កម្មការិនីនៅរោងចក្រកៅវ៉េ៣នាក់ដែលរងរបួសប្ដឹងលោកឈូក បណ្ឌិតពីបទមនុស្សឃាត
ក្រុមគ្រួសារកម្មការិនី ២នាក់ក្នុងចំណោម ៣នាក់ ដែលរបួសដោយសារការបាញ់រះក្នុងពេលតវ៉ានៅរោងចក្រកៅវ៉េ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូង នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមីនា ប្ដឹងអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ពីបទប៉ុនប៉ុងមនុស្សឃាត និងទាមទារប្រាក់សំណងជំងឺចិត្ត និងប្រាក់ព្យាបាលរបួស។
ទាក់ទិននឹងពាក្យបណ្ដឹងនេះ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានផ្ដល់មេធាវី ២រូប ដើម្បីការពារក្ដីអោយកម្មការិនីដើមបណ្ដឹង។ បុគ្គលិកនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានអះអាងថា កាលពីសប្ដាហ៍កន្លងទៅ មន្ត្រីមកពីសាលាក្រុងបាវិតផ្ដល់ប្រាក់ទៅអោយកម្មការិនីរងគ្រោះ ពី ១.០០០ ទៅ ២.៥០០ដុល្លារ ជាថ្នូរនឹងបញ្ឈប់ការប្ដឹងផ្ដល់។ នៅក្រោយសកម្មភាពនោះ កម្មការិនីម្នាក់ទៀត ដែលរបួសដោយការបាញ់រះ បានសម្រេចមិនដាក់ពាក្យបណ្ដឹង។
កម្មការិនីនៅរោងចក្រកាត់ដេរ កៅវ៉េ ៣នាក់ ត្រូវជនមិនស្គាល់មុខបាញ់អោយរបួសនៅពេលតវ៉ាទាមទារដំឡើងប្រាក់រង្វាន់ទៀងទាត់ និងប្រាក់ថ្លៃបាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ កម្មការិនីទាំង ៣នាក់ មានឈ្មោះ ប៊ុន ចិន្តា របួសធ្ងន់ ដោយត្រូវគ្រាប់ចំខាងលើដោះឆ្វេងធ្លាយទៅក្រោមក្លៀកខាងឆ្វេង កៅ នី រងរបួសដៃស្ដាំ និង នុត សុខន របួសដៃស្ដាំ និងខ្នង។
កាលពីថ្ងៃទី៥ ខែមីនា រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យដកតំណែងអភិបាលក្រុងបាវិត ពីលោក ឈូក បណ្ឌិត។ ចំណែកតុលាការខេត្តស្វាយរៀង គ្រោងនឹងកោះហៅលោក ឈូក បណ្ឌិត អោយចូលទៅបំភ្លឺនៅថ្ងៃទី១៦ ខែមីនា។ ការកោះហៅលោក ឈូក បណ្ឌិត ឲ្យចូលបំភ្លឺនេះ គឺបន្ទាប់ពីលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសថា អតីតអភិបាលក្រុងបាវិត ជាជនសង្ស័យក្នុងការបាញ់កម្មការិនីពេលតវ៉ាកន្លងមក៕