ស្ត្រីបម្រើតាមកន្លែងកម្សាន្តជាង ២ម៉ឺននាក់ មានផ្ទុកមេរោគអេដស៍មិនដឹងខ្លួន
Cambodia News
ភ្នំពេញ ៖ នៅថ្ងៃទី១ មេសា ២០១៣ ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ និងមេរោគស្វាយ ដោយជោះឈាមពីចុងម្រាមដៃនៅសណ្ឋាគារភ្នំពេញ លោកវេជ្ជបណ្ឌិត ទិត ឃីមុយ នាយករងអង្គការខាណាបានលើកឡើងថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញយើងមានស្ត្រីដែលបម្រើតាមកន្លែង កម្សាន្តសប្បាយនានា មានជិត២ម៉ឺននាក់ ក្នុងនោះមានមនុស្សជាង១ម៉ឺននាក់កំពុងតែរងការប្រឈមនឹងជំងឺអេដស៍។
លោកវេជ្ជបណ្ឌិតបន្តថា ចំពោះវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ក្នុងគោលបំណងចម្បងនោះ គឺធ្វើយ៉ាងណាដើម្បីស្វែងរកអ្នកផ្ទុកមេរោគ ដើម្បីធ្វើការប្រឹក្សា និងធ្វើតេស្តឈាមទៅលើពួកគាត់និងណែនាំឲ្យទៅរកកន្លែងព្យាបាល។
លោកវេជ្ជបណ្ឌិតបន្តទៀតថា នៅឆ្នាំ១៩៩៨ អ្នកដែលផ្ទុកមេរោគអេដស៍ និងស្លាប់ដោយសារជំងឺអេដស៍មានរហូតដល់ទៅ៥០% ប៉ុន្តែបច្ចុប្បន្នអត្រាអ្នកផ្ទុកមេរោគអេដស៍ និងអ្នកស្លាប់ដោយសារមេរោគអេដស៍មានតិចបំផុតដែលជាគោលការណ៍នៅឆ្នាំ២០២០ នឹងកាត់ផ្តាច់ឲ្យអស់ពីបញ្ហាមេរោគអេដស៍ និងអ្នកស្លាប់ដោយសារជំងឺអេដស៍ មិនឲ្យមានការឆ្លងថ្មីទៀត៕