តៃវ៉ាន់​នឹង​ដាក់​មីស៊ីល​រយៈ​ចំងាយ​មធ្យម​ ៥០​ តំរង់​ទិស​ទៅ​រក​ចិន​

នៅ​ថ្ងៃ​ចន្ទ​នេះ យោង​តាម​សារព័ត៌មាន​​មួយ​​​ប្រចាំ​នៅ​កោះ​តៃវ៉ាន់ ចាប់​ពី​ឆ្នាំ​​២០១៤​ទៅ តៃវ៉ាន់​នឹង​ដាក់​មីស៊ីល​ដែល​បាញ់​បាន​ចំងាយ​មធ្យម​ ​ចំនួន​ ៥០​គ្រឿង ​​​​តំរង់​ទិស​ទៅ​រក​​មូលដ្ឋាន​ទាហាន​នានា​ ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ចិន។​ មីស៊ីល​​ទាំង​នេះ​ មាន​ឈ្មោះ​ថា Yun Feng អាច​បាញ់​បាន​ចំងាយ​រហូតដល់​​ជាង​មួយ​ពាន់​គីឡូម៉ែត្រ។

បើ ​យោង​តាម​សារព័ត៌មាន​​ China Times ដែល​ជា​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​​​នៅ​តៃវ៉ាន់ មីស៊ីល​រយៈ​ចំងាយ​​មធ្យម​​ចំនួន​៥០​ ដែលតៃវ៉ាន់​​​ត្រៀម​​​​នឹង​ដាក់​តំរង់​ទិស​ទៅ​រក​ប្រទេស​ចិន​នោះ អាច​បាញ់​បាន​ចំងាយ​​​ជាង​មួយ​ពាន់​គីឡូម៉ែត្រ។

មីស៊ីល ​ទាំង​នេះ មាន​ឈ្មោះ​ថា Yun Feng ​​ ច្នៃប្រឌិត​ឡើង​ដោយ​វិទ្យាស្ថាន​សាធារណៈ​ផ្នែក​បច្ចេកទេស​និង​វិទ្យាសាស្ត្រ ​​ Chung-San ដោយ​មាន​ជំនួយ​ពី​ប្រទេស​មួយ​​នៅ​អឺរ៉ុប។ ប៉ុន្តែ ​គេ​មិន​បាន​ប្រាប់​ឈ្មោះ​របស់​ប្រទេស​នោះ​ឡើយ។

​ចាប់​ពី​ឆ្នាំ​ ២០១៤​ទៅ មីស៊ីល​​ទាំង​នេះ​នឹង​ត្រូវ​ដាក់​នៅ​តាម​ភ្នំ​នានា​ដែល​ស្ថិត​នៅ​កណ្តាល​កោះ ​តៃ​វ៉ាន់​​ ហើយ​មីស៊ីល​ទាំង​នេះ​នឹង​​បែរ​ទិស​ទៅ​រក​មូលដ្ឋាន​ទាហាន​នានា​ ក្នុង​នោះ​មាន​អាកាសយានដ្ឋាន​ និង​មូលដ្ឋាន​មីស៊ីល​​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរ​​​ភាគ​អាគ្នេយ៍​​ប្រទេស​ចិន។

យោង​តាម​សារព័ត៌មាន​​​ China Times ​ តៃវ៉ាន់​បាន​​​​​​ច្នៃប្រភេទ​​​មីស៊ីល​​​នេះ​ឡើង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​​កំហែង​របស់​ចិន។ គួរ​រំលឹក​ថា កាល​ពី​ឆ្នាំ​ ១៩៩៦ ចិន​បាន​បាញ់​មីស៊ីល​នៅ​ក្បែរ​ដែន​ដី​កោះ​តៃវ៉ាន់ ដែល​ជា​ការ​គំរាម​មួយ​ដល់​កោះ​នេះ។ ថ្មីៗ​នេះ​ដែរ អឌិត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ លោក Michael Tsai បាន​​​សរ​សេរ​នៅ​ក្នុង​សៀវភៅ​មួយ​​ថា នៅ​ឆ្នាំ​ ២០០៨ តៃវ៉ាន់​​សំរេច​បាន​នូវ​មីស៊ីល​​ដែល​បាញ់​បាន​ចំងាយ​​មធ្យម​ សំរាប់​បាញ់សំដៅ​​ទៅ​រក​ចិន។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​បដិសេធ​ មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ទាក់ទង​នឹង​ព័ត៌មាន​ដែល​លើកឡើង​ដោយ​​ កាសែត​​ China Times។ ដោយឡែក​ យោង​តាម​​អ្នក​ជំនាញ​យោធា​នានា ប្រទេស​ចិន​មាន​មីស៊ីល​ចំនួន​​​​​​ ១៦០០ បែរ​ទិស​មក​រក​កោះ​តៃវ៉ាន់។

កោះ​តៃវ៉ាន់​បាន​​​​​​ផ្តាច់​ខ្លួន​​ឯករាជ្យ​​ពី​ចិន កាល​ពី​ឆ្នាំ​​១៩៤៩។ ប៉ុន្តែ​ ចិនបាន​​​ចាត់​ទុក​ថា​​តៃវ៉ាន់​ជា​​កោះ​ឧទ្ទាម​​​ ហើយ​មិន​​បាន​បដិសេធ​នឹង​ការ​ប្រើប្រាស់​​កម្លាំង​បាយ​​ ដើម្បី​​នឹង​​យក​​​កោះ​នេះ​មកវិញ​នោះ​ឡើយ៕ដោយ ព្រំ សឿន សូលីណា​(RFI)

Related Articles

Back to top button
Close
Close