ខ្មែរនៅអូទ្រីសព្យាយាមរក្សាវប្បធម៌ខ្មែរ
រដ្ឋធានី វីយែន ប្រទេសអូទ្រីស៖ សង្គ្រាមដ៏រ៉ាំរ៉ៃជិតបីទសវត្សរ៍បានធ្វើរុញច្រានពលរដ្ឋខ្មែរ រាប់សែននាក់ធ្វើ ចំណាកស្រុកទៅក្រៅប្រទេស ពាសពេញពិភពលោក ក្នុងនោះក៏មាននៅប្រទេសអូទ្រីសផងដែរ។
ទោះបី ឃ្លាតឆ្ងាយពីមាតុភូមិជាច្រើនឆ្នាំក្តី ពួកគេនៅតែរក្សាបានអត្ត សញ្ញាណជាខ្មែរនិងកំពុងព្យាយាមបន្តវេនភាព ជាខ្មែរនេះដល់កូនចៅរបស់ពួកគេ។ ដើម្បីរក្សាអត្តសញ្ញាណជាតិ ពលរដ្ឋខ្មែរនៅអូទ្រីសបានរួមគ្នាចងក្រងជាសហគមន៍ខ្មែរនៅ អូទ្រីស រៀបចំពិធីប្រពៃណីសាសនារួមគ្នា មានការបង្រៀនរបាំ ភាសា និងអក្សរខ្មែរសម្រាប់កូនខ្មែរដែលកើតនៅទីនោះ។
លោក កៅ សាវុធ ជាអតីតប្រធានសមាគមខ្មែរនៅអូទ្រីស ដែលបានមករស់នៅប្រទេសអូទ្រីសនៅដើមទសវត្សរ៍៨០។ លោក សាវុធ បានពន្យល់ពីមូលហេតុដែលលោកសម្រេចចងក្រងជាសហគមន៍ខ្មែរអូទ្រីស នេះឡើងនៅឆ្នាំ២០០៩ គឺដើម្បីរួបរួមខ្មែរនៅប្រទេសអូទ្រីសដើម្បីជួយអភិវឌ្ឍប្រទេស កម្ពុជានិងងាយស្រួលប្រារព្ធពិធីប្រពៃណីរួមគ្នា។
«ខ្ញុំ ខំប្រមែប្រមូលខ្មែរយើងពីនេះមួយ ពីនោះមួយ ធ្វើឱ្យសមាគមនេះបានធំធាត់ យើងប្រមូលឱ្យបង្កើតឱ្យមានជាបុណ្យចូលឆ្នាំឱ្យមានជារបាំឡើង ដើម្បីផ្សាយជាអារ្យធម៌និងប្រពៃណីខ្មែរយើងឱ្យជនជាតិគេឃើញ ឱ្យគេស្គាល់។ កុំឱ្យគេថាយើងរត់ហ្នឹងដោយសារប្រទេសយើងជាប្រទេសមួយអត់មានអ្វី ហូប មិនមែនទេ យើងជាប្រទេសមួយដែលសម្បូរបែប ដីមានជីវជាតិ ប៉ុន្តែជាអកុសល ស្រុកយើងមានសង្គ្រាម»។
រហូត មកទល់បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋខ្មែរប្រហែល២.០០០នាក់ បានមកតាំងលំនៅអូទ្រីសដែលស្ថិតនៅទ្វីបអឺរ៉ុបភាគកណ្តាល។ នៅពេលពិធីបុណ្យចូលឆ្នាំម្តងៗ ពលរដ្ឋខ្មែរនៅទូទាំងប្រទេសបានមកជួបជុំគ្នានៅទីក្រុងលីន ចំងាយប្រហែលជា២០០គីឡូម៉ែត្រពីរដ្ឋធានីវ៉្យែន ដែលមានជនជាតិខ្មែររស់នៅច្រើនជាងគេ។ ក្នុងពិធីនោះ គេឃើញមានការសម្ដែងរបាំប្រពៃណីដូចជា របាំជូនពរ របាំភួងនារី និងរបាំនារីជាជួរ និងរបាំប្រជាប្រិយដូចជា របាំគែននិងរបាំក្រមា ដែលសម្ដែងដោយកូនខ្មែរដែលកើតនៅអូទ្រីស និងខ្លះជាកុមារជនជាតិអូទ្រីស។ ក្រៅពីរបាំនៅពេលជួបជុំប្រចាំឆ្នាំនេះ ក៏ឃើញមានការលេងកីឡា ការចែករំលែកម្ហូបខ្មែរ និងពិធីតាមបែបសាសនាព្រះពុទ្ធផ្សេងៗផងដែរ។
