កម្ពុជាត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រភេទ BM21
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី ២៨ខែមិនា ខាងមុខនេះ កងយោធពលខេមរៈភូមិន្ទនឹងបាញ់សាកល្បងគ្រាប់ពិតប្រភេទBM21 (៤០កាណុង) និងគ្រាប់ផ្សេងៗជាថ្មីម្ដងទៀត នៅទីលានសមយុទ្ធខេមរៈភូមិន្ទស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមប្រសាន៍លោកឧបនាយករដ្ឋន្ត្រី ទៀ បាញ់ ថ្លែងនៅក្នុងពិធីបិទវគ្គគម្រោងសហប្រតិបត្តិការហ្វឹកហ្វឺននិងអប់រំ ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិកាលពីថ្ងៃទី២០ខែមិនា កន្លងទៅ។
លោក ទៀ បាញ់ បានថ្លែងក្នុងឱកាសដដែលនោះថា ការបាញ់សាកល្បងនេះវាមិនមែនជារឿងចម្លែកនោះទេ។ ប៉ុន្តែវាជាការអនុវត្តជាក់ស្តែងមួយ ក្រោយពីការហ្វឹកហាត់របស់កងទ័ព។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានបញ្ជាក់យ៉ាងដូច្នេះ៖«តាមខ្ញុំដឹង មានអាវុធខ្លះយើងត្រូវតែប្រើប្រាស់វាពិតប្រាកដ ដើម្បីអោយដឹងថាវាផ្តល់ភាពជឿជាក់ និងមានសមត្ថភាពដល់កម្រឹតណា។ ការអនុវត្តជាក់ស្ដែងនេះគឺមានទាំងកំលាំងយោធា និងសម្ភារៈ»។
ការបាញ់សាកល្បងគ្រាប់ពិតនេះនឹងត្រួវបែងចែកជា៧ទីលានដែលរួមមាន៖ ទីលានបាញ់អាវុធថ្មើរជើង ទីលានបាញ់កាំភ្លើងគាំទ្រ (មានប្រភេទត្បាល់ និងដេកាហ្សិត) ទីលានបាញ់កាំភ្លើងធំគ្រប់ប្រភេទ ទីលានបាញ់កាំភ្លើងការពារអាកាស ទីលានបាញ់រថក្រោះ រថពាសដែក ទីលានបាញ់ឧទ្ធម្ភាគចក្រ យន្តហោះ និងទីលានបាញ់គ្រាប់ពិតចាប់ពីថ្នាក់ក្រុមរហូតដល់វរសេនាតូច។ ហើយក្នុងចំណោមសព្វាវុធដែលត្រូវបាញ់សាកល្បងនោះ គ្រាប់ប្រភេទBM21 (៤០សិបកាណុង) ក៏មានវត្តមាននៅក្នុងលានសមយុទ្ធនោះផងដែរ។
ការត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនេះរៀបចំធ្វើឡើង ខណៈដែលប្រមុខរដ្ឋាភិបាលបញ្ជាអោយកំលាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀម ទប់ស្កាត់ការឈ្លានពានទឹកដី ដែលអាចបង្កឡើងដោយក្រុមជាតិនិយមជ្រុលរបស់ថៃនៅក្នុងពាក់កណ្តាល ខែមេសា ដែលតុលាការយុត្តិធម៌អន្តរជាតិនឹងបើកសវការកាត់ក្តីលើបណ្តឹងរបស់ កម្ពុជាដែលស្នើអោយតុលាការអន្តរជាតិមួយនេះ បកស្រាយសាលក្រមឆ្នាំ១៩៦២ស្តីពីប្រាសាទព្រះវិហារ៕