ពលរដ្ឋបឹងកក់ដែលហែរក្បួនទៅភូមិគ្រឹះនាយករដ្ឋមន្ត្រីត្រូវសមត្ថកិច្ចហាមឃាត់
ភ្នំពេញ: កាលពីព្រឹកថ្ងៃទី១៨ មីនា ២០១២ប្រជាពលរដ្ឋបឹងកក់ប្រមាណជាង១០០នាក់ បានហែរក្បួនចេញពីក្នុងភូមិ ទៅភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវិមានឯករាជ្យ ដើម្បីអោយ សម្តេច និងលោកជំទាវ ជួយអន្តរាគមន៍ដល់ពួកគាត់នា ។
ប៉ុន្តែនៅពេលដែលប្រជាពលរដ្ឋបានធ្វើដំណើរទៅដល់វត្តបទុមវត្តីត្រូវបាន កំលាំងអាជ្ញាធរមានសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋានជានគរបាល និងមានកំលាំង សណ្តាប់ធ្នាប់ ខណ្ឌដូនពេញបានធ្វើការមកស្ទាក់ដំណើររបស់ប្រជាពលរដ្ឋដោយមិនអោយបន្តទៅ ភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
បន្ទាប់ពី មានការហាមឃាត់មិនអោយបន្តដំណើរទៅមុខបាន ក្រុមប្រជាពលរដ្ឋបាននាំគ្នាលត់ជង្គង់ នៅកណ្តាលផ្លូវទីដែលនគរបាលឃាត់ ដើម្បី ធ្វើយ៉ាងណាអោយលិខិតរបស់ពួកគាត់បានទៅដល់ សម្តេចនាយករដ្ឋមន្ត្រី។ ពីព្រោះប្រជាពលរដ្ឋ បានដាក់លិខិតជាច្រើនដងមកហើយ មិនមានការឆ្លើយតបអ្វីនោះទេ។
ដោយមានការសម្របសម្រួលគ្នារវាង ប្រជាពលរដ្ឋ និងអាជ្ញាធរ ក្រុមប្រជាពលរដ្ឋក៏បាននាំគ្នាឈរនៅចញ្ចើមផ្លូវ ដើម្បីរៀបចំ លិខិតដាក់ជូន សមម្តេចនាយករដ្ឋមន្ត្រី តែមិនត្រូវបានមន្ត្រីខុទ្ទកាល័យទទួលយកទេ ដោយសារតែថ្ងៃអាទិត្យមិនមានអ្នកធ្វើការ។
ហេតុដូចនេះ ប្រជាពលរដ្ឋក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញដោយអះអាងថា នឹងមកដាក់លិខិតជូនសម្តេចម្តងទៀតនៅថ្ងៃទី១៩ ខែមីនាស្អែក អ្នកស្រី ទេព វណ្ណី បានអោយដឹងថា គោលបំណងដែលពួកគាត់នាំគ្នាមកភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី គឺដើម្បីសុំអោយសម្តេចជួយដល់ប្រជាពលរដ្ឋដែលកំពុងតែរស់នៅ តំបន់បឹងកក់។
សូមជម្រាបថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ដី ១២.៤៤ ហិកតា ជាប្រទានកម្មដល់ប្រជាពលរដ្ឋតំបន់បឹងកក់។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមានបញ្ហាតវ៉ាពីសំណាក់ប្រជាពលរដ្ឋ ដោយសារតែសាលារាជធានិភ្នំពេញមិនបានធ្វើការកំណត់ព្រំប្រទល់ដី១២.៤៤ ហិកតា អោយប្រជាពលរដ្ឋ បានដឹងថានៅកន្លែងណា និងបានកាត់ប្រជាពលរដ្ឋជិត១០០គ្រួសារចេញមិនអោយស្ថិតក្នុងដី១២.៤៤ ហិកតា រួមទាំងបញ្ហាផ្សេងទៀត ដែលកត្តានេះហើយបានបង្កជាបញ្ហាមិនចេះចប់មិនចេះហើយ៕