រស់នៅ សង្កាត់ឃ្មូនឌឹន (Gmunden) ភាគខាងជើងប្រទេសអូទ្រីសតាំងពីឆ្នាំ១៩៩៥ អ្នកស្រី អ៊ុំ ផល្លា ជាគ្រូបង្កាត់របាំបុរាណនិងប្រជាប្រិយខ្មែរនៅទីនេះ។ អ្នកស្រីតែងតែបង្ហាត់របាំដល់កូនខ្មែរនិងកុមារអូទ្រីសខ្លះ ប្រហែលពីរម៉ោង ជារៀង រាល់ថ្ងៃសៅរ៍ឬថ្ងៃអាទិត្យ រយៈពេលបីខែដើម្បីត្រៀមសម្ដែងក្នុងពិធីបុណ្យចួលឆ្នាំខ្មែរ។
ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១២ នៅក្រុង Linz ប្រទេសអូទ្រីស។
អ្នកស្រីសម្រេចចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីបង្រៀនរបាំ នេះគឺដើម្បីឱ្យកូនខ្មែរដែលកើតនៅទីនោះស្គាល់ពីវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណខ្មែរ និងផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ជនជាតិបរទេសនៅអូទ្រីស។
«សម្រាប់ កូនក្មេងឱ្យវាស្គាល់ដឹងថា យើងមានវប្បធម៌របស់យើងដ៏ស្អាតជាយូរណាស់មកហើយ ជាពិសេសក្មេងៗតូចៗ ឱ្យវាចងចាំទុកទៅថ្ងៃក្រោយទៀត។ ជាពិសេសយើងចង់ឱ្យពួកអូទ្រីស នៅពេលយើងធ្វើចូលឆ្នាំម្តងៗមិនមែនមានតែខ្មែរយើងសុទ្ធទេ ពួកអូទ្រីសក៏គេចូលមកច្រើនដែរ។សម្រាប់ពួកអូទ្រីសគឺគេគាំទ្រ ខ្លាំង គេឃើញគឺគេសប្បាយ គេអស្ចារ្យគឺជារបាំដែលគេមិនដែលឃើញ គេកោតសរសើរមែនទែន។»
លោក កៅ សាវុធ ថ្លែងទាំងទឹកមុខញញឹមថា មុនដំបូងជនជាតិបរទេសដែលរស់នៅអូទ្រីសច្រឡំថារបាំទាំងនោះជារបស់ ថៃ ប៉ុន្តែបន្ទាប់ពីមានការចាក់ផ្សាយ តាមទូរទស្សន៍និងវិទ្យុជាបន្ត បន្ទាប់ ពួកគេបានទទួលស្គាល់ថា នោះជារបាំនិងទំនៀមទម្លាប់ខ្មែរវិញ។ លោក សាវុធ បន្ថែមថា កូនខ្មែរដែលកើតនៅប្រទេសអូទ្រីសទាំងអស់មានមោទនភាពជាជនជាតិ ខ្មែរ។
«កូន ខ្មែរទាំងអស់ទោះបីវាមិនសូវបានចូលប្រឡូកជាមួយសង្គមខ្មែរ យើងឱ្យបានញឹកញាប់ ក៏ប៉ុន្តែវានៅតែតាំងខ្លួនវាជាខ្មែរ។ ពេលគេសួរវាថាជាខ្មែរឬ? វាមិនដែលខ្មាស់អៀនថាវាជាខ្មែរ។ វានៅតែមោទនភាពថាវាជាខ្មែរ ទោះបីអ្នកខ្លះអត់ចេះភាសាខ្មែរ វាក៏ថាវាជាខ្មែរដែរ ព្រោះប៉ានិងម៉ាក់វាជាខ្មែរ ទោះបីកើតនៅអូទ្រីសវាក៏នៅតែជាខ្មែរដែរ។»
