ទំនាក់ទំនង​​រុស្ស៊ី​-​អាមេរិក​​ ឡើង​​តានតឹង​​មួយ​​កម្រិត​​ទៀត​​

មូលហេតុ​មកពី​មហាអយ្យកា​អាមេរិកាំង ទើប​ប្រកែក​ពុំព្រម​ធ្វើការ​ចោទប្រកាន់ ទៅ លើ​គ្រួសារ​ជាតិ​អាមេរិកាំង គឺ​ម្តាយ​និង​ឪពុក មាន​ត្រកូល​ថា Shatto ដែល​កាលពី​ខែ​តុលា ឆ្នាំ​ទៅ​មិញ ចេះ​ទទួល​បាន​កុមារា​រុស្ស៊ី​២​នាក់ ជា​បងប្អូន​បង្កើត​នឹង​គ្នា យក​ទៅ​ធ្វើជា​កូន​ចិញ្ចឹម ហើយ​ដែល​ពី​ក្នុង​២​នាក់​នោះ រំលង​តែ​៣ខែ​សោះ មាន​ម្នាក់​ស្រាប់ តែ​ស្លាប់​ទៅ។

កុមារ​ដែល​ស្លាប់​នោះ ជា​កូនបង​ឈ្មោះ​ជា​រុស្ស៊ី​ថា Maxim Kouzmine អាយុ​៣​ឆ្នាំ ក្រោយពី​ទៅដល់​អាមេរិក បាន​ទទួល​ឈ្មោះ​អាមេរិកាំង​ថា Max Shatto។ តាម​មតិ​ភាគី​រុស្ស៊ី ការ​ដែល​រដ្ឋអាជ្ញា​អាមេរិក​ពុំព្រម​ចោទ​ប្រកាន់​នឹង​ពុំព្រម​កសាង​សំណុំរឿង ​ព្រហ្មទណ្ឌ ទល់​នឹង​ឳពុកម្តាយ​នៃ​កូនចិញ្ចឹម​នោះ គឺជា​ការ​មើល ថោក​មើលស្រាល​ចំពោះ​ជីវិត​ជាតិ​រុស្ស៊ី។

តាមការ​ពន្យល់​បំភ្លឺ​នៃ​លោក​រដ្ឋអាជ្ញា Bobby Blend ៖ “គណៈ​ចៅក្រម​មាន​គ្នា​១២​នាក់ តំណាង​ឲ្យ​សាធារណជន រដ្ឋTexas ជា​រដ្ឋ​រស់នៅ​ដោយ​គ្រួសារ​អាមេរិកាំង​នោះ ដោយយោង​ទៅលើ​កោសល្យវិច័យ​ធ្វើដោយ​គ្រូពេទ្យ​លើ​សពកុមារ​នោះ បង្ហាញ​ឲ្យ​ឃើញ​ថា កុមារ Max Shatto បាន​ធ្លាក់​ខ្លួន​ស្លាប់ ទៅ​គឺ​ដោយ​មក​ពី​ឧបទ្ទវហេតុ​ជា​ចៃដន្យ​អាក្រក់​ទេតើ ដ្បិត ពេល​វាលេង​នៅ​ទីធ្លា​ផ្ទះ នា​ថ្ងៃ​ទី​២១ មករា ឆ្នាំ​នេះ វា​ស្រាប់តែ​ដួល​ត្រូវចំ​កន្លែង​ដែល​គ្រោះ ថ្នាក់​ដល់​ជីវិត​តែម្តង។ប្រាកដ​ណាស់ ដែល​កាលណា​មនុស្សស្លាប់​ដោយ​ មាន​វ័យ​នៅ​ក្មេងខ្ចី​បែបនេះ គេ​ពិតជា​មាន​បំណង​រកមុខ​អ្នក​ដែល​ជាប់​ពិរុទ្ធ​ក្នុង​មរណភាព​នេះ។ ប៉ុន្តែ ក្នុង​ករណី​ដែលមាន​ គឺ​គ្មាន​អ្វី​ជា​តឹកតាង​សម្រាប់​ធ្វើការ​ចោទប្រកាន់​ឡើយ។ កោសល្យវិច័យ​ក៏​បង្ហាញ​ថា ក្នុង​រូបកាយ​សពនោះ​គ្មាន​សោះ​ឡើយ​ស្នាម​នៃ​ជាតិពុល​ស្អីណា ដូច​ដែល​តំណាង​ពេញ​សមត្ថកិច្ច​របស់​ប្រមុខរដ្ឋ​រុស្ស៊ី​ខាង​ការពារ​សិទ្ធិ​ កុមារ លោក​មេធាវី Pavel Astakhov រមែង​បកស្រាយ​ឡើយ”។

