ក្រុមអ្នកជួយសង្រ្គោះកំពុងខ្នះខ្នែងជួយសង្រ្គោះកម្មករអណ្តូងរ៉ែមាស ៨៣នាក់ដែលត្រូវដីបាក់សង្កត់
នៅ ដែនដីទីបេក្នុងប្រទេសចិន ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តខ្នះខ្នែងជួយស្រោចស្រង់ជីវិតកម្មករ អណ្តូងរ៉ែមាសចំនួន ៨៣នាក់ដែលកំពុងជាប់ក្នុងអណ្តូងរ៉ែក្បែរទីក្រុងឡាសសា។ កម្មករអណ្តូងរ៉ែចិនទំាង ៨៣នាក់នោះត្រូវដីរាប់សិបតោនបាក់សង្កត់លើកាលពីព្រឹកថ្ងៃសុក្រ ទី២៩ មីនាម្សិលមិញ។ ពេលវេលាកាន់តែរំកិលទៅមុខ សេចក្តីសង្ឃឹមស្វែងរកអ្នកនៅមានជីវិតកាន់តែស្តួច ស្តើងទៅៗ។
ជា សរុប មានក្រុមអ្នកជួយសង្រ្គោះជាង ២ ០០០នាក់ដែលត្រូវបានរដ្ឋអំណាចបញ្ជូនទៅកាន់កន្លែងគ្រោះថ្នាក់ដែល ស្ថិតនៅតំបន់ព្រៃភ្នំទីបេមានកំពស់ ៤ ៦០០ម៉ែត្រពីដី។ គឺជាព្រឹត្តិការណ៍បន្ទាន់មួយដែលលោកប្រធានាធិបតីថ្មីចិន ស៊ី ជីនពីងបានចេញបញ្ជាដោយផ្ទាល់តែម្តង។ លោកស៊ី ជីនពីងបានបញ្ជាឲ្យអ្នកជួយសង្រ្គោះគ្រប់រូបកុំសន្សំសំចៃកម្លំាង របស់ខ្លួនឲ្យសោះ ដោយធ្វើយ៉ាងណា ប្រឹងប្រែងជីកគោះ កកាយដី និងគ្រោះថ្មដែលកំពុងបាក់សង្កត់លើកម្មករអណ្តូងរ៉ែមាសទំាង ៨៣នាក់នោះ។
គួរជម្រាបជូនថា ការបាក់ដី និងផ្ទំាងថ្មនៅព្រឹកថ្ងៃសុក្រម្សិលមិញមានលក្ខណៈធំធេង និងធ្ងន់ធ្ងរយ៉ាងខ្លំាង រហូតដល់បណ្តាលឲ្យឥទ្ធិពលរបស់កម្លំាងដី និងផ្ទំាងថ្មទៅកាត់ផ្តាច់គ្រឿងចក្រជាពីរចំណែកទៀតផង។ ក្រុមកម្មករអណ្តូងរ៉ែដែលកំពុងបាត់ខ្លួន គឺជាកម្មករដែលរស់នៅកន្លែងធ្វើការ និងបម្រើការឲ្យក្រុមហ៊ុនផលិតមាសដ៏ធំមួយរបស់ចិន។ ម្យ៉ាងទៀត កម្មករទំាងនោះ ភាគច្រើនមិនមែនជាអ្នកស្រុក អ្នកភូមិនៅទីនោះទេ តែជាកម្មករមកពីខេត្តជិតខាងដូចយ៉ាងខេត្ត Yunnan Guizhou និងខេត្ត Sichuan ។
ទីបេ គឺជាតំបន់មួយដែលសម្បូរទៅដោយប្រភពធនធានរ៉ែគ្រប់ប្រភេទ ពិសេសគឺរ៉ែមាស រ៉ែទង់ដែង រ៉ែសំណ និងរ៉ែស័ង្កសី។ ទំាងនេះបានធ្វើឲ្យទីបេក្លាយជាតំបន់យុទ្ធសាស្រ្តមួយយ៉ាងសំខាន់ របស់ទីក្រុងប៉េកំាង។ ទីក្រុងប៉េកំាងដែលមិនញញើតនឹងធ្វើអាជីវកម្មលើប្រភពរ៉ែទំាងនោះ ក្រោមទ្រង់ទ្រាយធំឡើយ បើទោះបីជាត្រូវប្រឈមនឹងគ្រោះថ្នាក់បាក់ដី និងផ្ទំាងដូចពេលនេះក៏ដោយ៕ដោយ គួច គន្ធារ៉ា (RFI)