ក្មេងស្រីប៉ាគីស្ថានរងគ្រោះម្នាក់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសៀវភៅអំពីប្រវត្តិខ្លួនតម្លៃ៣លានដុល្លារ
ក្មេងស្រីជនជាតិប៉ាគីស្ថានមួយរូប ឈ្មោះ Malala Yousafzaiដែលពួកតាលីបង់បាញ់នឹងកាំភ្លើងត្រូវចំក្បាលរបស់នាង នោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការសរសេរសៀវភៅមួយដែល មានតម្លៃប្រហែល ៣ លានដុល្លារ។
ក្មេងស្រីដែលមានអាយុ ១៥ឆ្នាំរូបនេះបាននិយាយថា សៀវភៅនេះនឹងរៀបរាប់ពីរឿងរ៉ាវជីវិតរបស់នាង និងរឿងរ៉ាវកុមាររាប់លាននាក់ផ្សេងទៀត ដែលមិនទទួលបានការអប់រំនៅប្រទេសកំណើតរបស់នាង។
នាងបាននិយាយថា នាងចង់ឲ្យការបោះពុម្ពសៀវភៅនេះជាផ្នែកមួយនៃយុទ្ធនាការដើម្បី ផ្តល់សិទ្ធិដល់ក្មេងស្រី និងក្មេងប្រុសគ្រប់រូបបានទៅសាលារៀន។
សៀវភៅ ដែលនឹងបោះពុម្ពផ្សាយនេះមានចំណងជើងថា ខ្ញុំជា Malala ឬ ជាភាសាអង់គ្លេសមានចំណងជើងថា I am Malala ក៏នឹងរៀបរាប់ពីព្រឹត្តិការណ៍កាលពីខែតុលា ឆ្នាំមុន ដែលក្មាន់កាំភ្លើងម្នាក់បានដើរទៅកាន់រថយន្តដឹកសិស្សទៅសាលា មួយ រួចបានបាញ់រូបនាងត្រូវក្បាលនៅតំបន់ Swat Valley។
បន្ទាប់ មកគេក៏បានដឹកកុមារី Malala ទៅកាន់ប្រទេសអង់គ្លេសដើម្បីទទួលការព្យាបាលពិសេស ហើយរូបនាងបានចាប់ផ្តើមចូលរៀនឡើងវិញនៅដើមខែនេះនៅប្រទេសអង់ គ្លេស៕ (Radio Australia )