ពលរដ្ឋបុរីកីឡាទាមទារ​ឲ្យតុលាការក្រុងដោះ​ស្រាយបណ្តឹងប្តឹងក្រុម​ហ៊ុនផានអ៊ីមិច

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​១២ មីនា ​២០១២ ប្រជាពលរដ្ឋ​បុរី​កីឡា​ប្រមាណ​ជា ៥០ នាក់ បាន​​នាំគ្នា​ទៅ​ប្រមូលផ្តុំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ធ្វើការ​ដោះស្រាយ ចំពោះ​ពាក្យបណ្តឹង​ដែល​បាន​ប្តឹង​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន អ៊ី​មិច ដែល​បានធ្វើការ​ឈូសឆាយ​បំផ្លិច​ផ្លាញ​ផ្ទះសម្បែង និង​ទ្រព្យ​សម្បត្តិ​របស់​ពួកគាត់ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១២។

​បន្ទាប់ពី​មានការ​ប្រមូល​ផ្តុំគ្នា ​​លើក​បដារ​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​បណ្តឹង និង​មានការ​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ឯករាជ្យ​នោះ តំណាង​ប្រជាពលរដ្ឋ ២​នាក់ ត្រូវបាន​ហៅ​ឲ្យ​ចូលទៅក្នុង​តុលាការ​ដើម្បី​ពិភាក្សា​។​

អ្នកស្រី ជុំ ង៉ាន់ ​​តំណាង​ប្រជាពលរដ្ឋ ​ដែលបាន​ចូលទៅក្នុង​តុលាការ ​បាន​និយាយ​ថា អ្នកស្រី​​​ក្រឡាបញ្ជី​ឈ្មោះ ហុង ប៊ុនហួរ​ បាន​ប្រាប់​​គាត់​ថា តុលាការ​កំពុងតែធ្វើកា​រ ពី​ព្រោះ​ខាង​ក្រសួងមហាផ្ទៃ​ចុះមក​ធ្វើ​បញ្ហា​ប្រជាពលរដ្ឋ​បុរី​កីឡា នៅថ្ងៃ ​១២ មីនា​ នេះ​​ បើសិនជា​ថ្ងៃនេះធ្វើ​មិន​ហើយឲ្យ​ទូរស័ព្ទ​សួរ​គាត់​នៅ​ម៉ោង ២​សៀ​ល ដើម្បី​ឲ្យ​ដឹង​ដំណឹង​។​

ចំណែក​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន អ៊ី​មិច បាន​ឲ្យ​ដឹងថា បញ្ហា​ប្រជា​ជន​ដែល​នៅ​សេសសល់​វា​មាន​ជាង ១៨​គ្រួសារ​ទេ មិន​ដូចជា​ការលើកឡើង​រប​ស់​ប្រជាជន​ទេ​។ អ្វីដែល​ប្រជាជនមាន​ឯកសារ​គ្រប់គ្រាន់ ក្រុមហ៊ុន​មិន​ខ្វះ​ផ្ទះ​ជូន​ពួកគាត់​ទេ សង់ ៨​អគារ ហើយក៏​នៅសល់​បន្ទប់​ដែរ​។ ការដែល​ក្រុមហ៊ុន​ធ្វើ​អ្វី​ក៏ដោយ គឺមាន​ការវាយតម្លៃ​ពី​សុរិយោដី ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រឹមត្រូវ បាន​ក្រុមហ៊ុន​ធ្វើ មិនមែន​ចេះតែ​ធ្វើតាម​អំពើ​ចិត្ត​បានទេ​។​

​​ សូមបញ្ជាក់​ថា ការ​ប្តឹងផ្តល់​ក្រុមហ៊ុន ផាន អ៊ី​មិច ពី​សំណាក់​ប្រជាពលរដ្ឋ​បុរី​កីឡា​បាន​កើតឡើង បន្ទាប់ពី​ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ ទៅ​ឈូសឆាយ​ផ្ទះ​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១២៕​

Related Articles

Back to top button
Close
Close