លោក Xi Jinping ឡើងកាន់តំណែងផ្លូវការជាប្រធានាធិបតីជំនួសលោកហ៊ូជីនតាវ
នៅប្រទេសចិន នៅថ្ងៃព្រហស្បតិ៍១៤មីនា សភាប្រជាមានិតចិន បានបោះឆ្នោតជ្រើសតាំងជាផ្លូវការលោក Xi Jinping ឲ្យឡើងកាន់តំណែងជាប្រធានា ធិបតីថ្មីជំនួសលោកហ៊ូ ជីនតាវ។ ជាពិធីតែងតាំងមួយសំរាប់ប្រមុខដឹកនាំំថ្មីនៃគណ បក្សកុម្មុយនិស្ត ចិនដើម្បីបិទបញ្ចប់សម័យអន្តរកាលនិងបើកទំព័រ ថ្មីក្រោម ការដឹកនាំរបស់លោក xi Jinping។
មាន អាយុ ៥៩ឆ្នាំ លោក Xi Jinping ជាអ្នកបន្តស្នងពីលោកហ៊ូជិនតាវនិងអមដោយលោក Keqiang ជានាយករដ្ឋមន្ត្រីចិន ដែលសភាកុម្មុយនិស្តចិននឹងត្រូវតែងតាំងនៅថ្ងៃសុក្រស្អែក។ លោក Keqiang នេះ ជាអ្នកបន្តតំណែងពីអតីត នាយករដ្ឋមន្ត្រី Wen Jiabao ។
ជាប់ឆ្នោតជាប្រមុខគណបក្សកុម្មុយនិស្តចិន នៅនាឱកាសសមាជបក្សលើកទី១៨កាលពីខែវិច្ឆិកា២០១២ លោក Xi Jinping បានទទួលមុខតំណែងជាស្វ័យប្រវត្តិជាប្រធានាធិបតីនៃប្រទេសចិននិង ក៏ជាប្រធានអង្គការស្ថាប័ណរដ្ឋទាំងអស់ ដែលស្ថិតនៅក្រោមអំណាចនៃគណបក្សកុម្មុយនិស្តចិនដែលជា គណបក្ស តែមួយគត់នៅក្នុងប្រទេស។
ប្រកបដោយឋានៈជាប្រមុខរដ្ឋចិន លោក Xi Jinping នឹងតំណាង ឲ្យប្រទេសចិនចាប់ពីអំណេះតទៅនៅលើឆាកអន្តរជាតិនិងមានអំណាច គ្រប់យ៉ាងទាំងអស់នៅក្នុងការគ្រប់គ្រងប្រទេសនារយៈពេល១០ ឆ្នាំទៅមុខ។
លោក Xi Jinping ដែល ខុសពីប្រមុខដឹកនាំមុនៗ នៅពេលជាប់ឆ្នោតជាអគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តចិនជាស្ថាពរ ហើយបានឡើងកាន់តំណែងភ្លាម ជាប្រមុខនៃគណកម្មការកណ្តាលនៃកងទ័ពចិនដ៏មានឥទ្ធិពល។
ម្យ៉ាងទៀតនៅក្នុងដំណើរទស្សនកិច្ចជាលើកតំបូងនៅបរទេស លោក Xi Jinping ក្នុងនាមជាប្រធានាធិបតីប្រទេសចិននឹងគ្រោងទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ ចាប់ពីពេលនេះរហូតដល់ចុង ខែ មីនា និងបន្ទាប់មកនៅទ្វីប អាហ្រិក ។
គួររំលឹកថា នៅពេលទទួលមុខតំណែងជាប្រមុខនៃគណបក្សកុម្មុយនិស្តចិន កាលពីខែវិច្ឆិកាឆ្នាំមុននេះ លោក Xi Jinping បានទទួលស្គាល់ដែរថា ក្រុមថ្មីរបស់លោក ត្រូវប្រឈមមុខនឹងការទទួលខុសត្រូវយ៉ាងធំធេងក៏ព្រមទាំងបញ្ហា ធ្ងន់ៗ អាទិ៍ អំពើពុករលួយដែលរីករាលដាលយ៉ាងខ្លាំងនៅក្នុងជួររបស់លោក ។អំពើ ពុករលួយដែលលោកអះអាងថា នឹងគំរាមដល់ជីវិតគណបក្សដែលដឹកនាំប្រទេស និងរបបចិនកុម្មុយនិស្ត។ លោក Xi Jinping បានបញ្ជាក់ផងដែរ អំពីទឹកចិត្តខ្វល់ខ្វាយរបស់លោកចំពោះ បញ្ហាវិសមភាពនៅក្នុងសង្គម ជាពិសេសបញ្ហាប្រជាជនក្រីក្រដែលជួបនឹងបញ្ហាហិរញ្ញវត្ថុ បញ្ហាអត់ការងារ ធ្វើនិងបញ្ហាខ្វះទីលំនៅសំរាប់ជ្រកកោនជាដើម។
ទោះជាយ៉ាងណាក្តី ប្រមុខរដ្ឋថ្មីនៃប្រទេសចិន ដែលជាអ្នកប្រកបដោយឆន្ទះដ៏មុះមុត នឹងខិតខំប្រឹងប្រែងតទៅមុខទៀត ដើម្បីបន្តការ ដោះស្រាយ បញ្ហាទាំងអស់នេះឲ្យបានជោគជ័យដែរ៕ដោយ នុយ ប៊ែរណាដែត (RFI)