រូបថត​​ភរិយា​​ប្រធានាធិបតី​​ចិន​​ថ្មី​​ ពេញ​​ក្នុង​​ទំព័រ​មុខ​​សារព័ត៌មាន​​ចិន​​

នៅ​ថ្ងៃ​សៅរ៍​នេះ សារព័ត៌មាន​ចិន​នានា​ បាន​ដាក់​​ពេញ​​គេហ​ទំព័រ​មុខ​របស់​ខ្លួន នូវ​រូបថត​លោកស្រី Peng Liyuan ដែល​ជា​ភរិយា​របស់​ប្រធានាធិបតី​ចិន​ថ្មី។ ក្នុង​​​ទស្សនកិច្ច​របស់​​​​លោក Xi Jinping នៅ​រុស្ស៊ី​​ សារព័ត៌មាន​ចិន​បាន​ប្តូរ​​ទំលាប់​ផ្សាយ​​រូបភាព​។ ជាជាង​​​យក​រូប​ប្រធានាធិបតី​ចិន និង​រុស្ស៊ី​ដែល​ចាប់​ដៃ​គ្នា​យ៉ាង​​ណែន​តាន់តាប់ដាក់​ក្នុង​ទំព័រ​មុខ​​នោះ សារព័ត៌មាន​​ចិន​​បែរ​ជា​យក​រូប​ស្ត្រី​ទីមួយ​របស់​​​ប្រទេស​ខ្លួន មក​ទាក់ទាញ​អារម្មណ៍​អ្នក​អាន​ទៅវិញ។ គួររំលឹក​ថា លោកស្រី Peng Liyuan មិនមែន​​ត្រឹម​តែ​ជា​ភរិយា​លោក លោក Xi Jinping ប៉ុណ្ណោះ​ទេ​ តែ​លោក​ស្រី​គឺ​ជា​តារា​ចំរៀង​​ដ៏​មាន​ប្រជាប្រិយភាព​​បំផុត ​នៅ​ប្រទេស​ចិន។

ទស្សនកិច្ច​របស់​ ប្រធានាធិបតី​ថ្មី​ចិន នៅ​រុស្ស៊ី ការ​ចាប់ដៃ​​គ្នា​យ៉ាងណែន​តាន់តាប់​រវាង លោក Xi Jinping និង​លោក Valdimir Poutine ដែល​ជា​មេដឹកនាំ​​ប្រទេស​មហាអំណាច​ពីរ​នៅ​ក្នុង​ពិភពលោក  មិន​បាន​បង្ហាញ​រូបថត​អ្វី​​គួរ​អោយ​កត់​សំគាល់​ នៅ​ក្នុង​​​ទំព័រ​​មុខ​របស់​សារព័ត៌មាន​ចិន​​ដែល​ចេញ​ផ្សាយ​ នៅ​ថ្ងៃ​សៅរ៍​​​​​នេះឡើយ។​​

ផ្ទុយ​ទៅវិញ​ ដើម្បី​​ទាក់ទាញ​អារម្មណ៍​អ្នកអាន សារព័ត៌មាន​ចិន​​នានា​ដូច​ជា Xinjingbao China Daily រឺ​ក៏​ Golbal Times ជា​ដើម​នោះ​ បាន​ប្តូរ​ទំលាប់​របស់​ខ្លួន​ ដោយ​​បាន​​នាំគ្នា​ដាក់​​រូបថត​​របស់​​​លោកស្រី Peng Liyuan ដែល​ជា​ភរិយា​របស់​ប្រធានាធិបតី​​ចិន នៅ​ពេញ​ទំព័រ​មុខ​​របស់​ខ្លួន​ទៅវិញ។ កាសែត​ប្រចាំ​ថ្ងៃ​​របស់​ប្រជាជន​ចិន​ ក៏បាន​ដាក់​រូបថត​ភរិយា​លោក Xi Jinping នៅ​ក្នុង​ទំព័រ​មុខ​របស់​ខ្លួន​ ​ក្បែរ​រូបថត​របស់​ស្វាមី​លោកស្រី និង​ប្រធានាធិបតី​ពូទីន​ផងដែរ។

