ទស្សនកិច្ច​​​លោក​​​ប្រធានាធិបតី​​​រុស្ស៊ី​​​ពូទីន​​​ នៅ​​​សាធារណរដ្ឋ​​​អាហ្វ្រិក​ខាងត្បូង​​​

ទស្សនកិច្ចនេះ​បានប្រព្រឹត្តទៅ ថ្ងៃ២៦ និង​២៧​មិនា ក្នុង​ក្របខ័ណ្ឌ​ជំនួប​កំពូល​នៃ​ក្រុម​៥​ប្រទេស ដែលមាន​សេដ្ឋកិច្ច​លូតលាស់​ដោយ​ចង្វាក់​ខ្ពស់​ជាងគេ ហៅ កាត់​ថា BRICS ពោលគឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង អាហ្វ្រិក​ខាងត្បូង។ ជា​លទ្ធផល​នៃ​កិច្ចចរចា​ទ្វេ​ភាគី រវាង​លោក​ពូទីន និង លោក Jacob Zuma ប្រមុខ​នៃ​រដ្ឋ​អាហ្វ្រិកខាងត្បូង ជា​ប្រទេស​ម្ចាស់​ផ្ទះ​ទទួល​ជំនួប​កំពូល​នេះ មាន​ចុះ​បាន​ឯកសារ ១០​ច្បាប់។

ក្នុង ​ចំណោម​ឯកសារ​ទាំងនោះ សំខាន់​ជា​គោល​គឺ “សេចក្តីថ្លែងការណ៍​រួម​ស្តី​អំពី​ការ​តាំង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ ​ជ្រុងជ្រោយ រវាង​សហព័ន្ធ​រុស្ស៊ី និង​សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង”។ ឯកសារ​នេះ​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​សមភាគី​អាហ្វ្រិក​ខាងត្បូង លោក Jacob Zuma ផ្ទាល់​តែ​ម្តង។

ឯកសារ ​នេះ​រួម​ក្តោប សហប្រតិបត្តិការ​វិស័យ​នយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម សហប្រតិបត្តិការ​រវាង​រដ្ឋសភា វិស័យ​ការពារជាតិ វិទ្យាសាស្ត្រ-បច្ចេកទេស និង ផ្នែកមនុស្សធម៌។ល។ ឯកសារ​នេះ​តាក់តែង​ឡើង​ជា​ពីរច្បាប់​មាន​តម្លៃ​ស្មើគ្នា ជា​ភាសា​អង់គ្លេស​ផង រុស្ស៊ី​ផង។ ជា​ការ​កត់​សម្គាល់ សាធារ ណរដ្ឋ​អាហ្វ្រិក​ខាងត្បូង​ជា​មហាអំណាច​សេដ្ឋកិច្ច​នាំមុខ​គេ​នៃ​ទ្វីប​ អាហ្វ្រិក។

បន្ទាប់​មក នៅ​ពី​មុខ​វត្តមាន​ប្រមុខរដ្ឋ​ទាំងពីរ មាន​ប្រព្រឹត្ត​ទៅ​ការ​ចុះ​ហត្ថលេ ខា​លើ​ឯកសារ​ចំនួន ៩ច្បាប់​ផ្សេង គឺ​ជា​កិច្ច​ព្រមព្រៀង និង​អនុស្សរណៈ​លើ​វិស័យ​បែបយ៉ាង ថាមពល សុវត្ថិភាព​ផ្នែក​អាកាសចរណ៍ ការ​ទទួលស្គាល់​សញ្ញា ប័ត្រ​ទៅវិញ​ទៅមក ផ្នែក​វប្បធម៌ ការស្រាវជ្រាវ​ផ្នែក​តារាសាស្ត្រ វិនិយោគ​ទៅ​ក្នុង​វិស័យរ៉ែ​ជាដើម។

ថ្លែងក្នុង​សន្និសីទ​កាសែត លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បាន​បង្ហើប​ឲ្យដឹង​ថា ក្នុង​ឆ្នាំ​២០១២ កន្លង​ទៅ ក្រុមហ៊ុន​រុស្ស៊ី​បាន​បោះ​ទុន ៣៥០​លាន​ដុល្លារ​អាមេរិក ទៅក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ជីក​រ៉ែ Manganèse និង ២៥០​លាន​ដុល្លារ ទៅក្នុង​ការ​កែ​ឲ្យទំនើប​ឡើង​រោងចក្រ​ខាង​ស្លរំលាយ​ដែកថែប នៅ​អាហ្វ្រិក​ខាងត្បូង ព្រមទាំង ១០០​លាន​ដុល្លារ ទៅក្នុង​ការ​សាងសង់​ឡើងវិញ រោងចក្រ Nickel ដើម្បី​បង្កើន​សមត្ថភាព​ផលិត​លោហធាតុ​នេះ ឲ្យបាន​២,៥ដង​ឯណោះ។

ដោយហេតុ​ថា អាហ្វ្រិក​ខាងត្បូង​សម្បូណ៌​ដោយ​រ៉ែ Uranium លោក​ប្រមុខរដ្ឋ​រុស្ស៊ី​ពូទីន បាន​បំផុស​មក​ជា​សំណើ​ជួយ​បង្កើត​ឡើង​នៅក្នុង​ប្រទេស​នេះ ជា​ឧស្សាហកម្ម​បរមាណូ ទាំង​លំអិត​ថា គឺតាំង​ពី​ការជីក​យក​វត្ថុធាតុ​ដើម ការសង់​ឡើង​ជា​ស្ថានីយ​អគ្គិសនី​ដើរដោយ​ថាមពល​បរមាណូ ជា​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​សម្រាប់​ស្រាវជ្រាវ រហូត​ដល់​ការ​ធ្វើ​គម្រោង​ឲ្យ​អាហ្វ្រិក​ខាងត្បូង​ចេះ​ផលិតបាន​ដោយ​ខ្លួនឯង ជា​គ្រឿងចក្រ​បរមាណូ​តែម្តង។ អស់​ទាំងនេះ​តាម​ប្រសាសន៍​លោក​ពូទីន នឹង​ប្រព្រឹត្ត​ទៅ​ដោយមាន​ការផ្តល់​ឥណទាន​ពេញទី​ពី​ខាង​រុស្ស៊ី និង​ការ​ជួយ​បណ្តុះបណ្តាល​ពួក​អ្នកឯកទេស​អាហ្វ្រិកខាងត្បូង​ទៅផង។

ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម លោក​ពូទីន​រំលឹក​ថា ក្នុង​ឆ្នាំ​២០១២ បើប្រៀប​ទៅនឹង​ឆ្នាំ​២០១១ ទំហំ​ផ្តោះប្តូរ​ទំនិញ​រវាងរុស្ស៊ី​និង​អាហ្វ្រិកខាងត្បូង បានកើន​ឡើង​៦៦% លុះដល់​ទឹកប្រាក់​ប្រមាណ ១.០០០លាន​ដុល្លារ ហើយ​ទំហំនេះ​ត្រូវ​គូភាគី​សម្រេច​ថា បង្កើនឲ្យ​បាន​ក្រាស់ក្រែល​មែនទែន​ ក្នុង​ប៉ុន្មានឆ្នាំ​ចំពោះ​មុខ៕ ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close