អាមេរិកគាំទ្រកូរ៉េខាងត្បូងប្រសិនបើមានការឈ្លានពានពីកូរ៉េខាងជើង
នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិកូរ៉ខាងត្បូង បានសំដែងនូវការរីករាយសារជាថ្មី ចំពោះកាតិកាសញ្ញាយោធាថ្មីមួយទៀត ដែលក្រុងសេអ៊ូលនិងក្រុងវ៉ាស៊ីន តោនបានចុះហត្ថលេខាកាលពី ថ្ងៃសុក្រសប្តាហ៍មុន ដើម្បីឆ្លើយតបទៅនឹងការផ្គើន ឬក៏ការឈ្លានពានណាមួយពីសំណាក់កូរ៉េខាងជើង។ កាតិកាសញ្ញាយោធាថ្មីរវាងប្រទេសទាំងពីរនេះ បង្ហាញការគាំទ្រយ៉ាងធំធេងពីសហរដ្ឋអាមេរិកដល់វិធានការនានារបស់ កូរ៉េខាងត្បូង ហើយអនុញ្ញាតអោយក្រុងសេអ៊ូលទាមទារ បានកងទ័ពអាមេរិកបន្ថែមទៀត ប្រសិនបើចាំបាច់។
គួរបញ្ជាក់ថា ប្រឈមនឹងការគំរាមឈ្លានពានរបស់កូរ៉េខាងជើង ខ្លឹមសារនៃកិច្ចព្រមព្រៀងផ្នែកយោធារវាងសហរដ្ឋអាមេរិកនិងកូរ៉េ ខាងត្បូង ក្នុងរយៈពេលកន្លងមក គឺតំរូវអោយអាមេរិកធ្វើអន្តរាគមន៍ជួយកូរ៉េខាងត្បូង ប្រសិនបើជម្លោះរវាងកូរ៉េទាំងពីរកើតឡើង។
កាតិកាសញ្ញាយោធាថ្មីដែលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានចុះហត្ថ លេខា កាលពីថ្ងៃសុក្រកន្លងទៅ អនុញ្ញាតអោយក្រុងសេអ៊ូលអាចទាមទារកងទ័ពអាមេរិកបានបន្ថែម ទៀត ប្រសិនបើមានករណីចាំបាច់។ គួររំលឹកថា អាមេរិកបានដាក់កងទ័ពរបស់ខ្លួនប្រហែលជាបីម៉ឺននាក់ នៅភាគខាងត្បូងទ្វីបកូរ៉េ។ ក្រៅពីនេះ អាមេរិកក៏មានមូលដ្ឋានទ័ពខ្លួននៅប្រទេសជប៉ុនក្បែរនោះផងដែរ សំរាប់ជាជំនួយដល់ក្រុងសេអ៊ូល។
កាតិកាសញ្ញាថ្មីបានក៏បានចែងដែរថា អាមេរិកនឹងជួយកូរ៉េខាងត្បូងប្រសិនបើមានការវាយលុកពី នាវានានាមកពីកូរ៉េខាងជើង នៅប៉ែកម្ខាងទៀតនៃព្រំដែនទឹករវាងកូរ៉េទាំងពីរ រឺក៏មានការទំលាក់គ្រាប់បែកមកលើកោះនានារបស់កូរ៉េខាងត្បូង ដែលស្ថិតនៅក្បែរព្រំដែន រឺក៏ក្នុងករណីដែលមានការចូលលុកលុយតាមផ្លូវអាកាសពីសំណាក់ ក្រុងព្យុងយ៉ាង។
នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិកូរ៉ខាងត្បូង បានបង្ហាញការរីករាយសារជាថ្មីម្តងទៀត ចំពោះការជួយគាំទ្រដ៏ធំធេងរបស់សហរដ្ឋអាមេរិកមកដល់ប្រទេសខ្លួន តាមរយៈកាតិកាសញ្ញាយោធាថ្មីនេះ។ សំរាប់ក្រុងសេអ៊ូល កាតិសញ្ញានេះនឹងហាមឃាត់ក្រុងព្យុងយ៉ាងមិនអោយហ៊ានបន្តការផ្គើន រឺក៏ការវាយលុកណាមួយមកលើកូរ៉េខាងត្បូងបានតទៅទៀត។
កាតិកាសញ្ញាយោធាថ្មីនេះ បានសំរេចឡើងនៅពេលដែលការប្រឈមមុខគ្នារវាងប្រទេស កូរ៉េទាំងពីរ កាន់តែមានស្ថានភាពតឹងតែងកាន់តែខ្លាំងឡើង។ ស្ថាន ភាពតឹងតែងនេះ ចាប់មានតាំងពីឆ្នាំ២០១០ មកម្ល៉េះ គឺតាំងតែពីកូរ៉េខាងជើងបានទំលាក់គ្រាប់បែកលើកោះមួយនៅកូរ៉េខាងត្បូង ដែលបានបង្កអោយមានមនុស្ស ស្លាប់បួននាក់។
កន្លងមក ក្រុងព្យុងយ៉ាងបានផ្គើនសហគមន៍អន្តរជាតិ ជាញឹកញយ គួរអោយកត់សំគាល់ជាងគេគឺការបង្ហោះផ្កាយរណបកាលពីដើមខែធ្នូ កន្លងទៅ ដែលអាមេរិកនិងកូរ៉េខាងត្បូងយល់ថា សកម្មភាពនេះជាការបន្លំបាញ់ បង្ហោះមីស៊ីលទៅវិញទេ។
អង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មលើការសាកល្បងនុយក្លេអ៊ែរជាលើក ទីបី របស់ក្រុងព្យុងយ៉ាង ដែលបានធ្វើឡើងកាលពីខែកុម្ភៈកន្លងមក ធ្វើអោយក្រុងព្យុងយ៉ាងក្តៅក្រហាយនិងបន្តគំរាមសងសឹក តបទៅវិញ៕ដោយ ព្រំ សឿន សូលីណា (RFI)