លោក អូបាម៉ា បំពេញទស្សនកិច្ចនៅដើមបូព៌ាដោយដៃទទេ
គេត្រូវរង់ចាំដល់អណត្តិទីពីរទើប បានឃើញលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា អញ្ជើញទៅបំពេញទស្សនកិច្ច នៅថ្ងៃពុធទី ២០ មីនាឆ្នាំ២០១៣ នៅប្រទេសអ៊ីស្រាអែលនិងដែនដីប៉ាឡេស្ទីន។ តាំងពីជាច្រើនសប្តាហ៍ សេតវិមានបានគូសបញ្ជាក់ប្រាប់ជាមុនថា ដំណើរទស្សនកិច្ចរបស់លោកអូបាម៉ា ទៅកាន់តំបន់ដើមបូព៌ា គឺដើម្បី “ស្តាប់” មិនមែនដោយនាំយកផែនការសន្តិភាពកាន់ក្នុងដៃទៅជាមួយទេ !
មិន ដែលសោះ តាំងពីបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅឆ្នាំ២០០៩មក ដែលលោកប្រធានាធិបតីបានអញ្ជើញទៅជាន់ទឹកដីអ៊ីស្រាអែល។ អាមេរិកជាសម្ព័ន្ធមិត្ត ដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ជាអ្នកការពារអ៊ីស្រាអែល ឬអាចនិយាយបានថាជាអ្នកធានាស្ថិរភាពតំបន់ផង។ ប៉ុន្តែហេតុអ្វីបានជាដូច្នេះ ?! នេះមិនមែនមានន័យថាអាមេរិកលែងចាប់អារម្មណ៍នឹងអ៊ីស្រាអែលឡើយ គ្រាន់តែថាលោក អូបាម៉ាទំនងជាចង់ដកខ្លួនឱ្យឆ្ងាយបន្តិចពី នយោបាយអ៊ីស្រាអែល បន្តិច ព្រោះកាលពីបានជាប់ឆ្នោតលើកដំបូងភ្លាម លោកអូបាម៉ា មានទំនោរចង់ដោះស្រាយវិបត្តិអ៊ីស្រាអែលប៉ាឡេស្ទីន ដោយបានដាក់គំនាមឱ្យអ៊ីស្រាអែលបញ្ឈប់ការធ្វើអាណានិគមកិច្ច។
ដើម្បីជាការចាប់ផ្តើមសំរាប់អណត្តិថ្មី លោកអូបាម៉ា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការប្រទេសអ៊ីស្រាអែល ចាប់ពីថ្ងៃពុធនេះ។ ជាទស្សនកិច្ចដែលមានលក្ខណៈជានិមត្តិរូបបំផុត។ គ្រាន់តែទៅដល់អ៊ីស្រាអែលភ្លាម លោកអូបាម៉ា ត្រូវទៅទស្សនាមណ្ឌលផ្ទុកប្រព័ន្ធមីស្ស៊ីលប្រឆាំងមីស្ស៊ីល ដែលអាមេរិកជាផ្តល់ហិរញ្ញប្បទាន និងដែលមានប្រសិទ្ធិភាពជាក់ស្តែងតាមរយៈការចាប់គ្រាប់រ៉ូកែតរបស់ ប៉ាឡេស្ទីនពីតំបន់ហ្កាហ្សា។
បន្ទាប់មក ប្រធានាធិបតីអាមេរិក ត្រូវជួបសន្ទនាជាមួយសមភាគីអ៊ីស្រាអែល លោក ស៊ីម៉ុង ប៉េរេស (Simon Peres) លោកនាយករដ្ឋមន្ត្រី នេតាន់យាហ៊ូ (Benyamen Netanyahu) ស្តីអំពីវិបត្តិអ៊ីរ៉ង់ ស៊ីរី និងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។
នៅថ្ងៃព្រហស្បតិ៍ស្អែក លោកបារ៉ាក់ អូបាម៉ា នឹងអញ្ជើញទៅក្រុង Ramallah ដើម្បីជួបជាមួយនឹងប្រធានដែនដីប៉ាឡេស្ទីន ម៉ះមូតអាបាស មុននឹងផ្តល់សុន្ទរកថានៅចំពោះមុខនិស្សិតអ៊ីស្រាអែលនាទីក្រុង Jerusalem។ អ្នកវិភាគមួយចំនួនកំពុងមានចម្ងល់ ចំពោះការដែរលោកប្រធានាធិបតីអាមេរិក មិនអញ្ជើញទៅថ្លែងសុន្ទរកថានៅចំពោះមុខសភាអ៊ីស្រាអែល។
នៅថ្ងៃសុក្រ លោកប្រធានាធិបតីនឹងទៅគោរពផ្នូរអតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Yitzhak Rabinដែលលួចធ្វើឃាត និងអញ្ជើញវិហារ Bethléem ដ៏សក្តិសិទ្ធិ ទឹកដីនៃកំណើតព្រះយេស៊ូ តាមឧទ្ធម្ភាចក្រ ដើម្បីចៀសវាងកុំឱ្យមានការប៉ះទង្គិច ឬកំហឹងពីបណ្តាជនប៉ាឡេស្ទីន៕ដោយ អៀង សុខម៉ិញ (RFI)