ICJ នឹងចាក់ផ្សាយផ្ទាល់នូវសវនាការរឿងក្ដីប្រាសាទព្រះវិហារ
Cambodia News
ភ្នំពេញ៖ ចាប់ពីថ្ងៃចន្ទ ទី១៥ ដល់ថ្ងៃសុក្រ ទី១៩ ខែមេសា ខាងមុខនេះ តុលាការយុត្ដិធម៌អន្ដរជាតិហៅកាត់ថា ICJ នៅក្រុងឡាអេ នឹងបើកសវនាការបកស្រាយរឿងរ៉ាវប្រាសាទព្រះវិហារទៅតាមសំណើររបស់ ភាគីកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ ICJ ចេញផ្សាយកាលពីចុងសប្តាហ៍មុន ឲ្យដឹងថា តុលាការនឹងផ្សាយបន្តផ្ទាល់សវនាការចោទសួរសំណួររវាងប្រទេសទាំងពីរ នៅលើគេហទំព័ររបស់ខ្លួន (www.icj-cij.org) និងនៅលើប៉ុស្តិ៍ទូរទស្សន៍អនឡាញ(http://webtv.un.org)។
នៅថ្ងៃចន្ទ ទី១៥ ខែមេសា ភាគីកម្ពុជានឹងឡើងបកស្រាយពីម៉ោង១០ព្រឹក ដល់ម៉ោង១រសៀល និងពីម៉ោង៣ ដល់ម៉ោង៤កន្លះល្ងាចម៉ោងនៅក្រុងឡាអេ។ រីឯភាគីថៃ នឹងឡើងបកស្រាយនៅថ្ងៃពុធ ទី១៧ ពីម៉ោង ១០ព្រឹក ដល់ម៉ោង១រសៀល និងពីម៉ោង៣ ដល់ម៉ោង៤កន្លះល្ងាច។
ចំណែកទឹកទី២ នៃការតតាំងគ្នា នឹងធ្វើឡើងនៅថ្ងៃទី១៨ និងទី១៩ មេសា។ ភាគីកម្ពុជានឹងឡើងបកស្រាយពីម៉ោង៣ ដល់ម៉ោង៥ នៅថ្ងៃព្រហស្បតិ៍ទី១៨។ រីឯភាគីថៃនឹងឡើងបកស្រាយក្ដីនៅថ្ងៃសុក្រទី១៩ ពីម៉ោង ៣ ដល់ម៉ោង៥ ល្ងាចដូចគ្នាម៉ោងនៅក្រុងឡាអេប្រទេសហូឡង់។
សម្រាប់គណៈប្រតិភូកម្ពុជា ដែលនឹងចូលរួមសវនាការ រួមមាន រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ជាប្រធាន ប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ លោក វ៉ា គឹមហុង ជាអនុប្រធាន រដ្ឋលេខាធិការក្រសួងការបរទេស លោក ឡុង វីសាលោ អនុប្រធាន និងសមាជិកមួយចំនួនទៀត ក្នុងនោះមានអ្នកច្បាប់ អ្នកជំនាញព្រំដែនសរុបជិត ១០នាក់៕