អ្នកច្បាប់​រុស្ស៊ី​នេះ ដែលបាន​ថ្លែង​ផ្តន្ទា​ទោស​ទៅ​ហើយ​ដល់​ការ​សម្រេច ចិត្ត​របស់​រដ្ឋអាជ្ញា​ អាមេរិកាំង ពុំព្រម​ធ្វើការ​ចោទប្រកាន់​លើ​ឪពុក​និង​ម្តាយ​ជាតិ​អាមេរិកាំង មាន​ត្រកូលថាShatto ថ្ងៃ​អង្គារ​នេះ គ្រោង​ជួប​ពិភាក្សា​អំពី​សាច់រឿង​ដែល​មាន ជាមួយ​ឯកអគ្គរដ្ឋទូត​ស.រ.អា. ប្រចាំ​ក្រុង​ម៉ូស្គូ គឺ​លោក Michael McFaul។

ការស្លាប់​ទៅ​នៃ​កុមារ​រុស្ស៊ី អាយុ​ទើប​៣​ឆ្នាំ មាន​ឈ្មោះ​ដើម​ថា Maxim Kouzmine និង​បាន​ទទួល​ឈ្មោះ​អាមេរិកាំង​ថា Max Shatto គឺ​ជា​ករណី​ស្លាប់​ទី​២០ នៃ​កុមារ​រុស្ស៊ី​ដែល​ត្រូវបាន​ប្រគល់​ទៅជា​កូន​ចិញ្ចឹម នៅ​តាម​គ្រួសារ​អាមេរិកាំង បើគិត​តាំងពី​ឆ្នាំ​១៩៩៦​មក។ ហើយ​ស្លាប់នេះ តាមពិត​ជា​អត្រា​មិន​ខ្ពស់​ទេ បើ​ប្រៀប​ទៅ​នឹង​ចំនួន​កុមារ​រុស្ស៊ី​ដល់ទៅ ៦០.០០០នាក់​ឯណោះ ដែល​បាន​ឆ្លង​ទៅជា​កូនចិញ្ចឹម​នៅ​តាម​ច្រកល្ហក​ប្លែកៗ​នៃ​ស.រ.អា. ដ្បិត​ក្នុង​អំឡុង​ពេល​ដូចគ្នា​នេះ នៅតាម​គ្រួសារ​រុស្ស៊ី​ផ្ទាល់ មាន​កូនចិញ្ចឹម​ធ្លាក់​ខ្លួន​ស្លាប់ ដល់ទៅ​១.៥០០​នាក់។

ទោះយ៉ាងណា​ក្តី ក៏​រុស្ស៊ី​ជា​ប្រតិកម្ម​ទល់នឹង​ច្បាប់​អាមេរិកាំង ដែល​ប្រឆាំង​នឹង​ពួកមន្ត្រី​ខ្លួន កាលពី​ចុង​ឆ្នាំ​២០១២ កន្លង​ទៅ បាន​អនុម័ត​ច្បាប់​ដែលហាម​មិនឲ្យ​គ្រួសារ​អាមេរិកាំង អាច​សុំ​កុមារ​រុស្ស៊ី​យកទៅ​ធ្វើជា​កូនចិញ្ចឹម​ទៀត​ឡើយ។ ការអនុម័ត​ច្បាប់​ប្រឆាំងគ្នា​ទៅវិញ​ទៅមក​នេះ បាន​អូសទាញ​ទំនាក់ទំនង​រុស្ស៊ី-អាមេរិកាំង ឲ្យធ្លាក់​ក្នុង​ភាព​តានតឹង សឹង​មើល​មុខគ្នា​លែង​ចំ៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close