វិបត្តិស៊ីប ៖ តំបន់ចាយប្រាក់អឺរ៉ូបើកប្រជុំដាក់សម្ពាធ
ជំនួបប្រជុំត្រូវបានប្រកាសជូនដំណឹង ជាច្រើនថ្ងៃមកហើយ ប៉ុន្តែទើបនៅល្ងាចថ្ងៃសៅរ៍ទី ២៣មីនា ២០១៣ទេ ដែលសហភាពអឺរ៉ុប បានសម្រេចបើកប្រជុំនៅរសៀលនេះ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ស្តីពីវិបត្តិនៅប្រទេសស៊ីប។ ការចរចាស្មុគស្មាញខ្លាំង ឯសម្ពាធក៏កាន់តែតានតឹង ប៉ុន្តែអ្នកទទួលខុសត្រូវទាំងអស់នៅតែជឿជាក់ថា នឹងមានដំណោះស្រាយ ក្នុងពេលពីរបីម៉ោងទៀតនេះ។
ការកោះហៅ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេសចាយបា្រក់អឺរ៉ូ ទាំង១៧ប្រទេស ឱ្យចូលប្រជុំនៅល្ងាចនេះ មានន័យថាការចរចារវាងសហភាពអឺរ៉ុប និងប្រទេសស៊ីប មានការជឿនលឿនទៅមុខខ្លះ។ គណៈកម្មការអឺរ៉ុបក៏បានទទួលស្គាល់ថាអាជ្ញាធរស៊ីបធ្វើការទៅមុខ ដែរ។ ប៉ុន្តែការជួបប្រជុំគ្នានេះ មិនមែនមានន័យថាផែនការជួយសង្គ្រោះកោះស៊ីបពីវិបត្តិក្ស័យធន ចប់សព្វគ្រប់ឡើយ។ នៅមានចំណុចក្តៅៗមួយចំនួនធំទៀតត្រូវដោះស្រាយ។
ហាក់ដូចជាមានព្រមព្រៀងលើការធ្វើកំណែទម្រង់ប្រព័ន្ធធនាគារស៊ីប ៖ ធនាគារស៊ីបធំពីរជាប់ពាក់ព័ន្ធនឹងធ្វើការរុះរើរចនាសម្ព័ន្ធនេះ។ ចំណែកការហូតពន្ធពីលើប្រាក់ដាក់នៅធនាគារលើសពី ១០០០០០អឺរ៉ូទៅ ក៏ទំនងជាសម្រេចដែរ។ ប៉ុន្តែសហភាពអឺរ៉ុប និងអាជ្ញាធរស៊ីប ត្រូវព្រមព្រៀងលើអាត្រានៃការហូតពន្ធនេះសិន។ ម្យ៉ាងវិញទៀត ប្រទេសជាសមាជិកអឺរ៉ុបទទូចទាមទារឱ្យការហូតពន្ធនេះប្រព្រឹត្តទៅ ជាលក្ខណៈទូទៅ មិនមែនចំពោះតែបណ្តាជនស៊ីបឡើយ ពោលគឺទាំងជន ឬនិយាយឱ្យចំរុស្ស៊ី។ តែលោកប្រធានាធិបតីស៊ីបចង់ចៀសឱ្យបានវិធានការនេះ។
ដូច្នេះការចរចាត្រូវធ្វើជាបន្តទៀត ប៉ុន្តែស៊ីបគ្មានពេលទៀតទេ ! ត្រូវតែជ្រើសរើសរវាងគំនាបប្រជាជននិងគំនាបអឺរ៉ុប។ បើដល់អាធ្រាត្រនេះ សភាស៊ីបមិនអាចអនុម័តផែនការជួយសង្គ្រោះ ដើម្បីប្រមូលឱ្យបាន៧ពាន់លានអឺរ៉ូជាថ្នូរនឹងជំនួយសហភាពអឺរ៉ុបទេ នោះធនាគារកណ្តាលអឺរ៉ុបនឹងផ្តាច់ប្រាក់ ! ស៊ីបនឹងត្រូវក្ស័យធន៕ដោយ អៀង សុខម៉ិញ (RFI)