គ្រោះថ្នាក់ចរាចរណ៏ ស្លាប់ ៨នាក់ និងរបួស ១៤នាក់ នៅថ្ងៃទី ០១ខែ មេសា
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៏នៅទូទាំងប្រទេសកម្ពុជា បានឆក់ស្រូបជីវិតមនុស្សយ៉ាងហោចណាស់៨នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល១៤នាក់ទៀត។ នេះបើតាមតួលេខដែលស្រង់បានដោយនាយកដ្ឋាន សណ្ដាប់់ធ្នាប់ចរាចរណ៏ នៃ អគ្គស្នងការនគរបាលជាតិ ។
របាយការណ៏ដែលគេរកឃើញនៅលើគេហទំព័រ ស្នងការនគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងដល់ទៅ ១៣លើក (យប់ ៧លើក), បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ (ស្រីម្នាក់), របួសធ្ងន់ ៩នាក់ (ប្រុស), របួសស្រាល ៥នាក់ (ប្រុស) ក្នុងនោះបានបង្កឲ្យខូចខាតយានយន្តសរុប ២២គ្រឿង ក្នុងនោះម៉ូតូ ១៣គ្រឿង, រថយន្តធុនតូច ៧គ្រឿង, រថយន្តធុនធំ ១គ្រឿង និងយានផ្សេង ១គ្រឿង ។
របាយការណ៏ដដែលបន្តថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ស្លាប់និងរងរបួសនេះ គឺ បណ្តាលមកពីអ្នកបើកបរល្មើសល្បឿនកំណត់ ៣លើក, មិនគោរពសិទ្ធអាទិភាព ២លើក, មិនប្រកាន់ស្តាំ ២លើក, ប្រជែងគ្រោះថ្នាក់ ២លើក, បត់គ្រោះថ្នាក់ ២លើក, ស្រវឹង ២លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ៧នាក់)៕