មន្រ្តីកម្ពុជាអំពាវនាវឱ្យជនកម្ពុជាប្រើប្រាស់ភាសានិងអក្សរឱ្យបានត្រឹមត្រូវ
លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងទៅកាន់កិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរថា ការប្រើប្រាស់ភាសានិង អក្សរខ្មែរ ឱ្យបានត្រឹមត្រូវតាមការកំណត់របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរសំដៅលើកកម្ពស់ឧត្តមភាពនៃភាសាជាតិ ក៏ដូចជារួមចំណែកដល់ការអភិរក្ស និងអភិវឌ្ឍភាសា និង អក្សរខ្មែរ។
លោក សុខ អាន បន្តថា ក្នុងករណីដែលមានការយល់មិនស្របគ្នាទាំងវេយ្យាករណ៍ សំណេរ អំណាន និងបញ្ហាពាក់ព័ន្ធផ្សេងទៀតក្នុងការប្រើប្រាស់ភាសា និងអក្សរខ្មែរ សូមឱ្យមានការជជែកពិភាក្សាគ្នាឱ្យបានល្អិតល្អន់ក្នុងក្របខ័ណ្ឌ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាជាងធ្វើការបកស្រាយដែលអាចបណ្តាលឱ្យសាធារណជនមានការភ័ន្តច្រឡំ។ លោកចាត់ទុកថា ការឯកភាពក្នុងភាសា ជាសញ្ញាណនៃការឯកភាពជាតិ។
ការប្រើប្រាស់ភាសាខ្មែរ ជាភាសាជាតិ តម្រូវឱ្យយកតាមវចនានុក្រមរបស់សម្តេចសង្ឃជួន ណាត ជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតពាក្យថ្មី៕