ក្នុងដំណើរ​​​​ទស្សនកិច្ច​របស់​​​​លោក Xi Jinping នៅ​រុស្ស៊ី​​ ប្រជាជន​យកចិត្ត​ទុកដាក់​​មើលជាង​គេ គឺ​​​​រូបភាពនៅ​អាកាសយានដ្ឋាន​រុស្ស៊ី ក្នុ​ង​ពេល​​​ដែល​ប្រធានាធិបតី​ចិន​និង​ភរិយា ចុះ​ពីលើ​​​​យន្តហោះ។ លោកស្រី Peng Liyuan ចុះ​ពី​យន្តហោះ​​ដោយ​បង្ហាញនូវ​​​​អាកប្បកិរិយា​​​ទន់ភ្លន់​តាម​​បែប​ ធម្មជាតិ។ លោកស្រី​ក៏​បាន​កៀក​ដៃ​ស្វាមី​លោកស្រី​ ក្នុង​រយៈ​ពេល​​មួយ​ខ្លី​ផងដែរ។
សកម្មភាព​​​ទាំង​អស់​នេះ​ ហាក់​​​ធ្វើ​អោយ​លេច​ឡើង​នូវ​​រូបភាព​​​​​យុវវ័យដ៏​ស្រស់​ថ្លា​​មួយ ដែល​ប្រជាជន​ចិន​ បាន​រង់​ចាំ​អស់​រយៈ​ពេល​ជាង​ ៣០​ឆ្នាំ​ មក​ហើយ។​​

បច្ចេកទេស​​សារព័ត៌មាន​ចិន​ ក្នុង​ការ​ទាក់ទាញ​អ្នកអាន​​នេះ​ គឺ​មិន​ខុស​នោះ​ទេ ព្រោះ​ថា​​លោកស្រី Peng Liyuan ដែល​មាន​អាយុ​៥០ ឆ្នាំ​  មិន​​​ត្រឹម​​តែ​មាន​ឋានៈ​​ជា​ភរិយាប្រធានាធិបតី​​ចិន​​​ប៉ុណ្ណោះ​ទេ​ ​​លោក​ស្រី​ក៏​​ជា​តារា​ចំរៀង​​ដ៏​មាន​ប្រជាប្រិយ ភាព​​ ខ្ពស់​ផងដែរ​ ​នៅ​ប្រទេស​ចិន។

ភាព​ល្បីល្បាញ​របស់​លោកស្រី​ត្រូវ​បាន​​គេ​សម្គាល់​ឃើញ​តាម​រយៈ​ការបង្ហាញ​ ខ្លួនជា​អចិន្ត្រៃយ៍ អស់​រយៈ​ពេល​២៥​ឆ្នាំ ​​របស់​លោកស្រី នៅក្នុង​ពិធីរាត្រី​សមោសរ​​ប្រចាំឆ្នាំ​​​នៅ​ចិន។ ប្រជាជន​ចិន​​រាប់​លាន​នាក់​ ចាប់​អារម្មណ៍​ទៅ​លើ​សម្លេង​ទឹកដម​ក្នុង​ការ​ច្រៀង​​របស់​លោកស្រី។ ​លើស​ពី​នេះ លោកស្រី Peng Liyuan ក៏​ត្រូវ​បាន​គេ​កត់​សម្គាល់ផងដែរ ថា​ជា​ស្ត្រី​​មាន​ថ្វីដៃ​​​​ខ្ពស់​​​​ផ្នែក​ដូរ្យដន្ត្រី​​ប្រពៃណី​ជនជាតិ​ ភាគ​តិច​ នៅ​ចិន៕ ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close