កម្ពុជា ថៃមានទំនាក់ទំនងល្អលើផ្នែកវិស័យសារព័ត៌មាន
ភ្នំពេញ: កាលពីថ្ងៃទី១៤ មីនា ២០១២ គណៈប្រតិភូថៃ ដែលដឹកនាំ ដោយលោកស្រី Ladavan Bua-Aim អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលថៃ ដោយមានអ្នកសារព័ត៌មាន របស់រដ្ឋ និងឯកជន បានចូលជួបពិភាក្សា និងសម្តែងការគួរសមជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅ នៅទីស្តីការក្រសួង។
នៅក្នុងជំនួបលោកស្រី Ladavan Bua-Aim បានលើកឡើងថា វិស័យព័ត៌មាន មានសារៈសំខាន់ណាស់ ក្នុងការពន្យល់ភាពត្រឹមត្រូវ ដែលឆ្លុះបញ្ចាំង អោយប្រជាជនបានយល់អំពីថាអ្វីដែលជាភាពត្រឹមត្រូវ ជាពិសេសអោយប្រជាពលរដ្ឋកម្ពុជា-ថៃ បានយល់ច្បាស់ពីភាពត្រឹមត្រូវ ដែលបានកើតឡើង។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ខាងវិស័យសារព័ត៌មាន រវាងប្រទេសទាំងពីរ គឺតែងមានទំនាក់ទំនងល្អ នឹងគ្នា។ ទោះជាយើងនៅក្នុងស្ថានភាពតឹងតែងក្តី ប៉ុន្តែភាគីទាំងពីរ បានប្រឹងប្រែងធ្វើយ៉ាងណា មិនបានផ្លុំភ្លើង ឬក៏ចាក់ប្រឹងទៅលើភ្លើង។ នេះជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ក្នុងការធ្វើយ៉ាងណា អោយប្រជាជាតិទាំងពីរយល់គ្នា៕