រុស្ស៊ីជាប់លេខ២ក្នុងលោក ខាងទំហំសព្វាវុធលក់ទៅក្រៅ
ចំណាត់ថ្នាក់នេះ មានចែងក្នុងរបាយការណ៍ទើបចេញផ្សាយដោយ “វិជ្ជាស្ថាន អន្តរជាតិក្រុង Stockholm ខាងស្រាវជ្រាវបញ្ហាសន្តិភាព” ហៅកាត់ថា SIPRI ដែលលំអិតថា ធ្លាក់មកលើចំណែករុស្ស៊ី គឺដល់ទៅ២៦% នៃទំហំសព្វាវុធលក់នៅលើទីផ្សារពិភពលោក។ រុស្ស៊ីចាញ់តែស.រ.អា.ប៉ុណ្ណោះ ដែលឱបយកទីផ្សារនេះអស់៣០%។
របាយការណ៍ របស់ “វិជ្ជាស្ថានអន្តរជាតិ ក្រុង Stockholm ខាងស្រាវជ្រាវបញ្ហាសន្តិភាព” ហៅកាត់ថា SIPRI គឺរួមក្តោបតួលេខនៃសព្វាវុធលក់ដោយ ៥ប្រទេសនាំមុខគេក្នុងលោក មាន ស.រ.អា. រុស្ស៊ី អាល្លឺម៉ង់ បារាំង ចិន ក្នុងចន្លោះឆ្នាំ២០០៨-២០១២។
ស្តីអំពីប្រទេសរុស្ស៊ីដែលចេះដណ្តើមបាន ២៦% នៃទីផ្សារនោះ វិជ្ជាស្ថាន SIPRI លំអិតថា ៖
ក្នុងទ្រង់ទ្រាយនៃការនាំចេញរបស់រុស្ស៊ីដល់ទៅជិតពាក់កណ្តាល ពោលគឺ ៤៦% ជាយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ហើយ២០% ជាប្រព័ន្ធការពារដែនអាកាស។ ត្រង់ចំណុចនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ីខាងលក់អាវុធទៅក្រៅ ហៅកាត់ថា RosOboronExport បន្ថែមថា ២៤% ជាសព្វាវុធសម្រាប់បំពាក់ទ៍ពជើងគោក និង១០% ជាសព្វាវុធសម្រាប់បំពាក់កងម៉ារីន។
សព្វាវុធរុស្ស៊ីដល់ទៅ៦៥%ឯណោះ មាននាំចេញក្នុងចន្លោះ ឆ្នាំ២០០៨- ២០១២ គឺទៅកាន់បណ្តាប្រទេសអាស៊ី និងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។ សម្រាប់រុស្ស៊ី តំបន់ដែលជាប់លេខ២ខាងទិញអាវុធពីរុស្ស៊ីគឺទ្វីបអាហ្វ្រិក – ១៧%។ ជាប់លេខ៣ គឺតំបន់ដើមបូព៌ា-៩%។
បើនិយាយឲ្យចំឈ្មោះប្រទេសវិញនោះ សព្វាវុធរុស្ស៊ីក្នុងទំហំដល់ទៅ ៣៥% មានលក់ទៅកាន់ប្រទេសឥណ្ឌា, ១៥% គឺទៅកាន់ប្រទេសចិន, ១៤% គឺទៅកាន់ប្រទេសអាល់ហ្ស៊េរី, ៦% គឺទៅកាន់ប្រទេសវៀតណាម។
តបនឹងសំណូមពររបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA Novosty ដែលសុំការពន្យល់បំភ្លឺពីវិជ្ជាស្ថាន SIPRI ផ្ទាល់ ទាក់ទងនឹងករណីប្រទេសស៊ីរីដែលល្បីខាងទទួលអាវុធពីរុស្ស៊ី សម្រាប់បង្ក្រាបពួកប្រឆាំង មានការអធិប្បាយថា ៖ អស់ជាង៥ឆ្នាំមកហើយ រុស្ស៊ីបន្តស្ថិតនៅជាប្រទេសធំបំផុត ដែលលក់អាវុធទៅឲ្យស៊ីរី គឺថា ក្នុងចំណោមសព្វាវុធដែលស៊ីរីនាំចូលពីក្រៅ មានដល់ទៅ៧១%ឯណោះ ជាអាវុធទៅពីរុស្ស៊ី។ ប៉ុន្តែ បើគិតពីទម្ងន់របស់ស៊ីរី នៅក្នុងការនាំចេញនៃអាវុធរុស្ស៊ីនោះ ស៊ីរីមានទម្ងន់តែ៣%ប៉ុណ្ណោះ ឬ២ដងទាបជាងវៀតណាម។
ថ្លែងកាលពីថ្ងៃទី១៧ធ្នូ កន្លងទៅ ក្នុងកិច្ចប្រជុំនៃគណៈកម្មការរដ្ឋរុស្ស៊ីខាងសហប្រតិបត្តិការ វិស័យបច្ចេកទេសយោធា លោកប្រធានាធិបតីពូទីនបានលើកឡើងអំពីតុល្យាការនៃការលក់អាវុធ រុស្ស៊ីក្នុងឆ្នាំ២០១២ ដោយបានទឹកប្រាក់ដល់១៤.០០០លានដុល្លារគឺលើសពីមានគ្រោងទុកទៅផង សូម្បីរុស្ស៊ីទើបបាត់ បង់ ទីផ្សារនេះនៅប្រទេសអ៊ីរ៉ង់ លីប៊ី និង អារ៉ាប៊ីសាអ៊ូឌីត ក្តី។ បច្ចុប្បន្ន រុស្ស៊ីលក់អាវុធខ្លួនទៅកាន់ ៨៨ប្រទេសក្នុងលោកពីក្នុងនោះ៥៧ជាម៉ូយ អចិន្ត្រៃយ៍៕ ដោយ កែវ ឆាយា (RFI)