លោក ថេន សេន បារម្ភ​អំពី​រូប​ភាព​ប្រទេស​មីយ៉ាន់​ម៉ា​លើ​ឆាក​អន្ដរ​ជាតិ

លោក ថេន សេន ប្រធានាធិបតី​នៃ​ប្រទេស​មីយ៉ាន់​ម៉ា​បាន​មាន​ប្រសាសន៍​ថា ស្ថាន​ភាព​ហិង្សា​នៅ​តាម​ភូមិ​ឃុំ​នៃ​ប្រទេស​របស់​លោក បាន​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​លើ​ឆាក​អន្ដរ​ជាតិ។

កាល ​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ លោក​ ថេន សេន បាន​មាន​ប្រសាសន៍​តាម​វិទ្យុ​ថា ការ​ដុត​កម្ទេច​វិហារ​អ៊ិស្លាម និង​ផ្ទះ​សម្បែង​ពល​រដ្ឋ​ជា​ច្រើន​ខ្នង​នៅ​ក្នុង​ព្រឹត្ដិការណ៍​ហិង្សា​ជា​ ច្រើន​លើក​ដែល​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០ ខែ​មីនា​ គឺ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ភាព​ថ្លៃ​ថ្នូរ​នៃ​ប្រទេស​មីយ៉ាន់ម៉ា។

ការ ​ប៉ះ​ទង្គិច​គ្នា​ដ៏​សាហាវ​រវាង​ក្រុម​អ៊ិស្លាម​សាសនិក និង​ពុទ្ធ​សាសនិក​នៅ​រដ្ឋ​ Rakhine ប៉ែក​ខាង​លិច​ប្រទេស​ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​ទៅ​មិញ​ មក​ទល់​ពេល​នេះ ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​១៨០​នាក់​ស្លាប់​បាត់​បង់​ជីវិត។

លោក ​ប្រធានាធិបតី​ ថេន សេន បាន​ព្រមាន​ថា ដំណើរ​ការ​ផ្លាស់​ប្ដូរ​នៃ​ប្រទេស​មីយ៉ាន់​ម៉ា​ទៅ​រក​លទ្ធិ​ប្រជា​ធិបតេយ្យ​ អាច​ត្រូវ​រង្គោះ​រង្គើ​ដោយ​សារ​តែ​ការ​វាយ​ប្រហារ​គ្នា​នេះ។

កាល​ពី ​ ថ្ងៃ​សៅរ៍​អង្គការ​សហប្រតិបត្ដិការ​អ៊ិស្លាម​បាន​និយាយ​ថា ប្រទេស​ជា​សមាជិក​អង្គការ​នេះ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ខាង​មុខ​នៅ​ប្រទេស​អារ៉ាប់​សាអូឌីត​ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ​ជុំវិញ​ បញ្ហា​ហិង្សា​ប្រឆាំង​នឹង​អ៊ិស្លាម​សាសនិក​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា៕​ (Radio Australia)

Related Articles

Back to top button
Close
Close