ម៉ូស្គូ​គម្រាម​ពិនិត្យ​ឡើង​វិញ​បដិភាគ​ប្រាក់​អឺរ៉ូ​នៅ​ក្នុង​ស្តុក​រូបិយវត្ថុ​ខ្លួន​

ពាក្យព្រមាន​នេះ ត្រូវ​​​បាន​បន្លឺ​ឡើង ដោយ​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី មេដវេ ដេវ ក្នុង​បទ​សម្ភាសន៍​ឲ្យ​ទៅ​អ្នក​កាសែត​អឺរ៉ុប​មួយ​ចំនួន-សម្ភាសន៍​ដែល​ចេញ​ ផ្សាយ​ថ្ងៃ​នេះ -ថ្ងៃ ដែល​គាត់​ទទួល​ជួប​ចរចា​នៅ​ម៉ូស្គូ ជាមួយ លោក​ប្រធាន គណៈ​កម្មការ​អឺរ៉ុប José Manuel Barroso។ លោក​មេដវេដេវ គូស​បញ្ជាក់​ថា ការ​រុះរើ​បដិភាគ​ប្រាក់​អឺរ៉ូ​នោះ នឹង​ប្រព្រឹត្ត​ទៅ ប្រសិន​បើ​ដំណោះស្រាយ​វិបត្តិ​ហិរញ្ញ វត្ថុ​នៅ​ប្រទេស​Chypre ដែល​ធ្វើ​តាម​សំណើ​សហភាព​អឺរ៉ុប ស្រាប់​តែ​នាំ​ឲ្យ​ខូច​ដល់​ផល​ប្រយោជន៍​របស់​រុស្ស៊ី។

ជាបឋម គួរ​និយាយ​ថា បច្ចុប្បន្ន​ក្នុង​ស្តុក​រូបិយវត្ថុ​របស់​រដ្ឋ​រុស្ស៊ី ដែល​មាន​ទឹកប្រាក់ ជាង ៥២២.០០០​លាន​ដុល្លារស.រ.អា. ទ្រង់ទ្រាយ​នៃ​បដិភាគ​នេះ​គឺ​ដូច​ត​ទៅ៖ ៤៥,៥% ជា​លុយ​ដុល្លារ អាមេរិក, ៤១,៧% ជា​លុយអឺរ៉ូ, ៩,២% ជា​លុយ Livre Sterling អង់គ្លេស, ១,៤% ជា​លុយ​ដុល្លារ កាណាដា, ១,៣% ជា​លុយ Yen ជប៉ុន និង​០,៦% ជា​លុយ SDR ដំកល់​ក្នុង មូល​និធិរូបិយវត្ថុ អន្តរជាតិ FMI។

ជា​ការ​កត់​សម្គាល់ ពេល​ដែល​ប្រាក់អឺរ៉ូ ទើប​ដាក់​ឲ្យ​ចាយ​នៅ​ដើម​ឆ្នាំ​១៩៩៩​បដិភាគ​ប្រាក់​នេះ បាន​មាន​ទម្ងន់​តែ​២៥% ប៉ុណ្ណោះ នៅ​ក្នុង​ស្តុក​រូបិយវត្ថុ​របស់​សហព័ន្ធរុស្ស៊ី។ ប៉ុន្តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប្រាក់​អឺរ៉ូ​បាន​ទទួល​ការ​ជឿ​ទុក ចិត្តកាន់តែ​ខ្ពស់​ឡើង​ពី​រដ្ឋ​រុស្ស៊ី លុះទាល់តែ​ធនាគារ​កណ្តាល​រុស្ស៊ី​ដំឡើង​បដិ ភាគ​ប្រាក់​អឺរ៉ូ ដល់​ជាង​៤០% ហើយ​បន្ថយ​បន្តិច​ម្តងៗ​ទម្ងន់​ប្រាក់​ដុល្លារ​​អាមេរិក​ឲ្យ​ចុះ​ពី​ជាង​៦០% រហូត​ដល់​ក្រោម​៥០% នៅ​ក្នុង​ស្តុក​នោះ។

ឥឡូវ​ក្រោយ​ពី​ប្រទេស Chypre ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម ១៧​ប្រទេស​ចាយ​លុយ​អឺរ៉ូ ជា​ជំនួស​រូបិយវត្ថុ​ជាតិ​ខ្លួន បោក​កញ្ជ្រោក ដោយ​វិបត្តិ​ហិរញ្ញវត្ថុ ទាំង​បង្ខំចិត្ត​បំពេញ​តាម​បទ​ណែនាំ​នៃ​គណៈកម្មការ​អឺរ៉ុប​និង​ធនាគារ​ កណ្តាល​អឺរ៉ុប ត្រូវ​ហូត​ពន្ធ​ពី​ប្រាក់​ដែល​មាន​ផ្ញើ​ទុក​នៅ​តាម​ធនា គារ Chypre ហើយ​ដែល​មួយ​ភាគ​ធំ មាន​ម្ចាស់​វា​គឺ ជាតិ​រុស្ស៊ី​ទេ​តើ រួច​ដែល​ចំហាយ​វា​អាច​ជះ​ទាំង​ទៅ​លើ​ប្រទេស​ផ្សេង​ទៀត​ដែល​ចាយ​លុយ​អឺរ៉ូ​ ដែរ​បែប​យ៉ាង Espagne Portugal Italie ជា​ដើម​ដែល​អាច​អនុវត្ត​ការ​ហូត​ពន្ធ​បែប​នេះ​ដែរ បាន​ជា​រុស្ស៊ី​ចាប់​ផ្តើម​បាត់បង់​ការ​ជឿទុកចិត្ត​របស់​ខ្លួន​លើ​ប្រាក់​ អឺរ៉ូ។

មិនមែន​ចៃដន្យ​ទេ ដែល​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​មេដវេដវ ក្នុង​បទ​សម្ភាសន៍​នោះ ដោយ ទិតៀន​ទង្វើ​សហភាព​អឹរ៉ុប​ចំពោះ​ប្រទេស Chypre បាន​ប្រៀប​ប្រដូច​សហភាព​នេះ​ទៅ​នឹង ដំរី​ដែល​បោល​ចូល​ហាង​ដ៏​តូច​ចង្អៀត​លក់​វត្ថុ​ផុយ​ស្រួយ​ងាយ​បែក បែប​យ៉ាង​ប្រទេស Chypre ដ៏​តូច​ច្រមក់។ តាម​លោក​មេដវេដេវ វិធានការ​ស្នើ​ដោយ​សហភាព​អឺរ៉ុប​គឺ​ប្រៀប​បាន​នឹង​សេចក្តី​សម្រេច​ខ្លះ​ អនុម័ត​ដោយ​អំណាច​សូវៀត ដែល​មាន​ន័យ​ជា​ការ​ដក​ហូត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​តាម​ផ្លូវ​ច្បាប់​និង​ ជា​ការ​រឹប​អូស​យក​មិន​ធ្លាប់​មាន​ដូច​នូវ​ប្រាក់​សន្សំ​របស់​ពួក​ម្ចាស់​ លុយ។

ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​កត់​សម្គាល់​ថា ឥឡូវ​ពិភពលោក រស់​នៅ​ក្នុង​សតវត្សរ៍​ទី​២១​ទៅ​ហើយ ក្នុង​សេដ្ឋកិច្ច​ទីផ្សារ ហើយ​រុស្ស៊ី​ទទូច​ឲ្យ​មាន​ការ​គោរព​ខាន​មិន​បាន ចំពោះ​សិទ្ធិ សម្រាប់​មាន​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close