អាមេរិកពង្រឹងប្រព័ន្ធការពារមីស៊ីលសម្រាប់ទប់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង
នៅថ្ងៃសុក្រ ទី១៥ មីនាម្សិលមិញ សហរដ្ឋអាមេរិកបានសម្រេចពង្រឹងប្រព័ន្ធការពារមីស៊ីលរបស់ខ្លួនដោយ ដាក់ពង្រាយបន្ថែមនូវប្រព័ន្ធចាប់មីស៊ីលនៅតាមបណ្តោយឆ្នេរប៉ែកខាង លិចរបស់ខ្លួន។ គោលដៅគឺដើម្បីប្រឈមទប់នឹងការវាយប្រហារនុយក្លេអ៊ែរជាយថាហេតុពី សំណាក់កូរ៉េខាងជើង។
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានបដិសេធមិនបង្ហាញក្តីបារម្ភរបស់ខ្លួនចំពោះការ គំរាមកំហែងវាយប្រហារនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើងទេ។ ប៉ុន្តែទន្ទឹមគ្នានេះ ទីក្រុងវ៉ាស៊ីនតោនក៏មិនបានមើលស្រាលចំពោះសមត្ថភាពរបស់ទីក្រុង ព្យុងយ៉ាងដែរ។ កាលពីសប្តាហ៍កន្លងទៅ វិមានប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ដែនដីអាមេរិកំាងមិនបានទទួលរងការគំរាមកំហែងដោយផ្ទាល់ទេ និងថា អាមេរិកមានលទ្ធភាព សមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួនប្រឆំាងទប់នូវគ្រប់ការ វាយប្រហារមីស៊ីលពីសំណាក់កូរ៉េខាងជើង។
តាមលោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Chuck Hagel ការដែលទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងកំាជ្រួចមីស៊ីលអន្តរទ្វីប និងការសាកល្បងនុយក្លេអ៊ែរប្រកបដោយជោគជ័យនាពេលកន្លងមក បានបញ្ជាក់យ៉ាងច្បាស់អំពីការរីកចម្រើននៅក្នុងវិស័យនេះរបស់របប ក្រុងព្យុងយ៉ាង។ គឺដើម្បីប្រឈមទប់នឹងការវាយប្រហារនុយក្លេអ៊ែរជាយថាហេតុពីសំណាក់ កូរ៉េខាងជើងនេះហើយ បានជាលោក Chuck Hagel បានប្រកាសចេញនូវវិធានការមួយចំនួនដើម្បីការពារដែនដីអាមេរិកំាងតាម រយៈការដាក់បន្ថែមនូវប្រព័ន្ធមីស៊ីលប្រឆំាងមីស៊ីលរបស់ខ្លួន។
វិធានការទី១ បង្កើនបន្ថែមចំនួនប្រព័ន្ធចាប់មីស៊ីលនៅក្នុងរដ្ឋអាឡាស្កាពីចំនួន ៣០ នាពេលបច្ចុប្បន្ន ទៅចំនួន ៤៤ ចាប់ពីពេលនេះ ទៅទល់នឹងឆ្នំា ២០១៧។
វិធានការទី២ ដាក់បន្ថែមប្រព័ន្ធរ៉ាដាទី២ប្រភេទ TPY-២ នៅមូលដ្ឋានយោធាអាមេរិកស្ថិតប៉ែកពាយ័ក្យទីក្រុងក្យូតូប្រទេសជប៉ុន។ ប្រព័ន្ធរ៉ាដាប្រភេទ TPY-២ នេះក៏នឹងត្រូវដំឡើងនៅក្នុងប្រទេសតួកគីដែរ នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីរបស់អង្គការអូតង់ក្នុងគោលដៅប្រឆំាង នឹងការគំរាមកំហែងកំាជ្រួចអន្តរទ្វីបរបស់ប្រទេសអ៊ីរ៉ង់។
វិធានការទី៣ រៀបចំកែសម្រួលឡើងវិញនូវប្រព័ន្ធចាប់មីស៊ីលប្រភេទ SM៣ ដែលដាក់នៅលើនាវាពិឃាតអាមេរិកំាង និងវិធានការចុងក្រោយ គឺការសិក្សាស្វែងរកទីតំាងថ្មីក្នុងស្រុកដើម្បីដាក់ពង្រាយគ្រាប់ មីស៊ីលប្រភេទ GBI។ ទំាងនេះសុទ្ធ សឹងជាវិធានការថ្មីរបស់អាមេរិកសម្រាប់ប្រឈមទប់នឹង គ្រប់ការវាយប្រហារកំាជ្រួច មីស៊ីលអន្តរទ្វីប និងនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង ៕ ដោយ គួច គន្ធារ៉ា (RFI)