អ្នកវិទ្យាសាស្រ្ដអូស្រ្ដាលីរកឃើញហ្សែនបង្កឲ្យកើតជំងឺឆ្កួតជ្រូក
បណ្ដាអ្នកស្រាវជ្រាវអូស្រ្ដាលីបានរកឃើញ នូវហ្សែន ឬពន្ធុមួយប្រភេទដែលធ្វើឲ្យកើតជំងឺឆ្កួតជ្រូកទូទៅ ហើយថា របកគំហើញនេះនឹងត្រួសត្រាយផ្លូវឲ្យមានការធ្វើតេស្ដហ្សែន។
ការសិក្សានេះធ្វើឡើងដោយវិទ្យាស្ថាន Florey ផ្នែកសុខភាពផ្លូវចិត្ដ និងសរសៃប្រសាទវិទ្យាបានរកឃើញនូវប្រភេទហ្សែនមួយដែលបណ្ដាលឲ្យ មានជំងឺឆ្កួតជ្រូក (focal epilepsy) ហើយអាចជាជំងឺតំណពូជ។
កាល ពីមុន គេជឿជាក់ថា ជំងឺឆ្កួតជ្រូក ឬជំងឺស្កន់នេះបណ្ដាលមកពីការរបួសខួរក្បាល ឬដោយសារដុំសាច់ដុះក្នុងខួរក្បាល។
អ្នកស្រី Ingrid Scheffer ប្រធានក្រុមស្រាវជ្រាវនេះមានប្រសាសន៍ថា ការរកឃើញថ្មីនេះ គឺមានសារៈសំខាន់ណាស់។ លោកស្រីថា ប្រសិនបើជនណាម្នាក់មានជំងឺស្កន់នេះ តែពីមុនមកគេមិនដឹងពីមូលហេតុណាមួយនោះ គេគួរតែធ្វើតេស្ដហ្សែនប្រភេទនេះ ដើម្បីរកឲ្យឃើញថាតើហ្សែននេះមានការវិវឌ្ឍប្រែប្រួល ឬយ៉ាងណា៕ (Radio Australia)