នាថ្ងៃចូលឆ្នាំ គណៈកម្មាធិការរៀបចំបុណ្យជាតិ ជម្រុញឲ្យលេងល្បែងប្រជាប្រិយខ្មែរ
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៣ គណៈកម្មាធិការរៀបចំបុណ្យជាតិ បានធ្វើការណែនាំដល់ក្រសួងវប្បធម៌ឲ្យប្រាប់ដល់ មន្ទីរវប្បធម៌តាមបណ្ដាខេត្ត-ក្រុង ឲ្យបំផុសប្រជាពលរដ្ឋ លើកយកល្បែងប្រជាប្រិយជាតិ មកលែងកំសាន្ត នាថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនៅថ្ងៃទី ១៤-១៥-១៦ ខែ មេសា ។
សេចក្ដីណែនាំនោះ ក៏បានលើកឡើងផងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ម្សាញ់ បញ្ចស័ក ពុទ្ធសករាជ ២៥៥៦ នេះ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាពរាជធានី-ខេត្ត ទីប្រជុំជន វត្តអារាម សាលារៀន រោងចក្រសហគ្រាស និង គ្រប់គេហដ្ឋាន ត្រូវរៀបចំសំអាត តុបតែងលម្អរ រំលេច ដោយមានបដា ពាក្យស្លោក ទង់ជាតិ ទង់ជ្វាលា និង រៀបចំគ្រឿងសក្ការៈបូជា មានផ្កាភ្ញីទៀនធូប ដើម្បីថ្វាយ ព្រះរតនត្រ័យ និង រៀបចំពលីការ ដ៏សមរម្យ មានចំណី ផ្លែឈើ ដើម្បីទទួលទេវតាឆ្នាំថ្មី ។
ចំណែកក្រសួងមហាផ្ទែ និង ក្រសួងការពារជាតិ ត្រូវមានផែនការណែនាំ ជាក់ស្ដែង ដល់អង្គភាព ក្រោមឱវាទរាជធានីខេត្ត ដើម្បីកិច្ចការពារថៃរក្សា សន្តិសុខរបៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម បង្កឲ្យអង្គភាពសប្បាយរីករាយ ធានាសុវត្ថិភាព ជូនមហាជន មុន -ក្រោយ និង ពេលប្រារព្ធពិធីបុណ្យជាតិ ៕