ក្រុមហ៊ុន​ប្រេង​ដ៍​ធំ​របស់​ចិន​ត្អូញ​ត្អែរ​អំពី​ការ​ធ្លាក់​ចុះ​ផល​ចំណេញ

ក្រុម​ហ៊ុន​ប្រេង​ដ៏​ធំបំផុត​​មួយ​នៅ ​អាស៊ី Sinopec រាយការណ៍​ថា​ មូល​ហេតុ​នៃ​ការ​ធ្លាក់​ចុះ​ផល​កម្រៃ​របស់​ខ្លួន​ចំនួន​ ១៣% ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ បណ្ដាល​មក​ពី​តម្រូវ​ការ​ទីផ្សារ​សកល​បាន​ថម​ថយ ជាមួយ​នឹង​បញ្ហា​ចំណាយ​ខ្ពស់​ ហើយ​​សេដ្ឋកិច្ច​ចិន​ក៏​​​ជួបនឹង​ភាព​​ឱន​ថយ​ផង​ដែរ។

នៅ ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ទៅ​កាន់​ផ្សារភាគ​ហ៊ុន​ របស់​ហុងកុង Sinopec និយាយថា ប្រាក់​ចំណូល​របស់​ខ្លួន​បាន​កើន​ឡើង​១១% មែន​ចាប់​ពី​ឆ្នាំ​២០១១​មក​ ប៉ុន្តែ​ការ​ចំណាយ​​សម្រាប់​ប្រតិបត្តិការ​បាន​កើន​ឡើង​១២%។ រីឯ​ចំណាយ​សម្រាប់​ការ​ស្រាវ​ជ្រាវ​រុក​រក​ការដ្ឋាន​ប្រេង​​ថ្មីៗ​ទៀត​នោះ បាន​ឡើង​ថ្លៃ​កប់​ពពក គឺ​១៦%។

គួរ​បញ្ជាក់​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន មាន​កំណើន​ត្រឹម​តែ​ក្បែរ​៨% ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១២ ដែល​​លទ្ធ​ផល​​យ៉ាប់​យ៉ឺន​បំផុត​ក្នុង​រយៈ​១៣​ឆ្នាំ​កន្លង​ទៅ​នេះ។

ប៉ុន្តែ​ទីផ្សារ​ភាគហ៊ុន​អូស្ត្រាលី​ឯនេះ​វិញ ​កំពុង​សម្បាយ​នឹង​ផល​ចំណេញ​។

ទីផ្សារភាគហ៊ុន​របស់​ប្រទេស​អូស្ត្រាលី​កំពុង​តែ​រីករាយ​ជាមួយ​ផល​ចំណេញ​គួរ​ជា​ ទីពេញ​ចិត្ត​ ដោយ​ភាគ​ហ៊ុន​ហិរញ្ញវត្ថុ​ និង​ឧស្សាហកម្ម​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ​នៅ​ថ្ងៃ​នេះ។​

ចំណែក ​ឯ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់​តែ​មាន​តម្លៃ​ ដោយ​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​គឺ​ប្រាក់​ដុល្លារ​អូស្ត្រាលី​១​ដុល្លារ​ស្មើ​ នឹង​ប្រាក់​ដុល្លារ​សហរដ្ឋ​អាម៉េរិក​១ដុល្លារ​៤សេន៕(Radio Australia)

Related Articles

Back to top button
Close
Close