ពលរដ្ឋ ខ្មែរដែលធ្វើចំណាកស្រុកទៅអូទ្រីសមានបីជំនាន់ ពោលគឺក្រោយរបបខ្មែរក្រហមតាមព្រំដែនខ្មែរថៃ តាមរយៈអាហារូបករណ៍ប្រទេសឆេកូស្លូវ៉ាគីនៅសម័យរដ្ឋកម្ពុជា និងនៅពេលក្រោយមកទៀត។
ជា អតីតនិស្សិតខ្មែរទទួលអាហារូបករណ៍ពីសាធារណរដ្ឋឆេកូស្លូវ៉ាគី លោក ព្រំ វណ្ណា បានរស់នៅប្រទេសអូទ្រីសជិត៣០ឆ្នាំហើយ។ លោករស់នៅរដ្ឋធានីវ្យ៉ែនដែលមានខ្មែររស់នៅប្រហែល៤០គ្រួសារ ប៉ុណ្ណោះ។លោកបានសង្កេត ឃើញថា កូនស្រីរបស់លោក ទោះបីជាកើតនៅប្រទេសអូទ្រីសក្តី ក៏តាំងខ្លួនថាជាខ្មែរ និយាយនិងច្រៀងចំរៀងខ្មែរ និងចង់រៀនអក្សរខ្មែរទៀតផង។ បុរសជាឪពុកវ័យជិត៥០ឆ្នាំរូបនេះបន្ថែមថា ដើម្បីបណ្តុះភាពជាខ្មែរដល់កូនគាត់បាន ដំបូងត្រូវមានការតឹងរឹងបន្តិច។
«បើ ឪពុកម្តាយអត់និយាយភាសាខ្មែរកូនអត់ចេះទេ ព្រោះអីនៅសាលាមានពីណាគេនិយាយភាសាខ្មែរ បើឪពុកម្តាយចង់ឱ្យកូនស្គាល់ខ្មែរ ស្រលាញ់ខ្មែរ ត្រូវតែតឹងរឹងបន្តិច ព្រោះក្មេងជួនកាលវាអត់ចង់ទេ ប៉ុន្តែបើយើងតឹងតែងយូរទៅវាទៅឯង»។
រី ឯពលរដ្ឋខ្មែរម្នាក់ទៀតនៅរដ្ឋធានីវ៉្យែន អ្នកស្រី ចាន់ សេរី បារម្ភថា ពេលកូនៗរបស់អ្នកស្រីធំពេញវ័យអាចនឹងគិតថា ពួកគេជាជនជាតិអឺរ៉ុបវិញ ជាជាងជនជាតិខ្មែរ ព្រោះនៅវ៉្យែនមានជនជាតិខ្មែរតិចពេក។
«តាម ខ្ញុំគិតមើលទៅ ក្មេងនៅទីនេះ ប្រសិនបើគេឧស្សាហ៍បានជួបជាមួយខ្មែរគ្នាឯងច្រើននិងចូលរួមពិធី ខ្មែរយើងធំដុំ អញ្ចឹងទៅមុខទៅ ពួកគេអាចមានគំនិតមួយចង់ដឹងពីខ្មែរ ប៉ុន្តែខាងពួកខ្ញុំនៅទីនេះគឺដាច់ស្រឡះ ដូច្នេះពេលនៅតូច វាចេះតែតាមយើងជាឪពុកម្តាយហើយ ប៉ុន្តែពេលគេធំទៅមិនអាចថាបានទេ ព្រោះអីគ្នាធំមកអត់សូវបានឃើញខ្មែរ ដូច្នេះអាចទៅគេច្រើនជាងហើយ»។
ដើម្បី ឱ្យកូនពួកគាត់នៅតែស្រឡាញ់អត្តសញ្ញាណ វប្បធម៌ និងសាសនាខ្មែរ ទាំងលោក ព្រំ វណ្ណា និងអ្នកស្រី ចាន់ សេរី តែងនិយាយភាសាខ្មែរជាមួយកូននិងនាំឱ្យកូនៗពួកគាត់ឱ្យជួបជុំ ជាមួយខ្មែរដទៃទៀតក្នុងពិធីប្រពៃណីសាសនាខ្មែរនៅទីក្រុងលីនដែលមាន ខ្មែររស់នៅច្រើន។
នៅ ពេលថ្មីៗនេះ នៅប្រទេសអូទ្រីសមានអ្នកស្ម័គ្រចិត្តបង្រៀនភាសាខ្មែរដល់កូនខ្មែរ និងមានបំណងបង្កើតវត្តព្រះពុទ្ធសាសនាមួយនៅទីនោះ ដើម្បីឱ្យកូនខ្មែរនៅទីនោះស្គាល់កាន់តែច្បាស់ពីវប្បធម៌និង ជនជាតិខ្មែរ៕ដោយ ឃួន ធារ៉ា (VOA)