តុលាការខេត្តស្វាយរៀង​កោះហៅកម្មករដែល​ត្រូវគេបាញ់ឲ្យ​ចូលទៅបំភ្លឺ

កម្មការិនី ២ នាក់ ក្នុង​ចំណោម ៣ នាក់ ដែល​រងរបួសដោយ​ការបាញ់ប្រហារ​នៅក្នុង​ការ​តវ៉ាមួយ កាលពី​ខែមុន ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង ​កោះហៅ​ឲ្យ​ចូលទៅ​បំភ្លឺ​នៅថ្ងៃ ២៨ មីនា​ ខាងមុខ​នេះខណៈ​ជនសង្ស័យ ក្នុង​ការបាញ់​ប្រហារនៅមិនទាន់​ត្រូវបាន​ចោទ​ប្រកាន់​នៅឡើយ​។

ការកោះហៅ​ជន​រងគ្រោះ​ទៅបំភ្លឺ​នេះធ្វើ​ឡើង បន្ទាប់ពី​ព្រះរាជ​អាជ្ញា​លោក ហ៊ឹង ប៊ុន​ជា បាន​ធ្វើការ​សាកសួរ​ជន​សង្ស័យ ឈូក បណ្ឌិត ជាអតីត​អភិបាល​ក្រុងបាវិត កាលពីថ្ងៃ​ ១៥ មីនា។

លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុងបាវិត គឺ​ជាជន​សង្ស័យ​តែម្នាក់គត់ ក្នុង​ការ​បាញ់​ប្រហារ​ទៅលើ​កម្មករ ៣ នាក់ ឲ្យ​រង​របួស​ធ្ងន់ នៅ​ក្នុង​ការតវ៉ា​មួយ នៅក្រុង​បាវិត កាលពី​ថ្ងៃទី ២០​ ​កុម្ភៈ។ លោក ឈូក បណ្ឌិត បាន​ចូលខ្លួន​ទៅឆ្លើយ​បំភ្លឺ​ស្ងាត់ៗ មុន​ពេល​កំណត់​នៅ​តុលាការ​ខេត្ត​ស្វាយរៀង កាលពីថ្ងៃទី ១៥ មីនា បន្ទាប់ពី​បាន​បាត់ខ្លួន ចាប់តាំងពី​ថ្ងៃ​បាញ់​ប្រហារ​នោះមក​។

ជន​រងគ្រោះ ប៊ុន ចិន្តា ​បាន​និយាយ​​ថា នាង​មិនទាន់​បានទទួល​ដីកាកោះនៅ​ឡើយទេ​ តែ​នាង​ស្វាគមន៍​នឹងការកោះ​ឲ្យចូលបំភ្លឺ​នេះ​។ ​នាង​បន្ត​ថា ខ្ញុំ​មិន​ដឹងថា អ្នក​ណាបាញ់​ខ្ញុំទេ តែ​ទើបដឹង​ពេលគេ​បង្ហាញ​ឈ្មោះ​គាត់​សាធារណៈ​ គឺឈូក បណ្ឌិត​ ដែល​បាញ់ខ្ញុំ​។ ខ្ញុំ​គិតថា គាត់មាន​បំណង​បាញ់​កម្មករ​ពិតមែន។

លោក មឿន តុលា ប្រធាន​ផ្នែក​ការងារ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ ​បាន​និយាយ​ថា អង្គការ​លោក បាន​ត្រៀម​ផ្តល់​មេធាវី​ពីររូប សម្រាប់​ការពារ​រឿងក្តី​ដល់​កម្មករ ប៉ុន្តែ​លោក​មិនទាន់​បានទទួល​ដំណឹង​ពីដីកា​កោះ​នៅឡើយ៕

Related Articles

Back to top button
Close
Close