កូរ៉េខាងត្បូងប្រឈមនឹងវិបត្តិវាយប្រហារតាមអ៊ីនធឺណែត
ប្រព័ន្ធព័ត៌មាន វិទ្យារបស់បណ្តាញ ទូរទស្សន៍ និងធនាគារ ជាច្រើនត្រូវគាំង ជាហេតុធ្វើឱ្យកូរ៉េខាងត្បូងព្រួយបារម្ភ គិតថាកំពុងរងការវាយប្រហារតាមអ៊ីនធឺណែត។ ថ្វីដ្បិតតែពេលនេះ ក្រុមអ្នកអង្កេតការណ៍ពុំទាន់ធ្វើការចោទប្រកាន់ ឬទម្លាក់ទៅលើក្រុមណាមួយក៏ពិតមែន ប៉ុន្តែហេតុការណ៍នេះកើតឡើងជួនចំពេលដែលឧបទ្វីបកូរ៉េកំពុងស្ថិត ក្នុងស្ថានភាពតានតឹងនិងគំរាមកំហែងខ្លាំងពីសំណាក់កូរ៉េខាងជើង។
បណ្តា ញទូរទស្សន៍ធំៗចំនួនបី គឺ ទូរទស្សន៍ KBS MBC និង YTN ព្រមទាំងធនាគារ Shinhan ធនាគារកសិកម្ម Nonghyu កំពុងក្លាយជាទិសដៅនៃការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា ! ដំណើរការក្នុងស្ថាប័នទាំងនេះជួបភាពរអាក់រអួលយ៉ាងខ្លាំង ខ្លះមួយភាគ ខ្លះទាំងស្រុងតែម្តង។ នេះបើតាមភ្នាក់ងារយ៉ុងហាប់កូរ៉េខាងត្បូង។ ពេលនេះប៉ូលិស ជំនាញបានបើកធ្វើអង្កេតមួយ ដើម្បីអាចកំណត់បានថាតើពិតជាការវាយប្រហារពីសំណាក់ពួកចោរ ព័ត៌មានវិទ្យា Hackers មែនឬយ៉ាងណា។
ក្នុងពេលភ្លាមៗដូច្នេះ សេអ៊ូលមិនទាន់ធ្វើចោទប្រកាន់ ឬក៏ទម្លាក់កំហុសដាក់អ្វី លើកូរ៉េខាងជើង នៅក្នុងសំណុំរឿងនេះទេ ប៉ុន្តែព្យុងយ៉ាង ដែលមានសកម្មភាពគំរាមកំហែងកើនឡើងឥតឈប់ឈរ តាំងពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្ម ថ្មី ធ្លាប់បានជាប់សង្ស័យថាជាអ្នករៀបចំផែនការវាយប្រហារព័ត៌មាន វិទ្យាពីរលើកប្រឆាំងនឹងកូរ៉េខាងត្បូង ម្តងនៅឆ្នាំ២០០៩ និងម្តងទៀតនៅឆ្នាំ២០១១។
ជារៀងរាល់លើក បណ្តាញអ៊ីនធឺណែតរបស់រដ្ឋាបាលសាធារណៈ និងស្ថាប័នហិរញ្ញវត្ថុ គឺជាមុខព្រួញវាយប្រហារទីមួយ។ ធនាគារNonghyu រងគ្រោះខ្លាំងមែនទែន កាលពីឆ្នាំ២០១១ដោយព័ត៌មានចាយវាយរបស់អតិថិជនដល់ទៅជាង៥លានបួន សែននាក់ ត្រូវរលប់បាត់ជាមួយរយៈ ធនាគារមិនអាចចេញវិក័យប័ត្រអ្វីបាន ឯការទូទាត់ឱ្យពាណិជ្ជករក៏មិនអាចធ្វើទៅកើត។
ការវាយប្រហារតាមអ៊ីនធឺណែតបានកើនឡើងគួរកត់សម្គាល់នៅកូរ៉េខាង ត្បូង ៖ ២៤០០០ករណីនៅឆ្នាំ២០០៨ និង៤០០០០នៅឆ្នាំ២០១២។ កូរ៉េខាងត្បូង ដែលប៉ាន់ប្រមាណថា ខាងជើងមានអ្នកឯកទេសសម្រាប់ធ្វើសង្គ្រាមព័ត៌មានវិទ្យាដល់ទៅ ប្រមាណបីពាន់នាក់ បានបង្កើតយន្តការមួយសំរាប់ទប់ស្កាត់ការឈ្លានពានអ៊ីនធឺណែតពី សំណាក់កូរ៉េខាងជើង។ ក្រោយការសាកល្បងនុយក្លេអ៊ែរកូរ៉េខាងជើងលើកទីបីបានសម្រេច កាលពីថ្ងៃ១២កុម្ភៈ ឆ្នាំ២០១៣ សេអ៊ូលបានតំឡើងភាពប្រុងប្រយ័ត្នមួយកំរិតបន្ថែមទៀត។
ចំណែក ព្យុងយ៉ាងដែលការប្រើប្រាស់អ៊ីនធឺណែតនៅមានកំរិត និងសំរាប់តែបណ្តាថ្នាក់ដឹកនាំមួយក្តាប់តូចប៉ុណ្ណោះ កាលពីសប្តាហ៍មុន បានចោទប្រកាន់ ក្រុងសេអ៊ូល និងវ៉ាស៊ីនតោនថាបានវាយប្រហារតាមអ៊ីនធឺណែតលើបណ្តាញ ផ្លូវការ រដ្ឋមួយចំនួន មានជាអាទិ៍ភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA និងក្រុមហ៊ុនអាកាសចរណ៍Air Koryo៕ដោយ អៀង សុខម៉ិញ (RFI)