដើម្បីបានក្រេបរស់ជាតិព័ត៌មានជាថ្មីឡើង វិញ ក្រោយពីត្រូវបានរបបសឹកចាប់ពិរុទ្ធអស់ជាច្រើនទស្សវត្សរ៍មកនិង ដែលរដ្ឋាភិបាលថ្មី បានសម្រេចលុបចោលកាលពីខែសីហា មុន”។ “ប្រជាជនភូមា មានចិត្តសប្បាយរីករាយខ្លាំងមែនទែនដោយបានអានជាលើកដំបូង នូវកាសែតដែលចេញផ្សាយជារៀងរាល់ថ្ងៃ”-នេះជារៀបរាប់របស់ អ្នកលក់កាសែតដដែលដោយបានគូសបញ្ជាក់ទៀតថា The Voice Daily គ្រាន់តែចេញផ្សាយភ្លាមត្រូវបានលក់ដាច់អស់គ្មានសល់ឡើយ។
សូមបញ្ជាក់ថាក្នុងជំនាន់របបសឹក គ្មានទេកាសែតឯកជនគឺមានតែកាសែតជាតិប៉ុណ្ណោះតាំងពីជាង៥០ឆ្នាំមកហើយ។ រាល់ការចេញផ្សាយឯកជន គឺមានតែម្តងទេក្នុងមួយសប្តាហ៍និងដោយផ្សាយតែនៅលើប្រព័ន្ធ អ៊ីនធ័រនែតតែប៉ុណ្ណោះ។
ចាប់តាំងពីរបបសឹកភូមាត្រូវបានរំលាយចោលចាប់តាំងពីឆ្នាំ២០១១មក រដ្ឋាភិបាល ថ្មី បានខិតខំបង្កើនការធ្វើកំណែទម្រង់ជាច្រើននៅក្នុងប្រទេស ជាពិសេសកំណែ ទម្រង់នៅក្នុងវិស័យសារព័ត៌មាន ដោយបានដោះលែងអ្នកកាសែតជាច្រើនដែល ជាប់ឃុំឃាំងនិងលុបចោលការចាប់ថ្នាក់លើសារព័ត៌មាន។ ចាប់អំណើះតទៅ ប្រធាន បទដ៏រសើបខ្លាំងដែលពីមុនគេពុំហ៊ាននិយាយដូចជាសកម្មភាពការងារ របស់លោកស្រីអ៊ុងសាន់ស៊ូជី ត្រូវបានគេចុះផ្សាយយ៉ាងចំហនៅពេញទំព័រមុខ។ ឧទ្ទាហរណ៍កាសែត The Golden Fresh Land Daily បានជ្រើសយករូបថតអតីតស្ត្រីអ្នកទោសនយោបាយម្នាក់ដែលឥឡូវក្លាយ ជាអ្នកតំណាងរាស្ត្រភូមា(លោកស្រីអ៊ុងសាន់ស៊ូជី) ដាក់នៅលើទំព័រមុខរបស់ខ្លួនសំរាប់ការចេញផ្សាយកាសែតលើកដំបូងនៅ ថ្ងៃនេះ។
ក៏ប៉ុន្តែ ទោះបីជាមានការវិវឌ្ឍន៍យ៉ាងនេះក៏ដោយក្តី យោងតាមអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន Reporters Sans frontière ប្រទេសភូមាជាប់លេខ១៥១ ក្នុងចំណោម ប្រទេស១៧៩ទូទាំងពិភពលោក នៅក្នុងវិស័យសេរីភាពសារព័ត៌មានក្នុងឆ្នាំ ២០១៣ នេះ៕ដោយ នុយ ប៊ែរណាដែត (RFI)